សម្ដេច ប៊ុន រ៉ានី៖ ការដង្ហែអង្គកឋិនទៅកាន់វត្តខ្មែរក្រោម ឆ្លុះបញ្ចាំងពីមហាសាមគ្គីគ្រួសារខ្មែរក្រោមម្លប់សន្តិភាព

«អង្គកឋិន​មហា​សា​​ម​គ្គីគ្រួ​សារខ្មែរ» ត្រូវបាន​ដង្ហែ​ទៅដល់​វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ ប្រទេស​វៀតណាម​ហើយ នារសៀល​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការ​ដឹកនាំ​របស់​សម្ដេច​កិតិ្តព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា និងមន្ត្រី ថ្នាក់ដឹកនាំ​នៃរាជរដ្ឋាភិបាល​កម្ពុជា។

 

ក្នុងពិធី​សំណេះសំណាល​ជាមួយ​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ក្នុងអង្គកឋិនទាន​នៅវត្ត​ពោធិគិរីវង្សារាម សម្ដេច ប៊ុន រ៉ានី បានថ្លែង​ថា អង្គកឋិនទាន​មហាសាមគ្គី​គ្រួសារខ្មែរ ដង្ហែ​ទៅកាន់​វត្តខ្មែរក្រោម បានឆ្លុះបញ្ចាំង​ឱ្យឃើញ​ពីការ​ជួបជុំ​នៃប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី ប្រកបដោយ​ភាតរភាព មិត្តភាព និង សាមគ្គីភាព​ក្រោមដំបូល​សុខសន្តិភាព។

សម្តេច​មានប្រសាសន៍​ថា រាជរដ្ឋាភិបាល​និង​ប្រជាជន​ខ្មែរ​នៅកម្ពុជា​និងនៅគ្រប់​ទិសទី​ តែងតែ​នឹករឭក​គ្នានិង​តែងស្កាត់​ជួបជុំគ្នា​នៅក្នុងឱកាស​ពិធីបុណ្យទាន ជាពិសេស​ពិធីបុណ្យ​ធំៗ​ដូចជាបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ និង បុណ្យ​កឋិនទាន​នេះជាដើម។ ជាក់ស្ដែង អង្គកឋិនទាន​មហាសាមគ្គី​គ្រួសារ​ខ្មែរនេះ​ ជាអង្គកឋិនទាន​ជាប្រវត្តិសាស្រ្ត​ដែលប្រព្រឹត្ត​ទៅ​ដើម្បី​ភាតរភាព មិត្តភាព និង សាមគ្គីភាព​ក្នុងចំណោម​មហា​ពុទ្ធបរិស័ទ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោមដំបូល​នៃសុខសន្តិភាព។

សម្តេច ប៊ុន រ៉ានី ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ខ្មែរក្រោម ដែលបាន​បន្ត​ថែរក្សា​បានវប្បធម៌​ប្រពៃណី​ខ្មែរ តជំនាន់​មកនេះ និងបាន​អរគុណ​ចំពោះ​រដ្ឋាភិបាល​និង​អាជ្ញាធរ​គ្រប់ជាន់ថ្នាក់​របស់​វៀតណាម ដែលបាន​បង្កភាព​ងាយស្រួល​ដល់ពលរដ្ឋខ្មែរ​ក្រោមរស់នៅ​និងគោរព​ប្រតិបត្តិ​សាសនា វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្លួន​ជារៀង​រហូតមក និងបន្ត​ថែរក្សា​ពូនជ្រុំ​ឱ្យរីកចម្រើន​រាប់ជំនាន់​ទៅមុខទៀត​ ដើម្បី​ចូលរួម​ចំណែក​នៅក្នុងការ​ថែរក្សា​បេតិកភណ្ឌ​ដែលមនុស្សជាតិ​មាន។

គួរជម្រាបថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេច ប៊ុន រ៉ានី បានដឹកនាំ​ដង្ហែ​អង្គកឋិនទាន​ទៅ​ដល់​វត្តពោធិគិរីវង្សារាម ហើយប្រារព្ធ​ពិធី​សាសនា​តាមប្រពៃណីខ្មែរ។ ព្រឹកថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេច​បានរៀបចំ​ប្រគេន​យាគូ​ព្រះសង្ឃ​នៅវត្តស្វាយសៀមថ្មី បន្ទាប់​មក​​ដង្ហែ​អង្គកឋិនទាន​ប្រទក្សិណ​ជុំវិញ​ព្រះវិហារ​និង​វេរ​ប្រគេន​អង្គកឋិនទាន​ដល់ព្រះសង្ឃ៕

你可能还喜欢

评论被关闭。