កម្ពុជានាំយកផលិតផលគុណភាពខ្ពស់ជាង ១០០ មុខ ដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃ
ក្រសួងពាណិជ្ជកម្មបាននាំយកផលិតផលគុណភាពខ្ពស់របស់កម្ពុជាជាង ១០០ មុខ ចូលរួមដាក់តាំងបង្ហាញនៅក្នុង “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន” លើកទី៧ នៅទីក្រុងសៀងហៃ ប្រទេសចិន។
“ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន” លើកទី៧ ឆ្នាំ២០២៤ ធ្វើឡើងក្រោមមូលបទ “យុគសម័យថ្មី អនាគតរួម – New Era, Shared Future” ប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ ក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដោយមានប្រមាណ ១៦០ ប្រទេសចូលរួម។
ផលិតផលគុណភាពខ្ពស់របស់កម្ពុជាដែលបានដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះ រួមមានអង្ករ គ្រាប់ស្វាយចន្ទី សម្ភារៈធ្វើដំណើរនិងការបូប ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែ ម្រេច ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ សម្ភារៈកែច្នៃសំណល់ប្លាស្ទិក។ល។
សម្រាប់ព្រឹត្តិការណ៍ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន” លើកទី៧ ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃនេះ ក្រសួងពាណិជ្ជកម្មបានរៀបចំពន្លាជាតិកម្ពុជាទំហំ ១៣២ ម៉ែត្រក្រឡា តាមរចនាបទកម្ពុជាក្នុងយុគសម័យទំនើប ដោយផ្អែកលើគោលគំនិតរចនា “នវានុវត្តន៍ឆ្ពោះទៅរកអនាគត វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ធ្វើឱ្យជីវិតកាន់តែប្រសើរ”។ ពន្លាជាតិកម្ពុជាបែងចែកជា ៤ តំបន់៖ ១. តំបន់តាំងបង្ហាញផលិតផលគុណភាពខ្ពស់កម្ពុជា។ ២. តំបន់វេទិកាសម្តែង និងផ្ទាំង LED សម្រាប់ផ្សព្វផ្សាយស្ថានភាព និងសក្តាលនុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ សិល្បៈ និង ទេសចរណ៍របស់កម្ពុជា។ ៣. តំបន់ជំនួបធុរកិច្ច សម្រាប់ក្រុមហ៊ុនឬសហគ្រាសកម្ពុជាទទួលជួបពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយដៃគូ។ ៤. តំបន់ផ្តល់ព័ត៌មាន និងភ្លក្សរសជាតិផលិតផលកម្ពុជា៕
评论被关闭。