វិថីតេជោសន្តិភាព ឆ្នេរអង្កោល ប្រវែងជាង ១២ គីឡូម៉ែត្រនៅខេត្តកែប សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

វិថី​តេជោ​សន្តិភាព ឆ្នេរអង្កោល ប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ ស្ថិតនៅ​ខេត្តកែប ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​នៅព្រឹកថ្ងៃ​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

វិថី​តេជោ​សន្តិភាព ឆ្នេរអង្កោល កសាង​ឡើង​ក្រោម​កម្ចីឥណទាន​សម្បទាន​ពីធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) គឺជា​ខ្សែផ្លូវ​ទេសចរណ៍​ប្របមាត់​សមុទ្រ​របស់​ខេត្តកែប ដែលបាន​និង​កំពុង​ដើរតួនាទី​ជួយសម្រួល​ដល់​ចរាចរណ៍ ដឹកជញ្ជូន និង ការធ្វើដំណើរ​ផ្សេងៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងតំបន់​ប្រមាណ​ជាង ៦ ០០០ គ្រួសារ។

វិថី​នេះក៏ជា​ខ្សែផ្លូវ​តភ្ជាប់​ពីក្រុងកែប​ទៅកាន់​តំបន់​សហគមន៍​ទេសចរណ៍​និង​នេសាទ​នៅក្នុង​ឃុំអង្កោល និងលាតសន្ធឹង​ឆ្លងកាត់​តំបន់​កសិកម្ម តំបន់​ស្រែអំបិល តំបន់​ព្រៃកោងកាង និង តភ្ជាប់​ជាមួយ​ផ្លូវខេត្ត​លេខ១៣៣២ ក្នុងទិសដៅ​ទៅមក​រវាង​ស្រុកដំណាក់​ចង្អើរ ខេត្តកែប​និង​ច្រកលក ខេត្តកំពត (ព្រំដែន​កម្ពុជា-វៀតណាម) រួមទាំង​តភ្ជាប់​ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែផ្លូវ​មួយចំនួន​នៅក្នុង​ភូមិសាស្រ្ត​ខេត្តកែប ដើម្បី​ភ្ជាប់ទៅកាន់​តំបន់​ទីប្រជុំជន តំបន់​ភូមិឋាន និង តំបន់​ផ្សេងៗ​ទៀត​នៅក្នុង​ខេត្តកែប៕

你可能还喜欢

评论被关闭。