លោកស្រី ជា សិរី៖ សហគ្រាសធុនតូច និងមធ្យមជាតួអង្គសំខាន់ ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិសុខភាពសកល

ទេសាភិបាល​ធនាគារជាតិ ​នៃ​កម្ពុជា លោកស្រីបណ្ឌិត ជា សិរី បានអះអាង​ថា សហគ្រាស​​ធុនតូច​​និង​​មធ្យម (SMEs) គឺជា​​តួអង្គ​​យ៉ាង​សំខាន់​​ក្នុងការ​ជំរុញ​​កំណើន​សេដ្ឋកិច្ច​​របស់​កម្ពុជា​ ក្រោយពី​ការ​រីករាលដាល​​នៃជំងឺ​កូវីដ-១៩។

លោកស្រី ជា សិរី លើក​ឡើង​បែបនេះ​​នៅក្នុង​កិច្ចពិភាក្សា​ស្តីពី «កិច្ចគាំពារ​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច៖ ការជំរុញ​​កំណើន​​សហគ្រាស​ធុនតូច ​និងមធ្យម​​ជាសកល​​តាមរយៈ​​នវានុវត្តន៍​ឌីជីថល» ក្នុងពិព័រណ៌​​បច្ចេកវិទ្យា​​ហិរញ្ញវត្ថុ​សិង្ហបុរី (Singapore Fintech Festival) នៅប្រទេស​​សិង្ហបុរី នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅក្នុងពិធីនោះ លោកស្រី ជា សិរី បានថ្លែង​អំពី​វឌ្ឍនភាព ​និង​សសរស្តម្ភ​នៃ​សេដ្ឋកិច្ច​​កម្ពុជា ព្រមទាំង​បាន​រំលេច​​ពីតួនាទី​​កាន់តែ​សំខាន់​​របស់ SMEs ក្នុងការ​ជំរុញ​​កំណើន​ក្រោយវិបត្តិ​​កូវីដ-១៩។ ទន្ទឹមនឹងនេះ លោកស្រី​​ក៏​បាន​លើកឡើង​​ពីកត្តា​​ប្រឈម​ដែល SMEs បាននិងកំពុង​​ជួប​ប្រទះ ដូចជា​លទ្ធភាព​​មាន​កម្រិត​​ក្នុងការ​​ទទួល​​បានហិរញ្ញប្បទាន និងសម្ពាធ​​ប្រកួត​​ប្រជែង​​កាន់តែ​ខ្លាំង​​ក្នុងការ​ពង្រីក​ប្រតិបត្តិការ ស្របពេល​​កំណើន ​នៃវិស័យ​​ទេសចរណ៍​​នៅមាន​កម្រិត​នៅឡើយ។

លោកស្រី ជា សិរី ក៏បានបង្ហាញ​​ពីគំនិត​​ផ្តួចផ្តើម​​នានា​​របស់​រាជរដ្ឋាភិបាល ​និង​ធនាគារជាតិ​នៃ​កម្ពុជា​ ក្នុងការ​លើកកម្ពស់​ការអភិវឌ្ឍ​​វិស័យ SMEs ដូចជា​​ការលើក​កម្ពស់​​បរិយាកាស​ធុរកិច្ច ការបង្កើន​​លទ្ធភាព​​ទទួលបាន​ហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការ​​ល្អប្រសើរ​​ក្នុងការ​អភិវឌ្ឍ ​និង​តភ្ជាប់​​ប្រព័ន្ធ​ទូទាត់​​កម្ពុជា​​ជាមួយ​បណ្តា​​ប្រទេស​​ក្នុងតំបន់​ និង​ពិភពលោក។

កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា​​បានយកចិត្តទុកដាក់​​ខ្ពស់​​ក្នុងការ​ជំរុញ​​បរិយាកាស​​គាំទ្រ​​ដល់សហគ្រាស​ធុន​មីក្រូ តូច និង មធ្យម (MSMEs) ដែលដើរ​តួនាទី​​សំខាន់​​ក្នុងការ​លើកម្ពស់​​កំណើន​​សេដ្ឋកិច្ច ​និង​បង្កើតការងារ ជាពិសេស​​នៅពេល​ដែលការរីករាលដាល ​នៃ​ជំងឺ​កូវីដ-១៩​​ បណ្តា​​សហគ្រាស​​ទាំងនេះ​​បានដើរតួនាទី​​យ៉ាងសំខាន់​​ក្នុងការ​ចូលរួម​​ជំរុញ​សកម្មភាព​​សេដ្ឋកិច្ច។ រាជរដ្ឋាភិបាល​​កម្ពុជា​ចាត់ទុក​​វិស័យ​ឯកជន​​គឺជា​ឆ្អឹងខ្នង​សេដដ្ឋកិច្ច​ជាតិ ហើយវា​ជា​កត្តា​ចាំបាច់​​ដែលយើង​ត្រូវធ្វើ​ការរួមគ្នា ​ដើម្បី​កំណត់​​និង​​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែលរារាំង​

រាជរដ្ឋាភិបាល​​កម្ពុជា​​លើកទឹកចិត្ត​ SMEs ត្រូវតែ​ស្វែងរក​​លក្ខណៈ​​ពិសេស​​របស់​ខ្លួន ព្រោះនៅថ្ងៃខាងមុខ ការប្រកួត​ប្រជែង​នឹងមិនធូរជាង​បច្ចុប្បន្នទេ ដូច្នេះ SMEs ត្រូវបង្កើត​លក្ខណៈ​ពិសេស​សម្រាប់​ផលិតផល​របស់ខ្លួន ទាំងលើ​គុណភាព រសជាតិ ការប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក លទ្ធភាព​ស្វែងរក​ប្រភពដើម និង ការអនុវត្ត​គោលការណ៍​ការពារ​បរិស្ថាន​ជាដើម៕

你可能还喜欢

评论被关闭。