ក្រុមហ៊ុនចិនជាច្រើនចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា តាមរយៈជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត
ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លៀតពេលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនចិនជាច្រើន ហើយក្រុមហ៊ុនទាំងនោះសុទ្ធតែបានបង្ហាញនូវសុទិដ្ឋិនិយមចំពោះការវិនិយោគនៅកម្ពុជា។
- ក្រុមហ៊ុន Zhengzhou Chen’s Sun របស់ចិន បានបង្ហាញពីបំណងចង់បោះទុនវិនិយោគលើវិស័យឧស្សាហកម្មផ្លែឈើនៅកម្ពុជា ជាពិសេសគឺដំណាំទុរេន ដើម្បីជាការចូលចំណែកជំរុញការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
- ក្រុមហ៊ុន Fortune Rich Trade Co.,Ltd. Ju Wang Footwear Co.,Ltd., បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើការបង្កើតរោងចក្រផលិតសម្លៀកបំពាក់ស្ត្រីនិងកុមារនៅកម្ពុជា។
- ក្រុមហ៊ុន Zhongjiao Tongli បានបង្ហាញបំណងពង្រីកការវិនិយោគលើវិស័យកសិកម្មក្នុងខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីបន្ថែមទៀត ខណៈដែលក្រុមហ៊ុននេះបាននិងកំពុងតែវិនិយោគលើវិស័យកសិកម្ម មានដូចជាដំណាំចេកនិងស្វាយនៅតាមខេត្តរតនគិរី មណ្ឌលគិរី និង ខេត្តស្ទឹងត្រែង។
- ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមីនិងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
- ក្រុមហ៊ុន Guoxing Group នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្ម ដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដីនិងជំរុញផលិតភាពផលិតផលកសិកម្ម ខណៈដែលក្រុមហ៊ុននេះបាននិងកំពុងតែវិនិយោគលើសួនឧស្សាហកម្មនៅកម្ពុជា។
- ក្រុមហ៊ុន Sailun Group បានបង្ហាញពីបំណងក្នុងការពង្រីកការវិនិយោគនៅកម្ពុជាលើឧស្សាហកម្មកែច្នៃកៅស៊ូ ដើម្បីផលិតចេញជាផលិតផលផ្សេងៗ ដែលមានដូចជាសម្បកកង់រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងការបង្កើតសួនឧស្សាហកម្មសម្រាប់ខ្សែច្រវាក់ផលិតកម្មនៃឧស្សាហកម្មកែច្នៃកៅស៊ូ ក៏ដូចជាសមត្ថភាពផលិតរបស់ក្រុមហ៊ុននៅក្នុងតំបន់ផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនចិនទាំងអស់លើការវិនិយោគលើគ្រប់វិស័យនៅកម្ពុជា ដោយសម្តេចបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្ដានុពលសម្រាប់ការវិនិយោគនិងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសប្រកបដោយភាពប្រកួតប្រជែង។
សម្ដេចធិបតីបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាលម្អិតនិងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជានិងដៃគូក្នុងស្រុក សំដៅប្រែក្លាយផែនការវិនិយោគរបស់ក្រុមហ៊ុនឱ្យចេញលទ្ធផលជាក់ស្ដែងក្នុងពេលដ៏ខ្លីខាងមុខ៕
评论被关闭。