កម្ពុជា​-ចិន​បង្កើន​​​សហប្រតិបត្តិការ​​អភិវឌ្ឍ​​បច្ចេកវិទ្យា ​​និង​​ជំរុញ​​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​​ឌីជីថល​

វេទិកា​​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថលចិន-កម្ពុជា និង​ពិធី​សម្ពោធ​សមាគម​ឧស្សាហកម្ម​សេដ្ឋកិច្ច​ឌីជីថល​ចិន-​កម្ពុជា បាន​ប្រកាស​បើក​ដំណើរការនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព​របស់​លោកឧបនាយករដ្ឋមន្ត្រី​ អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា។

កម្មវិធីនេះ​រៀបចំដោយ​សភា​ពាណិជ្ជកម្ម​ចិន​ (កម្ពុជា) ​និងសមាគម​ឧស្សាហកម្ម​សេដ្ឋកិច្ច​ឌីជីថល​ចិន-កម្ពុជា ធ្វើឡើង​ក្នុង​គោលដៅ​​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​និងចិន​បន្ថែម​ទៀត​ ជាពិសេស​លើ​ផ្នែក​បច្ចេកវិទ្យានិង​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៃ​ប្រទេស​ទាំង​ពីរ។

លោក អូន ព័ន្ធ​មុនីរ័ត្ន ​បាន​កត់​សម្គាល់​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ បច្ចេកវិទ្យា​​ឌីជីថល​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​បាន​ក្លាយ​ជា​ជន្ទល់​ថ្មី​មួយ​បន្ថែម​សម្រាប់​គាំទ្រ​កំណើន​និង​ធានា​ភាព​ធន់​នៃសេដ្ឋកិច្ច។

លោកមាន​ប្រសាសន៍ថា បច្ចេកវិទ្យា​ឌីជីថល​បាន​ជំរុញ​នវានុវត្តន៍​ថ្មីៗដែល​រូម​ចំណែក​បង្កើត​តម្លៃ​បន្ថែម បង្កើត​ផលិតភាព ​ប្រសិទ្ធភាពការងារ និង​ក្លាយ​ជា​កត្តា​ជំរុញ​ការ​តភ្ជាប់​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​សេដ្ឋកិច្ច​សកល។

លោក​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នីតិកាល​កាល​ទី៦ បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ក្រប​ខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​កម្ពុជា ​(២០២១- ២០៣៥) និង​គោលនយោបាយ​រដ្ឋាភិបាល​​ឌីជីថល (២០២២-២០៣៥) ដែល​ជា​ឯកសារ​គោលនយោបាយ​រយៈពេល​វែង​ សម្រាប់​ជា​ត្រី​វិស័យ​រៀបចំ​បរិវត្តកម្ម​ឌីជីថល​កម្ពុជា។

លោក អូន ព័ន្ធ​មុនីរ័ត្ន បញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​នីតិកាល​ទី៧ ក៏​បាន​ដាក់​ចេញ​​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី១ ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និង ​ចីរភាព ដោយ​ផ្តោត​សំខាន់​លើ​របៀប​វារៈ​ធានា​ប្រសិទ្ធភាព​សមិទ្ធកម្ម​តាម​រយៈ​ការ​អនុវត្ត​អភិក្រម ឆ្លុះ​កញ្ចក់ ងូត​ទឹក​ ដុះ​ក្អែល ព្យាបាល ​និង ​វះកាត់។ លោកបន្ថែមថា យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​ទី១ បាន​កំណត់​អាទិភាព​គន្លឹះ​ ៥ គឺ មនុស្ស ផ្លូវ ទឹក​ ភ្លើង ​និង ​បច្ចេកវិទ្យា ជាពិសេស​បច្ចេកវិទ្យា​ឌីជីថល។ បច្ចេកវិទ្យា​ឌីជីថល​ត្រូវ​បាន​កំណត់​ជា​អាទិភាព​គន្លឹះ​ថ្មី​មួយ ដើម្បី​ឆ្លើយតប​បដិវត្ត​កម្ម​ឧស្សាហកម្ម​ទី៤ និង​បរិវត្ត​កម្ម​​ឌីជីថល​នៃ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា ក៏​ដូចជា​ឆ្លើយតបនឹង​តម្រូវការ​លើក​កម្ពស់​ផលិតភាព​សេដ្ឋកិច្ច​ដែល​ជា​គ្រឹះ​និង​ជា​មធ្យោបាយ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០។

លោក វ៉ាង វិនពីន បាន​ថ្លែងថា​ បច្ចុប្បន្ន​រង្វង់​ជុំថ្មីមួយ​នៃការអភិវឌ្ឍ​ស៊ីជម្រៅ​នូវ​បដិវត្ត​បច្ចេកវិទ្យា​និង​បរិវត្តកម្ម​ឧស្សាហកម្ម បានប្រែក្លាយ​សេដ្ឋកិច្ច​ឌីជីថល​​ទៅជា​ចំណុច​កំណើតថ្មី​នៃសេដ្ឋកិច្ច​សកល បរិវត្តកម្ម​សង្គម​ឌីជីថល​​គឺជានិន្នាការ​រួមទៅហើយ។ ទន្ទឹមនឹងនេះ ខណៈ​ដែល​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី១​របស់​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យកការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​ឌីជីថល​ និង​ការកសាង​សង្គម​ឌីជីថលជាអាទិភាព​គន្លឹះមួយ​ក្នុងចំណោម​អាទិភាព​​គន្លឹះ​ផ្សេង​ទៀត​ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​សារៈ​សំខាន់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​វិស័យ​ឌីជីថល ជំរុញ​ការបង្កើត​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឌីជីថល ដើម្បីបង្កើត​លក្ខខណ្ឌ​កាន់តែ​ល្អប្រសើរ​ដល់ការ​ជំរុញ​ការបើប្រាស់​បច្ចេកវិទ្យា​ឌីជីថល។

លោកបានលើកឡើង​ថា កិច្ច​សហប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច​ឌីជីថល​រវាង​ប្រទេស​ចិន​និង​កម្ពុជា ទទួល​​បាន​ការ​រីកចម្រើន​យ៉ាងលឿន។ ​ភាគីចិន​បានសកម្ម​ក្នុងការ​ចូលរួម​ចំណែក​កសាង​ប្រព័ន្ធ​បណ្តាញ​ទូរសព្ទ​ចល័ត​នៅ​ក្នុង​ប្រទេស​​កម្ពុជា និងកំពុង​​​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​នូវគោលដៅ​ពង្រីក​អត្រា​គ្របដណ្ដប់​ប្រព័ន្ធ​អ៊ីនធឺណិត​​ល្បឿនលឿន​នៅតំបន់​ទីក្រុង​​ឱ្យបាន​​១០០% និងតំបន់​ជនបទ​ឱ្យបាន​៧០%​នា​ឆ្នាំ២០២៥។

លោកបញ្ជាក់​បន្ថែមថា ក្រុមហ៊ុន​ចិន​ដែល​វិនិយោគ​នៅ​កម្ពុជា កំពុងតែ​បញ្ចេញ​អស់សមត្ថភាព​របស់​ខ្លួន​​ដែលមាន​​ឧត្តមភាព​ខាងបច្ចេកវិទ្យា ឱ្យអនុវត្ត​និង​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យា​ក្លោដ (Cloud Technology) និង​ការទូទាត់​ប្រាក់ចល័ត ដែលជួយ​ប្រទេស​កម្ពុជា​ក្នុងការ​លើកកម្ពស់​កម្រិត​បច្ចេកវិទ្យា​ឌីជីថល និងសម្រេចបាន​បរិវត្តកម្ម​ឌីជីថល​ជាបន្ត​បន្ទាប់។

ចំពោះ​​ការបង្កើត​សមាគម​ឧស្សាហកម្ម​សេដ្ឋកិច្ច​ឌីជីថល​ចិន-កម្ពុជា លោក វ៉ាង វិនពីន អះអាង​ថា គឺចំ​ពេលវេលា​ដែលត្រឹមត្រូវ វាបាន​បង្ហាញ​កាន់តែ​ច្បាស់​អំពី​ការផ្តល់​សារៈ​សំខាន់​កាន់តែ​ខ្លាំង​ទៅលើ​កិច្ចសហប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច​​ឌីជីថល​​រវាង​ប្រទេស​ចិន​និង​កម្ពុជា។

គួររម្លឹកថា នៅដើមឆ្នាំ២០២៤នេះ កម្ពុជា-ចិន​សម្រេចបាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ ៩,៨ ប៊ីលានដុល្លារ​អាម៉េរិក កើនឡើង១៣,២% បើធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០២៣ ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅ​ចិន​មានទំហំ ១,២៧ ប៊ីលាន​ដុល្លារ កើនឡើង២១% ខណៈ​ការនាំចូល​ពីចិន​មកវិញ​​មាន​ទំហំ ៨,៥២ ប៊ីលាន​ដុល្លារ កើនឡើង១២%​៕

你可能还喜欢

评论被关闭。