អភិបាលខេត្តយូណានសន្យាផ្តល់អាហារូបករណ៍កាន់តែច្រើនដល់និស្សិតកម្ពុជា និងជំរុញទេសចរចិនទៅកម្ពុជាបន្ថែមទៀត

រដ្ឋាភិបាល​​ខេត្តយូណាន ប្រទេស​ចិន បានសន្យា​ថា នឹងផ្តល់​អាហារូបករណ៍​កាន់តែ​ច្រើន​ដល់និស្សិត​កម្ពុជា និងជំរុញ​ទេសចរ​ចិន​ឱ្យមក​កម្ពុជា​បន្ថែមទៀត។

នាល្ងាច​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី​កម្ពុជា បានទទួល​ជួបនិងពិភាក្សា​ការងារជាមួយលោក វ៉ាង អ៊ីប៉ (Wang Yubo) អភិបាល​ខេត្តយូណាន នាឱកាស​នៃការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និង កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​កម្ពុជា​-ឡាវ​-មីយ៉ានម៉ា​-វៀតណាម (CLMV) លើកទី១១ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង​គុនមិញ ខេត្តយូណាន។

លោក វ៉ាង អ៊ីប៉ បានស្វាគមន៍​យ៉ាងកក់ក្ដៅ​ចំពោះ​វត្តមាន​របស់​សម្ដេចធិបតី ដែលបាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ GMS នៅទីក្រុង​គុនមិញ។ លោកបាន​កត់សម្គាល់​ថា កិច្ចសហប្រតិបត្តិការ​រវាង​ខេត្តយូណាន​និង​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន ជាពិសេស​តាមរយៈ​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ វិស័យ​ពាណិជ្ជកម្ម និង ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន។

លោកបាន​សន្យាថា នឹងផ្តល់​អាហារូបករណ៍​កាន់តែ​ច្រើន​ដល់និស្សិត​កម្ពុជា​មកបន្ត​ការសិក្សា​នៅខេត្តយូណាន ហើយរដ្ឋាភិបាល​ខេត្តយូណាន​នឹងជំរុញភ្ញៀវទេសចរ​ឱ្យបាន​ច្រើន​បន្ថែមទៀត​ទៅ​កម្ពុជា ដែលមានគោលដៅទេសចរណ៍សម្បូរបែប។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​ និង​ការអភិវឌ្ឍ​របស់​ខេត្តយូណាន ដែលជា​ក្បាលម៉ាស៊ីន​មួយ​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន។ សម្តេច​បានវាយតម្លៃខ្ពស់​អំពី​ភាពរីកចម្រើន​ជាលំដាប់​នៃទំនាក់ទំនង​កម្ពុជា-ចិន ស្របពេល​ប្រទេស​ចិន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ចំណែក​ដល់ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​របស់​កម្ពុជា។

សម្តេចធិបតី​បានគូសបញ្ជាក់​អំពី​សក្តានុពល​ក្នុងវិស័យ​ជាច្រើន​សម្រាប់​កិច្ចសហប្រតិបត្តិការ​នាពេល​អនាគត រវាង​ប្រទេស​កម្ពុជា​និង​ខេត្តយូណាន។ សម្តេច​បានលើកទឹកចិត្ត​ឱ្យក្រុមការងារ​កិច្ចសហប្រតិបត្តិការ​ រវាង​តំណាង​ក្រសួង​ការបរទេស​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​និង​មន្ទីរ​ការបរទេស​នៃខេត្តយូណាន ជួបប្រជុំ​បានឆាប់ ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក វ៉ាង អ៊ីប៉ បានពិភាក្សា​ផ្លាស់ប្តូរ​យោបល់​អំពី​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើវិស័យ​សំខាន់​ៗមួយចំនួន រួមមាន​ពាណិជ្ជកម្ម ការវិនិយោគ ឧស្សហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ និង ការបណ្ដុះបណ្ដាល ព្រមទាំង​ទេសចរណ៍​ជាដើម៕

你可能还喜欢

评论被关闭。