ធនាគារជាតិជំរុញឱ្យអ្នកលក់ដូរតាមដងផ្លូវប្រើ KHQR ជាប្រាក់រៀល ដើម្បីងាយស្រួលភ្ញៀវទេសចរទូទាត់

ដើម្បី​បង្ក​ភាពងាយស្រួល​ដល់ភ្ញៀវទេសចរ​បរទេស​ ក្នុងការ​ទូទាត់​ថ្លៃទំនិញ​ផ្សេងៗ នាអំឡុងពេល​ដែលពួកគាត់កំពុង​ទស្សនា​​តាមរមណីយដ្ឋាន​នានា​នៅកម្ពុជា ​លោកស្រី​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃកម្ពុជា​ បានជំរុញ​ឱ្យអ្នកលក់ដូរ​ចំណីអាហារ​នៅតាម​ដងផ្លូវ​ទាំងអស់ ​​ប្រើប្រាស់ KHQRជាប្រាក់រៀល ប្រសើរ​ជាងប្រាក់ដុល្លារ​អាម៉េរិក។

ការលើកឡើង​របស់​លោកស្រី ជា សិរី គឺធ្វើឡើង​ក្នុងពិធី​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ទូទាត់​បាគង​ទេសចរ ជាមួយ​ក្រុមហ៊ុន​បណ្ដាញ​បណ្ណទូទាត់​អន្តរជាតិ Mastercard នាព្រឹក​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅធនាគារជាតិ​នៃកម្ពុជា។

លោកស្រី ជា សិរី ​មានប្រសាសន៍​ថា ដើម្បី​សម្រួល​ក្នុងការ​ចាយវាយ​ដល់​ភ្ញៀវទេសចរ​បរទេស​ដែលមកលេង​ប្រទេស​កម្ពុជា អាចស្កេន​តាម​កន្លែងលក់​នានា​តាមដងផ្លូវ​បានងាយស្រួល ​លុះត្រាតែ​អ្នកលក់ដូរ​ត្រូវដាក់ KHQR ជាប្រាក់រៀល បើគាត់់​អត់ដាក់​ជាប្រាក់រៀលទេ ភ្ញៀវទាំងនោះ​មិនអាច​ស្កេន​បានទេ។ ដូច្នេះ លោកអ្នក​ដែលធ្វើ​អាជីវកម្ម​ក្នុងវិស័យ​ទេសចរណ៍ ​និង​តំណាង​ក្រសួង​ទេសចរណ៍​សូមជួយ​ផ្សព្វផ្សាយ​លើ​ការងារ​នេះ​ឱ្យកាន់តែ​ទូលំទូលាយ​ផង ដោយឱ្យ​អ្នកលក់​ដាក់ KHQR ជាលុយរៀល ខណៈ​បច្ចុប្បន្ន​មាន KHQR រហូត​ដល់ទៅ​ជិត ៤ លាន​កន្លែង​នៅទូទាំង​ប្រទេស និង​កន្លែង​អាចប្រើកាត​បាន​មានតែ ៥,៥ ម៉ឺន​កន្លែងប៉ុណ្ណោះ​នៅទូទាំង​ប្រទេស។

លោកស្រីបានបន្ថែមថា ភ្ញៀវទេសចរ​បរទេស​ដែលមកលេង​ស្រុកខ្មែរ​ដែលប្រើកាត​ ត្រូវភ្ជាប់​ Bakong Tourists APP របស់​ធនាគារជាតិ​ ដោយអាច​ស្កេនបញ្ចូលកាត​ទៅក្នុង APP ហើយអាច​ស្កេន KHQR បាន​តាម​ទីតាំង​លក់ដូរ​នៅទូទាំង​ប្រទេស។

ក្រៅពីនេះ លោកស្រី ជា សិរី ក៏បាន​លើកឡើង​ពីភ្ញៀវទេសចរ​កម្ពុជា​មួយចំនួន​ទៅប្រទេស​វៀតណាម ថៃ និង ប្រទេស​ឡាវ មិនអាច​ស្កេនបាន​តាម KHQR ដោយសារ​ការចាយវាយ​នៅក្រៅ​ប្រទេស ដូចជានៅប្រទសថៃ វៀតណាម និង ប្រទេស​ឡាវ អាចស្កេន​បាន​សម្រាប់តែ​ធនាគារ​មួយចំនួន​ប៉ុណ្ណោះ ខណៈ​មានធនាគារ​ដ៏ទៃទៀត​កំពុង​ធ្វើសន្ធានកម្ម​ជាបណ្តើរៗ​ ដើម្បី​អាចឱ្យ​អតិថិជន​របស់​ខ្លួនអាច​ចាយវាយ​ឬស្កេន​នៅប្រទេស​ទាំងនោះ​បាន ប៉ុន្តែ​លុះត្រាតែ​អតិថិជន​មានគណនី​ជាប្រាក់រៀល​ បើគាត់​អត់មានទេ​ គាត់អត់​ចាយ​បានទេ។ តែអ្វី​ដែលច្បាស់អាច​យកទៅ​ទូទាត់​នៅតាម​ប្រទេស​ទាំងនោះ​បាន គឺប្រើ​ប្រព័ន្ធ​អេបបាគង​នៃធនាគារជាតិ​នៃ​កម្ពុជា៕

你可能还喜欢

评论被关闭。