ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ កើនឡើងគួរឱ្យកត់សម្គាល់
ស្របពេលវិស័យទេសចរណ៍កម្ពុជាកំពុងមានការងើបឡើងវិញ ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានមានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកើនពីជាង ២០ ជើងដល់ជាង ៥០ ជើង ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរណ៍កម្ពុជា។
មន្ត្រីប្រចាំអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានកើនឡើងពីជាង ២០ ជើង (ទាំងឡើងនិងចុះ) ទៅដល់ជាង ៥០ ជើងឬ ៥៦ ជើង (ទាំងឡើងទាំងចុះ) ក្នុងមួយថ្ងៃ ហើយភ្ញៀវធ្វើដំណើរក្នុងមួយថ្ងៃក៏មានកំណើនជាង ៥ ០០០ ទៅ ៦ ០០០ នាក់ដែរ។
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីនិងក្រុមហ៊ុនអាកាសចរណ៍ Air Asia កម្ពុជា បានបង្កើនជើងហោះហើរពីប្រទេសសិង្ហបុរីមកអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ខណៈក្រុមហ៊ុនអាកាសចរណ៍ Air Asia កម្ពុជាក៏បង្កើនជើងហោះហើរទៅភូកេត ប្រទេសថៃផងដែរ។
ដោយឡែក នៅខែមករា ឆ្នាំ២០២៥ នឹងមានការតភ្ជាប់ជើងហោះហើរទៅប្រទេសកូរ៉េតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Sky Angkor រីឯក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Indigo ក៏គ្រោងតភ្ជាប់ការហោះហើរមកអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៨ លាននាក់ មានការកើនឡើង ២២,២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។
ស្ថានភាពអំណោយផលពីអាកាសធាតុ ភាពទាក់ទាញចំពោះភ្ញៀវទេសចរ ម្ហូបអាហារ និង វប្បធម៌ប្រពៃណីខ្មែរ ជាកត្តាសំខាន់ដែលធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិចង់មកទស្សនាប្រទេសកម្ពុជា។
គួររម្លឹកថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង អ៊ីប៉ (Wang Yubo) អភិបាលខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន៕
评论被关闭。