ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិកើនដល់ជាង ៤៥ ប៊ីលានដុល្លារក្នុងរយៈពេល ១០ ខែ

អគ្គនាយកដ្ឋាន​គយ​និង​​រដ្ឋាករ​​កម្ពុជា ​(GDCE) បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ១០ ខែ (មករា-តុលា) ឆ្នាំ២០២៤ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-អន្តរជាតិសម្រេចបានជាង ៤៥ ប៊ីលាន​ដុល្លារអាម៉េរិក កើនឡើង​១៦% បើធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០២៣។

ទិន្នន័យ​របស់ GDCE បានបង្ហាញ​ថា ការនាំចេញ​ទំនិញ​​របស់​​កម្ពុជា​​​មានទំហំ​ទឹកប្រាក់ ២១,៥៧ ប៊ីលាន​ដុល្លារ កើនឡើង១៦% ឯការ​នាំទំនិញចូល​​មកវិញ​មាន​ទំហំ​ទឹកប្រាក់ ២៣,៤៩ ប៊ីលាន​ដុល្លារ កើនឡើង១៧%។

បើតាម​អ្នកឧកញ៉ា លី ឃុនថៃ ប្រធាន​សមាគម​សហព័ន្ធ​អ្នកវិនិយោគ​កម្ពុជា​បានឱ្យដឹងថា នៅក្នុង​ឆ្នាំ ២០២៤នេះ តម្រូវការ​បញ្ជាទិញ​នៅក្នុង​វិស័យ​វាយនភណ្ឌ​កើនឡើង​នៅទីផ្សារ​អន្តរជាតិ ដូចជាអាម៉េរិក​និង​អឺរ៉ុប ធ្វើឱ្យ​ការនាំចេញ​របស់​កម្ពុជា​​មាន​កំណើន។

កំណើន​នៃការនាំចេញ​របស់​កម្ពុជា ​គឺដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​អាចបំពេញ​តាមលក្ខខណ្ឌ​របស់​រដ្ឋាភិបាលនៃប្រទេស​ជាដៃគូ​ដែលមាន​​តម្រូវការ ហើយការបញ្ជាទិញ​ពីកម្ពុជា​ផ្ដោតលើ​ទំនិញ​កាត់ដេរ សម្លៀកបំពាក់ និង សម្ភារៈ​ធ្វើដំណើរ ដែលមាន​ស្បែកជើង​ជាដើម សុទ្ធតែជា​ទំនិញ​អាទិភាព​ដែលនាំទៅ​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាម៉េរិក ហើយវា​ក៏ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​កម្ពុជា។ ទន្ទឹមនឹងនេះ កំណើន​នៃការ​នាំចេញក៏អាស្រ័យ​លើទំនាក់ទំនង​ល្អរវាង​កម្ពុជា​និង​អន្តរជាតិ ទំនាក់ទំនង​ល្អរវាង​និយោជក​និង​អ្នកទទួលទិញ​នៅលើទីផ្សារ​អន្តរជាតិ គួបផ្សំ​នឹងគុណភាព​ទំនិញ​របស់​កម្ពុជាផងដែរ។

ដោយឡែក ការនាំចេញ​​ផលិតផល​​កសិកម្ម​ក៏មានកំណើនផងដែរ​នៅឆ្នាំ២០២៤នេះ ខណៈ​កម្ពុជា​មានកិច្ចព្រមព្រៀង​ទីផ្សារ​សេរី​ជាមួយ​បណ្ដា​ប្រទេស​ធំៗ​ដែលជា​ដៃគូ ទាំងទ្វេភាគី​និងពហុភាគី ក្នុងនោះ​មានប្រទេស​ចិន ដែលបាន​ទិញទំនិញ​កសិផល​មួយចំនួន​ពីកម្ពុជា​ ដូចជា​អង្ករ ស្វាយ​កែវរមៀត ចេកអំបូងលឿង​ជាដើម ខណៈ​ការនាំចេញ​កសិផល​របស់​កម្ពុជា​ទៅប្រទេស​ជិតខាង​ក៏មាន​កំណើនផងដែរ។

គួររម្លឹកថា ទំនិញ​ដែលកម្ពុជា​នាំចេញ​ទៅទីផ្សារ​អន្តរជាតិ រួមមាន​សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន ​និង​​ឧបករណ៍​អគ្គិសនី វត្ថុធាតុ​ធ្វើ​អំពី​ស្បែក បរិក្ខារ​ធ្វើពី​រោមសត្វ ធុញ្ញជាតិ កៅស៊ូ និង ផលិតផល​​ធ្វើអំពី​កៅស៊ូ​និង​គ្រឿងសង្ហារិម​ជាដើម៕

你可能还喜欢

评论被关闭。