កម្ពុជា-ឥណ្ឌូណេស៊ីរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​លោក ហួត ហាក់ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក សាន់តូ ជាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។ ភាគី​ទាំងពីរ​បានឯកភាព​ពង្រឹង​និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​​​​លើវិស័យ​ទេសចរណ៍។

លោក ហួត ហាក់ បានវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​ បន្ទាប់​​ពីការចុះអនុស្សារណៈ​នៃការយោគយល់គ្នា​រវាង​ក្រសួង​ទេសចរណ៍​កម្ពុជា​និង​ក្រសួង​ទេសចរណ៍​និង​សេដ្ឋកិច្ច​ច្នៃប្រឌិត​ឥណ្ឌូណេស៊ី ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​ទេសចរណ៍។

នៅក្នុង​ជំនួបនោះ លោក ហួត ហាក់ និងលោក សាន់តូ ជាម៉ូស៊ូម៉ាតូ ក៏បាន​ផ្លាស់ប្តូរ​កិច្ចពិភាក្សា​អំពី​វឌ្ឍនភាព​នៃកិច្ចសហប្រតិបត្តិការ និងការសហការ​កន្លងមក​បានយ៉ាងល្អ​ប្រសើរ​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​កម្ពុជា​និង​សា​ធារ​ណរដ្ឋ​ឥណ្ឌូណេស៊ី។ ជំនួប​ទ្វេភាគី​នេះ​សម្រេចបាន​លទ្ធផល​ដូចខាងក្រោម៖

១) ឯកភាព​ពង្រឹង​និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ទេសចរណ៍​កម្ពុជា-ឥណ្ឌូណេស៊ី ស្របតាម​ស្មារតី​នៃអនុស្សារណៈ​នៃការយោគយល់គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ទេសចរណ៍​កម្ពុជា-ឥណ្ឌូណេស៊ី។

២) ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​លើកិច្ចការ​ទេសចរណ៍​មូស្លីម (Muslim Friendly Tourism)។

៣) សហការ​រួមគ្នា​ជំរុញ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី បង្កើត​ជើងហោះហើរ​ត្រង់​រវាង​កោះបាលី​និង​ខេត្តសៀមរាប ដើម្បី​សម្រួល​ដល់ការ​ធ្វើដំណើរ​របស់​ប្រជាជន​ទាំងពីរ​ប្រទេស​និង​ភ្ញៀវទេសចរ។

៤) ពិនិត្យ​លទ្ធភាព​រៀបចំ​ទស្សនកិច្ច​ការងារ​ ដកស្រង់​បទពិសោធន៍​រវាង​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​កម្ពុជា​និង​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​និង​សេដ្ឋកិច្ច​ច្នៃប្រឌិត​ឥណ្ឌូណេស៊ី រួមទាំង​ការរៀបចំ​ការធ្វើ FAM Trip ដោយមានការ​ចូលរួម​ពីផ្នែក​ឯកជន​នៃប្រទេស​ទាំងពីរ​ ដើម្បី​រៀបចំ​កញ្ចប់​ទស្សនកិច្ច។

យោងតាម​ក្រសួង​ទេសចរណ៍ នៅក្នុង​រយៈពេល ៩ ខែ​ដើមឆ្នាំ២០២៤ កម្ពុជា​ទទួលបាន​ទេសចរ​អន្តរជាតិ​ប្រមាណ ៤,២៩ លាននាក់ កើនឡើង ២២,៥% ធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០២៣ ក្នុងនោះ ទេសចរ​ឥណ្ឌូណេស៊ី​មានចំនួន​ ១២៣ ៤៣៧ នាក់ កើនឡើង ៣២,៩%៕

你可能还喜欢

评论被关闭。