ក្នុងខែតុលា ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងចំនួន ៣១ មានទុនវិនិយោគសរុបប្រមាណ ២២៦ លានដុល្លារ
គម្រោងវិនិយោគចំនួន ៣១ ដែលមានទុនវិនិយោគសរុបប្រមាណ ២២៦ លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែតុលា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងថ្មីចំនួន ៣០ គម្រោងនិងគម្រោងពង្រីកផលិតកម្មចំនួន ១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២២៦លានដុល្លារ ក្នុងនោះទុនវិនិយោគលើវិស័យឧស្សាហកម្មចំនួន ២១១ ០៧០ ៧៣៧ ដុល្លារ និងទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងវិស័យផ្សេងៗចំនួន ១៥ លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ១៦ ០០០ កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១០ គម្រោង។ ជាការកត់សម្គាល់ គម្រោងវិនិយោគទាំង ៣១ មានគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១ គម្រោង បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង កាបូប គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈបរិក្ខារសម្រាប់បោះតង់ គ្រឿងសង្ហារឹម គ្រឿងតុបតែងលម្អ និង គម្រោងផ្សេងៗទៀត។
សម្រាប់ក្នុងខែតុលា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥៣,៣៩% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ២៩,៤៧% នៃទុនវិនិយោគសរុប បន្ទាប់មកគឺប្រទេសសិង្ហបុរី ១២,១៣% កោះ Samoa ២,៧% និងប្រទេសវៀតណាម ២,៣២%៕
评论被关闭。