ឯកអគ្គរាជទូតហូឡង់ដ៏ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំ
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានពិភាក្សាការងារជាមួយលោក Remco Johannes van Wijngaarden ឯកអគ្គរាជទូតហូឡង់ដ៏ប្រចាំកម្ពុជា (ដែលមាននិវាសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ) នៅវិមានសន្ដិភាព រាជធានីភ្នំពេញ។
លោក Remco Johannes van Wijngaarden បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនិងរីកចម្រើននៅកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ច។ លោកបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ដ៏និងកម្ពុជា ព្រមទាំងប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។
ជាការឆ្លើយតប សម្ដេចបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីសោមនស្សចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជានិងហូឡង់ដ៏ ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនហូឡង់ដ៏ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជានៅលើវិស័យសំខាន់ៗមួយចំនួននាពេលកន្លងមក។
សម្ដេចធិបតីបានលើកទឹកចិត្តលោក Remco Johannes van Wijngaarden បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។
នៅក្នុងជំនួបនេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Remco Johannes van Wijngaarden បានកត់សម្គាល់ដោយការពេញចិត្តចំពោះការដាក់ចេញនូវយន្តការពិគ្រោះយោបល់ទេ្វភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលចូលរួមចំណែកដល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជំនួបនេះក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្មនិងវិនិយោគ។
ក្នុងឱកាសនេះផងដែរ សម្ដេចធិបតីបានចែករំលែកជូនលោក Remco Johannes van Wijngaarden អំពីការដាក់ចេញនូវគោលនយោបាយ យន្តការ និង ការលើកទឹកចិត្តនានាប្រកបដោយភាពទាក់ទាញនិងជាក់ស្ដែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៏ដូចជាធានានូវបរិយាកាសវិនិយោគនិងភាពប្រកួតប្រជែងរបស់កម្ពុជា។
លោក Remco Johannes van Wijngaarden ក៏បានគូសបញ្ជាក់ថា ក្រុមហ៊ុនឯកជនហូឡង់ដ៏ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា ក៏ទទួលស្គាល់បរិយាកាសវិនិយោគកាន់តែប្រសើរឡើងនៅប្រទេសកម្ពុជាដែរ ហើយរាជរដ្ឋាភិបាលហូឡង់ដ៏នឹងបន្តគាំទ្រក្រុមហ៊ុនឯកជនហូឡង់ដ៏មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Remco Johannes van Wijngaarden ក៏បានផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់និងអន្តរជាតិមួយចំនួនផងដែរ៕
评论被关闭。