កម្ពុជាចាត់តាំងមន្រ្តីការទូត ៤ រូបទៅកាន់ជាឯកអគ្គរាជទូតនៅប្រទេសចំនួន ១០ ផ្សេងគ្នា

ព្រះរាជាណាចក្រ​កម្ពុជា​បានចាត់តាំង​មន្ត្រីការទូត​ចំនួន ៤ រូប​ដើម្បី​ទៅកាន់​តួនាទី​ជាឯកអគ្គរាជទូត​តំណាង​កម្ពុជា​ប្រចាំ​ប្រទេសចំនួន ១០ ផ្សេងគ្នា ហើយពួកគេ​នឹងចេញទៅ​បំពេញ​បេសកកម្ម​ក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកអគ្គរាជទូត​ទាំង ៤ រូប រួមមាន៖ (១) លោក កុយ គួង ពីឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា នឹងទៅ​កាន់តួនាទី​ជាឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាម៉េរិក​និង​ប្រទេស​ម៉ិចស៊ិចកូ។ (២) លោក ប្រាក់ ងួនហុង បច្ចុប្បន្ន​ជារដ្ឋលេខាធិការ​ក្រសួង​ការបរទេសនិងទំនាក់ទំនង​អន្តរជាតិ នឹងទៅ​កាន់ជាឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេសប្រេស៊ីល។ (៣) លោកស្រី រត្ន ម៉ានី អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស នឹងទៅ​កាន់ជា​ឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា បង់ក្លាដេស ស្រីលង្កា អ៊ីរ៉ង់ នេប៉ាល់ និង ប្រទេស​ម៉ាលឌីវ។ (៤) លោក ចេង ម៉ានិត អគ្គនាយក​នៃអគ្គនាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ នឹងទៅ​បំពេញ​តួនាទី​ជាឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេសមីយ៉ាន់ម៉ា។

មុនចេញ​បំពេញ​បេសកកម្ម​ការទូត​នៅលើឆាក​អន្តរជាតិ ឯកអគ្គរាជទូត​កម្ពុជា​ទាំង ៤ រូប​បានចូលជួប​សម្តែងការគួរសម​ជម្រាបលា​និង​ទទួលអនុសាសន៍​ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា​កម្ពុជា កាលពី​ព្រឹកថ្ងៃ​ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្តេច ឃួន សុដារី បានលើកឡើងថា​ ឯកអគ្គរាជទូត​ជាមន្រ្តី​ការទូត​​តំណាងឱ្យ​ជាតិទំាងមូល​នៅលើឆាកអន្តរជាតិ និងជាអ្នក​ដែលឈរ​នៅសមរភូមិ​ជួរមុខ​ក្នុងកិច្ចការពារ​គុណតម្លៃ​របស់​ជាតិ​និង​គោលបំណង​ជាយុទ្ធសាស្រ្ត​របស់​ជាតិ។ បេសកកម្ម​ការទូត​ពិតជា​មានសារៈ​សំខាន់​ខ្លាំងណាស់​បន្ថែមទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​ខាងក្នុង​ប្រទេស​ ដើម្បី​ការពារ​និង​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ កំណើន​សេដ្ឋកិច្ចនិង​ស្ថិរភាពជាតិ។

សម្តេច​ប្រធានរដ្ឋសភា​រំពឹងថា ឯកអគ្គរាជទូតទាំង ៤ រូបនឹងបំពេញ​បេសកកម្ម​ជូន​ប្រជាពលរដ្ឋ​និងជាតិមាតុភូមិ សម្រេច​បានលទ្ធផល​ធំធេង ហើយត្រូវ​គិតគូរ​និង​តម្កល់​ប្រយោជន៍​ជាតិ​ជាធំនិង​ចំពោះមុខ ពោលគឺ​ត្រូវរក្សា ការពារ​ឯករាជ្យភាព អធិបតេយ្យភាព បូរណភាព​ទឹកដី និងលើក​គុណតម្លៃ​ជាតិ​និង​កិត្យានុភាព​ជាតិ​ជានិច្ច ហើយត្រូវ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ទាំងឡាយណា​ដែលមាន​ចេតនា​អាក្រក់​ចង់បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា។

សម្តេច ឃួន សុដារី បានបញ្ជាក់​បន្ថែមថា ត្រូវធ្វើយ៉ាងណា​ខិតខំ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​មិត្តភាព​ សាមគ្គីភាព និង សហប្រតិបត្តិការ ទាំងក្របខណ្ឌ​ទ្វេភាគី​និង​ពហុភាគី​ឱ្យកាន់តែ​ប្រសើរ​ថែមទៀត និងត្រូវ​ជំរុញ​ការផ្សព្វផ្សាយ​អំពី​ភាពវិជ្ជមាន​របស់​ប្រទេស​កម្ពុជា​ឱ្យបាន​ទូលំទូលាយ សំដៅ​ទាក់ទាញ​អ្នកវិនិយោគ​និង​អ្នកទេសចរ​មក​កម្ពុជា​ឱ្យបាន​កាន់តែច្រើន។ មួយវិញទៀត ត្រូវយកចិត្ត​ទុកដាក់​និង​ជួយសម្របសម្រួល​គាំទ្រ​ដល់​ប្រជាពលរដ្ឋ សិស្ស និង និស្សិត​ខ្មែរ ដែលកំពុង​ស្នាក់នៅ​ ធ្វើការ ឬ រៀនសូត្រ​នៅតាម​បណ្តា​ប្រទេស​ដែលខ្លួនបានទៅ​បំពេញ​បេសកកម្ម ធ្វើយ៉ាងណា​ឱ្យពួកគាត់​មានភាព​កក់ក្តៅ៕

你可能还喜欢

评论被关闭。