ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានបញ្ចប់ទៅដោយជោគជ័យ ក្រុមក្រសួងមហាផ្ទៃឈរលើកំពូលតារាងជាមួយមេដាយសរុប ២៤៧ គ្រឿង

ការប្រកួត​កីឡាជាតិ​លើកទី៤ និងកីឡាជាតិ​ជនពិការ​លើកទី២ បានបញ្ចប់ទៅ​ដោយជោគជ័យ និងធ្វើពិធី​បិទជាផ្លូវការ​នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពីល្ងាច​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព​របស់​លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៤ និង​​កីឡា​​​ជន​ពិការជាតិ​លើក​ទី​២ ​ឆ្នាំ​២០២៤ ធ្វើឡើង​ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” បានរៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​​ទី​២៩ ខែ​តុលា​ ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ២០២៤  នៅតាម​ទីលាន​ប្រកួត​តាមវិញ្ញាសា​ក្នុងភូមិសាស្ត្រ​រាជ​ធានី​​ភ្នំពេញ ខេត្ត​កែប ស្វាយរៀង ព្រះ​សីហនុ និង ខេត្តកំពង់ឆ្នាំង។

ការ​ប្រកួត​កីឡា​ជាតិលើក​ទី​៤មាន​កីឡាចំនួន ​៣៦ ​ប្រភេទ ស្មើ​នឹង​ ៣២៨ ​វិញ្ញាសា រួមមាន​បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លី​លើតុ (ប៉េងប៉ុង) ហែល​ទឹក តេក្វាន់ដូ ITF តេក្វាន់ដូ WTF ប៉េតង់ គុន​ដាវ​ គុន​ល្បុក្កតោ ប្រដាល់​សកល យូដូ ចំបាប់ គុន​ខ្មែរ វាយ​កូន​បាល់ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុកគី ឃីក​បុក​ស៊ីង កីឡារាំ ជឺជីតស៊ូ ទូកប្រពៃណី ទូក​ក្តោង លើក​ទម្ងន់ ប៊ីយ៉ានិង​ស្នូកឃ័រ ទ្រីយ៉ាថ្លុង វាយគុន​គោល ម៉ូតូទឹក អុកចត្រង្គ និង​ កីឡាវ៉ូវីណាម។ ​រីឯ​ការប្រកួត​កីឡា​​ជន​ពិការជាតិ​លើកទី២ មាន​កីឡាចំនួន ​៧​ ប្រភេទ​ ស្មើ​នឹង​ ៤៥ ​វិញ្ញាសា រួមមាន​អត្តពលកម្ម​ ហែល​ទឹក បាល់បោះ​ បាល់ទះអង្គុយ ប៊ូស្សា វាយ​កូនឃ្លី​លើ​តុ​ និង អុក។ មានមេដាយ​សរុប​ចំនួន  ១២៤២ គ្រឿង ក្នុងនោះ​មេដាយមាស​ចំនួន ៣៧៤ គ្រឿង មេដាយ​ប្រាក់​ចំនួន ៣៧៤ និង មេដាយ​សំរឹទ្ធ​ចំនួន ៤៩៤ គ្រឿង។

ឆ្លងកាត់​ការប្រកួត​ដ៏ស្វិតស្វាញ​តាំងពីដើម​ដល់ចប់ ក្រុមក្រសួង​មហាផ្ទៃឈរលើ​កំពូលតារាង​ជាមួយមេដាយសរុប​ចំនួន ២៤៧ គ្រឿង ខណៈ​រាជធានី​ភ្នំពេញ​ឈរនៅ​លេខរៀង​ទី១១ ជាមួយ​មេដាយសរុប​ចំនួន ៥០ គ្រឿង ហើយខេត្តព្រះវិហារ​ស្ថិតនៅ​បាតតារាង ដោយទទួលបាន​តែមេដាយ​សំរឹទ្ធិ​ចំនួន ៣ គ្រឿង។ ខាងក្រោម​ជាលទ្ធផល​ផ្លូវការ​នៃការប្រកួត​កីឡាជាតិ​លើកទី៤ និងកីឡាជាតិ​ជនពិការ​លើកទី២៖

១. ក្រសួងមហាផ្ទៃ  ២៤៧ គ្រឿង (មាស១២៧ ប្រាក់៧២ សំរឹទ្ធិ៤៨)

២. ក្រសួងការពារជាតិ ១៨៩ គ្រឿង (មាស៩១ ប្រាក់៥៦ សំរឹទ្ធិ៤២)

៣. ខេត្តកណ្តាល ១១០ គ្រឿង (មាស២៧ ប្រាក់២៩ សំរឹទ្ធិ៥៤)

៤. ក្រសួងសេដ្ឋកិច្ច ៤៩ គ្រឿង (មាស១៩ ប្រាក់១៤ សំរឹទ្ធិ១៦)

៥. ខេត្តស្ទឹងត្រែង ៥៣ គ្រឿង (មាស១២ ប្រាក់១៣ សំរឹទ្ធិ២៨)

៦. ខេត្តកែប ៣៤ គ្រឿង (មាស១២ ប្រាក់១០ សំរឹទ្ធិ១២)

៧. ខេត្តតាកែវ ២៥ គ្រឿង (មាស១២ ប្រាក់៥ សំរឹទ្ធិ៨)

៨. ខេត្តសៀមរាប ៦១ គ្រឿង (មាស៩ ប្រាក់២៤ សំរឹទ្ធិ២៨)

៩. ខេត្តកំពង់ឆ្នាំង ៤១ គ្រឿង (មាស៨ ប្រាក់១១ សំរឹទ្ធិ២២)

១០. ខេត្តព្រៃវែង ២៩ គ្រឿង (មាស៨ ប្រាក់៩ សំរឹទ្ធិ១២)

១១. រាជធានីភ្នំពេញ ៥០ គ្រឿង (មាស៧ ប្រាក់១៤ សំរឹទ្ធិ២៩)

១២. ខេត្តស្វាយរៀង ២៧ គ្រឿង (មាស៦ ប្រាក់១១ សំរឹទ្ធិ១០)

១៣. ខេត្តត្បូងឃ្មុំ ៣០ គ្រឿង (មាស៥ ប្រាក់១០ សំរឹទ្ធិ១៥)

១៤. ខេត្តកំពង់ចាម ៣១ គ្រឿង (មាស៤ ប្រាក់១២ សំរឹទ្ធិ១៥)

១៥. ខេត្តបាត់ដំបង ៣៣ គ្រឿង (មាស៤ ប្រាក់១១ សំរឹទ្ធិ១៨)

១៦. ខេត្តបន្ទាយមានជ័យ ២៧ គ្រឿង (មាស៤ ប្រាក់៦ សំរឹទ្ធិ១៧)

១៧. ខេត្តប៉ៃលិន ២៤ គ្រឿង (មាស៤ ប្រាក់៥ សំរឹទ្ធិ១៥)

១៨. ខេត្តព្រះសីហនុ ២២ គ្រឿង (មាស៣ ប្រាក់៨ សំរឹទ្ធិ១១)

១៩. ខេត្តពោធិ៍សាត់ ២០ គ្រឿង (មាស៣ ប្រាក់៧ សំរឹទ្ធិ១០)

២០. ខេត្តកំពង់ស្ពឺ ៤២ គ្រឿង (មាស២ ប្រាក់១៦ សំរឹទ្ធិ២៤)

២១. ខេត្តក្រចេះ ៩ គ្រឿង (មាស២ ប្រាក់៣ សំរឹទ្ធិ៤)

២២. ខេត្តកំពត ២៦ គ្រឿង (មាស១ ប្រាក់៨ សំរឹទ្ធិ១៧)

២៣. ខេត្តមណ្ឌលគិរី ២០ គ្រឿង (មាស១ ប្រាក់៧ សំរឹទ្ធិ១២)

២៤. ខេត្តកោះកុង ១៦ គ្រឿង (មាស១ ប្រាក់៦ សំរឹទ្ធិ៩)

២៥. ខេត្តកំពង់ធំ ១៣ គ្រឿង (មាស១ ប្រាក់៥ សំរឹទ្ធិ៧)

២៦. ខេត្តឧត្តរមានជ័យ ៥ គ្រឿង (មាស១ ប្រាក់១ សំរឹទ្ធិ៣)

២៧. ខេត្តរតនៈគិរី ៦ គ្រឿង (មាស០ ប្រាក់១ សំរឹទ្ធិ៥)

២៨. ខេត្តព្រះវិហារ ៣ គ្រឿង (មាស០ ប្រាក់០ សំរឹទ្ធិ៣)៕

你可能还喜欢

评论被关闭。