ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ នឹងធ្វើនៅដើមខែធ្នូ នាខេត្តសៀមរាប

«ពិព័រណ៍​ទេសចរណ៍​កម្ពុជា-ចិន» (Cambodia-China Travel Fair) ឆ្នាំ២០២៤ នឹងធ្វើឡើង​ពី​ថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ នេះបើយោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រសួង​ទេសចរណ៍​បានឱ្យដឹងថា ដើម្បី​បន្ត​អនុវត្ត​យុទ្ធនាការ «ឆ្នាំនៃ​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន​កម្ពុជា-ចិន ២០២៤» និងយុទ្ធនាការ «ឆ្នាំទស្សនា​សៀមរាប ២០២៤» ក្រសួង​ទេសចរណ៍​សហការ​ជាមួយ​ស្ថានទូតចិន​ប្រចាំ​កម្ពុជា ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ និង ផ្នែកឯកជន នឹងរៀបចំ​ «ពិព័រណ៍​ទេសចរណ៍​កម្ពុជា-ចិន» ចាប់ពី​ថ្ងៃទី៦ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយរំពឹង​ថានឹងមាន​ការចូលរួម​ពីប្រតិបត្តិករ​ទេសចរណ៍​ជាអ្នកទិញ​ចិន (Chinese Buyers) ចំនួន ៥០ ក្រុមហ៊ុន អ្នកលក់​ចិន (Chinese Sellers) ចំនួន ៥០ ក្រុមហ៊ុន អ្នកលក់​កម្ពុជា (Cambodian Sellers) ចំនួន ១០០ ក្រុមហ៊ុន និង អ្នកសារព័ត៌មាន​កម្ពុជា-ចិន​ចំនួន ៥០ ស្ថាប័ន។

នៅក្នុង​កម្មវិធី «ពិព័រណ៍​ទេសចរណ៍​កម្ពុជា-ចិន» នេះ នឹងមាន​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ការផ្គូផ្គង​អាជីវកម្ម (Business Matching) កម្មវិធី​ទស្សនកិច្ច​គោលដៅ​ទេសចរណ៍​មុននិងក្រោយ​ពិព័រណ៍ និងកម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត។

ក្រសួង​ទេសចរណ៍​អំពាវនាវ​ដល់សមាគម​ទេសចរណ៍ ប្រតិបត្តិករ​ទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័ន​ពាក់ព័ន្ធ សារព័ត៌មាន​ជាតិ-អន្តរជាតិ និង សាធារណជន​ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ​ «ពិព័រណ៍​ទេសចរណ៍​កម្ពុជា-ចិន» នេះ​ដល់ដៃគូ​ពាក់ព័ន្ធ​ឱ្យបាន​ទូលំទូលាយ ដើម្បី​ធ្វើឱ្យ​កម្មវិធី​នេះទទួលបាន​ការគាំទ្រ​កាន់តែច្រើន និងទទួលបាន​ជោគជ័យ​កាន់តែ​ត្រចះត្រចង់។

សម្រាប់​អ្នកដែលមាន​បំណង​ចូលរួម «ពិព័រណ៍​ទេសចរណ៍​កម្ពុជា-ចិន» នេះ អាចធ្វើការ​ចុះឈ្មោះ​តាមរយៈលេខ (តេឡេក្រាម) ០១២ ៤១ ៤១ ៩១ / ០១២ ២៤ ៩៨ ៧៨ ចាប់ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕

你可能还喜欢

评论被关闭。