វត្តមានក្រុមហ៊ុនវិនិយោគបរទេសជាសក្ខីភាពបញ្ជាក់ពីសក្តានុពល និងបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា

លោក ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​បានថ្លែងថា ការបណ្តាក់ទុន​វិនិយោគរបស់​ក្រុមហ៊ុន​វិនិយោគ​បរទេស​នៅកម្ពុជា គឺជា​សក្ខីភាព​មួយដែលសបញ្ជាក់​យ៉ាងច្បាស់​អំពី​សក្តានុពល ​និងបរិយាកាស​ធុរកិច្ច​ប្រកបដោយ​អំណោយផល​របស់​កម្ពុជា។

លោក ជា វុទ្ធី បានលើកឡើង​បែបនេះ ​ក្នុងឱកាស​បានចូលរួម​ជាអធិបតី​ក្នុងពិធី​សម្ពោធ​ដាក់ឱ្យដំណើរការ​រោងចក្រ​ របស់​ក្រុមហ៊ុន Metal Jewelry Cambodia នៅតំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់​គ្រុប ភ្នំពេញ នារសៀល​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទន្ទឹមនឹង​ការ​អបអរសាទរ ​និង​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន Metal Jewelry Cambodia ដែលបាន​ធ្វើការ​សម្រេចចិត្ត​ជាយុទ្ធសាស្ត្រ​ក្នុងការ​រួមបញ្ចូល​កម្ពុជា​ក្នុងខ្សែច្រវាក់​ផ្គត់ផ្គង់​របស់​ខ្លួន លោក ជា វុទ្ធី បានគូសបញ្ជាក់ថា ការបណ្តាក់ទុន​វិនិយោគ​របស់​ក្រុមហ៊ុន Metal Jewelry Cambodia ក៏ដូចជា​បណ្តា​ក្រុមហ៊ុន​បរទេស​ដទៃទៀត​នៅកម្ពុជា គឺជាសក្ខីភាព​មួយសបញ្ជាក់​យ៉ាងច្បាស់ថា កម្ពុជា​មានកម្លាំងពលកម្ម​ដ៏មាន​សក្តានុពល និងមាន​បរិយាកាស​ធុរកិច្ច​ប្រកដោយ​ភាពអំណោយផល។ វត្តមាន​របស់​ក្រុមហ៊ុន​មិនត្រឹមតែ​អាចជួយ​ជំរុញ​សេដ្ឋកិច្ច ​និង​ចូលរួម​បង្កើត​ការងារ​ដែលមាន​បន្ថែម​តម្លៃ​ខ្ពស់ប៉ុណ្ណោះទេ ​ថែមទាំង​រួមចំណែក​ដល់ការ​អភិវឌ្ឍ​ឧស្សាហកម្ម​គ្រឿងអលង្ការ​របស់​របស់​កម្ពុជា តាមរយៈ​ការនាំមក​នូវបច្ចេកវិទ្យា​ខ្ពស់​និង​សិល្បៈ​ហត្ថកម្ម​កម្រិត​ស្តង់ដា​ពិភពលោក​មកកាន់​កម្ពុជា​ផងដែរ។

លោក ជា វុទ្ធី បន្ថែមថា ការជ្រើសរើស​បោះទីតាំង​វិនិយោគ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​នៅកម្ពុជា​របស់​ក្រុមហ៊ុន Metal Jewelry Cambodia ជាការសម្រេចចិត្ត​ប្រកបដោយ​ភាពវៃឆ្លាត​និង​មានលក្ខណៈ​ជាយុទ្ធសាស្ត្រ ព្រោះក្រុមហ៊ុន​មិនត្រឹមតែ​អាចទទួលបាន​នូវអត្ថប្រយោជន៍​ពីកញ្ចប់​លើកទឹកចិត្ត​ដែលមាន​ភាពទាក់ទាញ​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏នឹង​ទទួលបាន​នូវកិច្ចសម្រួល​នីតិវិធី​រដ្ឋបាល​ដែលមាន​ភាពរហ័ស​ងាយស្រួល ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​ដែលអាច​ជឿទុកចិត្ត​បាន បណ្តាញ​ដឹកជញ្ជូន​ដ៏មាន​ប្រសិទ្ធភាព និង បរិក្ខារ​ភស្តុភារកម្ម​ទំនើបៗ ដែលអាច​ជួយឱ្យ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​សម្រេច​បាននូវ​ប្រសិទ្ធផល​និង​ប្រាក់ចំណេញ​ខ្ពស់ផងដែរ។

ក្រុមហ៊ុន Metal Jewelry Cambodia បានទទួល​គោលការណ៍​អនុញ្ញាឱ្យ​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​​និង​បង្គុំគ្រឿង​អលង្ការ​និង​គ្រឿងលម្អ​ផ្សេងៗ​ធ្វើពីលោហៈ​និងប្លាស្ទិក កាលពី​ខែមិថុនា ឆ្នាំ២០២៣។ ម្ចាស់ភាគហ៊ុន​របស់​ក្រុមហ៊ុន Metal Jewelry Cambodia គឺក្រុមហ៊ុន International Metal and Jewelry Co., Ltd ដែលជា​ក្រុមហ៊ុន​មួយក្នុងចំណោម​ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ​និង​គ្រឿងលម្អ​ម៉ាកល្បី​និង​ប្រណិត​របស់បារាំង (French Luxury Group)៕

你可能还喜欢

评论被关闭。