សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិក
ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារអបអរសាទរលោក ដូណាល់ ត្រាំ (Donald J. Trump) ដែលបានជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតីសហរដ្ឋអាម៉េរិក។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងលិខិតនេះថា តាងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងក្នុងនាមសម្តេចផ្ទាល់ សម្តេចសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត និងជូនពរដល់លោក ដូណាល់ ត្រាំ ក្នុងឱកាសដែលលោកបានជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតីទី៤៧ នៃសហរដ្ឋអាម៉េរិក។
សម្តេចបានចាត់ទុកការជាប់ឆ្នោតសាជាថ្មីរបស់លោក ដូណាល់ ត្រាំ នេះ គឺជាសក្ខីភាពមួយដែល បញ្ជាក់ពីភាពជឿជាក់និងទំនុកចិត្ត ដែលប្រជាជនអាម៉េរិកមានចំពោះភាពជាអ្នកដឹកនាំចក្ខុវិស័យ និងបទពិសោធទូលំទូលាយរបស់លោក ទាំងក្នុងវិស័យឯកជននិងសាធារណៈ។
សម្តេចតេជោមានប្រសាសន៍ថា៖ “ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ក្នុងនាមជាប្រធានាធិបតី ឯកឧត្តម នឹងមិនត្រឹមតែដឹកនាំសហរដ្ឋអាម៉េរិកឆ្ពោះទៅរកអនាគតមួយកាន់តែរុងរឿងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និង វិបុលភាពពិភពលោកទាំងមូលផងដែរ។”
ស្របពេលដែលយើងនឹងប្រារព្ធខួបលើកទី៧៥នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាម៉េរិកនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ខ្ញុំជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមនិងការ យោគយល់ និងការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង ប្រាកដជានឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។
សម្តេចបានបន្ថែមថា៖ “ក្នុងនាមខ្ញុំជាប្រធានព្រឹទ្ធសភានៃកម្ពុជា ខ្ញុំនៅតែបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម រដ្ឋបាលរបស់ ឯកឧត្តម និងសភាសហរដ្ឋអាម៉េរិក ជាពិសេស ព្រឹទ្ធសភា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់យើង ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងក្របខណ្ឌពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសនិងប្រជាជនយើងទាំងពីរ។
សូមរម្លឹកថា លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ បានជាប់ឆ្នោតជាប្រធានាធិបតីលើកដំបូងនៅឆ្នាំ២០១៦ ក្រោយផ្តួលអតីតរដ្ឋមន្ត្រីការបរទេសអ្នកស្រី ហ៊ីលឡារី គ្លីនតុន។ ក្រោយមក លោកបានចាញ់ការបោះឆ្នោតអាណត្តិថ្មីក្រោមថ្វីដៃលោកប្រធានាធិបតី ចូ បៃដិន នៅឆ្នាំ២០២០។ ឆ្នាំ២០២៤ លោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតជាថ្មីជាប្រធានាធិបតីសហរដ្ឋអាម៉េរិកទី៤៧ និងក្លាយជាប្រធានាធិបតីអាម៉េរិកទី២ក្នុងប្រវត្តិសាស្រ្តដែលឈ្នះឆ្នោតពីរអាណត្តិប៉ុន្តែមិនជាប់គ្នា បន្ទាប់ពីលោក Grover Cleveland ដែលបានឈ្នះបែបនេះដែរកាលពីឆ្នាំ១៨៩២៕
评论被关闭。