គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជាខេត្តកំពង់ស្ពឺ បើកការដ្ឋានសាងសង់ជាផ្លូវការ

គម្រោង​សួនឧស្សាហកម្ម​វាយនភណ្ឌ​បៃតង​កម្ពុជា ស្ថិតនៅ​ក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើពិធី​បញ្ចុះ​បឋមសិលា​បើកការដ្ឋាន​សាងសង់​ជាផ្លូវការ​នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមវត្តមាន​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងលោក John Yu ប្រធានក្រុមហ៊ុន Golden Intergrity International Investment Group ដែលជាក្រុមហ៊ុន​ម្ចាស់គម្រោង។

លោក ហេង សួរ បានឱ្យដឹង​ថា គម្រោង​សួនឧស្សាហកម្ម​វាយនភណ្ឌ​បៃតង​កម្ពុជាស្ថិតនៅលើ​ផ្ទៃដី​ជាង ៥០០ ហិកតា ជាគម្រោង​វិនិយោគ​សេដ្ឋកិច្ច​យុទ្ធសាស្រ្ត ដែលនឹង​ផ្តល់ឱកាស​ឱ្យ​កម្ពុជា​ក្លាយជា​មូលដ្ឋាន​ផលិតកម្ម​និងជាទីតាំង​ផ្គត់ផ្គង់​ដ៏សំខាន់​លើវិស័យ​ឧស្សា​ហកម្ម បោះពុម្ព ជ្រលក់ពណ៌ និង អេឡិចកូប្លាតីងស្បែក​ក្នុងតំបន់​អាស៊ាន។ គម្រោង​នេះនឹង​ផ្តល់ការងារ​ប្រមាណ​ ៥-៦ ម៉ឺន​កន្លែងបន្ថែម​ទៀត។

លោកបន្ថែមថា ការទទួលបាន​ការវិនិយោគ​គម្រោង​ដ៏ធំនេះ គឺបង្ហាញពី​សក្តានុពល​វិនិយោគ​របស់​ខេត្តកំពង់ស្ពឺ និងមានការ​គាំពារ​បានយ៉ាងល្អ​ពីអាជ្ញាធរខេត្ត ជាពិសេស​គឺស្របទៅនឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​នាំយក​ការវិនិយោគ​និង​បង្កើតការងារ​ឱ្យនៅជិត​មូលដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ។ លោកសង្ឃឹមថា អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​នឹងមាន​កិច្ចសហការ​ល្អជាមួយគ្នា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​គម្រោង​​វិនិយោគ​នេះចេញជា​រូបរាង និងក្លាយជា​ទីតាំង​ដ៏សំខាន់​ក្នុងវិស័យ​ឧស្សាហកម្ម​និងការ​វិនិយោគ​ក្នុងខេត្តកំពង់ស្ពឺ និងជាគំរូ​មួយក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ថ្មីៗ​ទៀត។

ដោយឡែក នៅក្នុងពិធី​បញ្ចុះ​បឋមសិលា​បើកការដ្ឋាន​សាងសង់​សួនឧស្សាហកម្ម​វាយនភណ្ឌ​បៃតង​កម្ពុជា​នេះ ក៏មាន​ពិធី​ចុះហត្ថលេខា​លើអនុស្សារណៈ​នៃការយោគយល់​គ្នា​រវាង​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា​ខេត្តកំពង់ស្ពឺ ជាមួយ​អង្គការ Yu Jianging Charity Organization for Education ដែល​អនុស្សារណៈ​នេះមានគោលបំណង​បង្កើត​នូវកិច្ចសហប្រតិបត្តិការ​ដើម្បី​ពង្រឹង​គុណភាព​នៃការអប់រំ​ និង​បង្កើន​សមត្ថភាព​របស់​បុគ្គលិក​នៃវិទ្យាស្ថាន និងជួយគាំទ្រ​ដល់​សិស្ស​និស្សិត​ក្នុងខេត្តកំពង់ស្ពឺ តាមរយៈ​ការផ្តល់​ការបណ្តុះបណ្តាល​និង​ផ្តល់ធនធាន​ពាក់ព័ន្ធ​នានា​ជូនដល់​គ្រូបង្គោលនិងសិក្ខាកាម​របស់​វិទ្យាស្ថាន៕

你可能还喜欢

评论被关闭。