កម្ពុជាចង់ឱ្យចិនបង្កើនការវិនិយោគលើការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា

កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង នវានុវត្តន៍ បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា និងបានជំរុញភាគី​ចិនឱ្យបង្កើន​ការវិនិយោគ​លើវិស័យ​ឧស្សាហកម្ម​ និង​បច្ចេកវិទ្យា។

លោក ហែម វណ្ណឌី បានលើក​ទឹកចិត្ត​ដល់វិនិយោគិនចិន​បន្ត ​និង​បង្កើន​ការវិនិយោគ​លើការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​រក្សា​បាននូវ​និរន្តភាព​​សេដ្ឋកិច្ច​។​

លោកបាន​មានប្រសាសន៍​ថា ​កម្ពុជា-ចិន​​មាន​ទំនាក់ទំនង​​មិត្តភាព​​ដ៏រឹងមាំ​និង​​យូរអង្វែង ហើយការ​អភិវឌ្ឍ​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា ​គឺជា​ចន្ទល់​សំខាន់​នៃកិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ​រវាង​ប្រទេស​ទាំងពីរ។​

លោកលើកឡើង​ថា ការវិនិយោគ​ដែលមាន​ប្រភព​ទុន​ពីប្រទេសចិន​ក្នុង​វិស័យ​កម្មន្តសាល​ឈរលំដាប់​ទី១​នៅ​កម្ពុជា ហើយវិស័យ​នេះនឹង​បន្ត​នាំមុខ​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នាពេលអនាគត។ ខណៈដែល​កម្ពុជា​កំពុង​ត្រៀមចាកចេញ​ពីចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅឆ្នាំ២០២៩ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មិត្តចិន​ពិតជា​មានសារៈ​សំខាន់ ជាពិសេស​ក្នុងការ​បង្កើន​សមត្ថភាព​ផលិត​វត្ថុធាតុដើម​ក្នុងស្រុក ដើម្បី​បំពេញ​លក្ខខណ្ឌ​តម្រូវ​កាន់តែ​ខ្ពស់​របស់​ទីផ្សារ។

លោក វ៉ាង វិនពីន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​កន្លងមក និងបាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា​ដែលបាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ចិន ក្នុងក្របខណ្ឌ​នៃកិច្ចសហប្រតិបត្តិការ​អន្តរជាតិ។

លោកបាន​ស្នើឱ្យ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​ដែលរដ្ឋាភិបាល​ចិន​នឹងរៀបចំ​នាពេល​ខាងមុខ រួមទាំង​កិច្ចប្រជុំ​ច្រករបៀង​នវានុវត្តន៍ មេគង្គ-ឡានឆាង និងសន្និសីទ​បញ្ញាសប្បនិម្មិត (AI) នៅក្នុង​ឆ្នាំ២០២៥ផងដែរ។

លោក ហែម វណ្ណឌី និងលោក វ៉ាង វិនពីន ក៏បាន​ពិភាក្សា​លើតួនាទី​នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្នុងការ​ជំរុញ​កំណើន​របស់​កម្ពុជា ដោយលោក​បានស្នើឱ្យ​ភាគីទាំងពីរ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ជាក់លាក់​មួយចំនួន ដូចជា​ស្តង់ដា​នីយកម្ម មាត្រាសាស្ត្រ សេវា​មន្ទីរ​ពិសោធន៍ និង សេវាទឹកស្អាត៕

你可能还喜欢

评论被关闭。