ព្រះបាទ នរោត្តម សីហមុនី យាងជារាជាធិបតីភាពព្រះរាជពិធីពន្លត់ភ្លើងជ័យ នៃទិវាបុណ្យឯករាជ្យជាតិ

នៅរសៀល​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា បានស្តេចយាងជា​រាជាធិបតីភាព​នៃ​ព្រះរាជ​ពិធី​ពន្លត់​ភ្លើងជ័យ​ នៃខួបលើកទី៧១ ឆ្នាំ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤ ) នៃទិវា​បុណ្យឯករាជ្យជាតិ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានចូលរួម​ដង្ហែ​ព្រះបាទ ព្រះមហាក្សត្រ ក្នុងព្រះរាជ​ពិធី​ពន្លត់​ភ្លើងជ័យនេះ។ សម្តេច មន្ត្រី ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃរាជរដ្ឋាភិបាល​កម្ពុជា និង ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត​នៃបណ្តា​ប្រទេស​ជាមិត្ត ព្រមទាំង​ភ្ញៀវជាតិ អន្តរជាតិ។ល។ ក៏មានវត្តមាន​នៅក្នុង​ព្រះរាជ​ពិធី​ពន្លត់​ភ្លើងជ័យ​នេះផងដែរ។

ទិវា​បុណ្យ​ឯករាជ្យជាតិ ៩ វិច្ឆិកា បានរម្លឹក​ឱ្យឃើញ​ពីព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិមាតុភូមិ​​និង​ប្រជារាស្ត្រខ្មែរ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតា​ឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ​បានលះបង់​ព្រះកាយពល​និង​ព្រះបញ្ញាញាណ​យ៉ាងក្លៀវក្លា​បំផុត ធ្វើការតស៊ូ​ក្នុងក្របខណ្ឌ​នៃព្រះរាជ​បូជនីយកិច្ច​ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏ពិតប្រាកដ​នៅកម្ពុជា៕

你可能还喜欢

评论被关闭。