សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះមហាសន្និបាតសភាពាណិជ្ជកម្មត្រកូល លីន ពិភពលោក

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានចាត់ទុក​ព្រឹតិ្តការណ៍​មហា​សន្និបាត​ត្រកូល លីន ​ពិភពលោកជាស្ពាន​ធុរកិច្ចដ៏សំខាន់​មួយសម្រាប់​កម្ពុជា នឹងមាន​ការប្រាស្រ័យ​ទាក់ទង​គ្នា​ដែលបង្កើត​បាននូវ​ការរួម​បញ្ចូលគ្នា​និងការតភ្ជាប់​គ្នារវាង​ធុរកិច្ច​និង​ធុរកិច្ច​ ជាពិសេសរវាងប្រទេសកម្ពុជានិងប្រទេសចិន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើង​បែបនេះ​ ក្នុងឱកាសដែលសម្តេច​បានអញ្ជើញ​ជាអធិបតី​ក្នុងពិធី​សំណេះសំណាល​និង​ពិសាភោជនាហារសាមគ្គី​ជាមួយ​សហគ្រិន​ត្រកូល​ លីន ​ពិភពលោក ដែលមកពី​ ១៥ ប្រទេសនិង ៣៨ តំបន់ ដែលបាន​មក​កម្ពុជា​ចូលរួម​មហា​សន្និបាត​សភា​ពាណិជ្ជកម្ម​ត្រកូល លីន ​ពិភពលោក កាលពី​ល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ រាជធានី​ភ្នំពេញ។

មានប្រសាសន៍​ក្នុងឱកាស​ពិធី​ដ៏អធិកអធម​នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទ្បើង​ពីកត្តា​ទាក់ទាញ​ដែលកម្ពុជា​ផ្តល់ជូន​ដល់ធុរកិច្ច​និង​វិនិយោគ​បរទេស មានជាអាទិ៍៖

ទី១. ប្រទេស​កម្ពុជា​បានផ្តល់នូវ​បរិយាកាស​សន្តិភាព​និង​ស្ថិរភាព​ជាកត្តា​មូលដ្ឋាន ដែលអនុញ្ញាត​ឱ្យ​អ្នកវិនិយោគ​ធ្វើការ​សម្រេចចិត្ត​អំពី​ទីតាំង​ដែលត្រូវ​វិនិយោគ។

ទី២. កម្ពុជា​ផ្តល់ជូននូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ដោយជាប់​ចំណាត់ថ្នាក់​ជាទីផ្សារ​ដែលកំពុង​រីកចម្រើន​បំផុត​សម្រាប់​ការវិនិយោគ​បរទេស​នៅឆ្នាំ២០២៤ ដែលនេះ​បានផ្តល់​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) យ៉ាងរឹងមាំ អតិផរណា​ទាបជាង៣% និងការពង្រីក​ផ្នែកវិនិយោគ​ដោយផ្ទាល់​ពីបរទេស (FDI)។

ទី៣. កម្ពុជា​មានបរិយាកាស​ធុរកិច្ច​ប្រកបដោយ​ភាពស្និទ្ធស្នាល​និង​ឆ្លើយតប​ទៅនឹង​វិនិយោគ។ ច្បាប់វិនិយោគ​របស់​កម្ពុជា​មានលក្ខណៈ​សេរី​ជាមួយ​នឹងការ​លើកទឹកចិត្ត​ចម្រុះ មានភាព​បត់បែន និង មានការ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ។

ទី​៤. កម្ពុជា​​ជា​ទីតាំង​​យុទ្ធសាស្ត្រ​និង​ទទួលបាន​​ឱកាស​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា។ ការវិនិយោគ​​នៅ​កម្ពុជា គឺមិនត្រឹម​តែ​​វិនិយោគ​សម្រាប់​ទីផ្សារ​ប្រជាជន​ ១៧ ​លាន​នាក់ប៉ុណ្ណោះទេ ប៉ុន្តែ​ជាការបើក​ឱកាស​ទៅកាន់​តំបន់​ផ្សេងទៀត​លើពិភពលោក ដោយសារ​កម្ពុជា​មានកិច្ចព្រមព្រៀង​ជាច្រើន រួមទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន កម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​រវាង​កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់ (RCEP) ក៏ដូចជា​ការផ្តល់ជូន​ជាច្រើនទៀត និងការផ្តល់ជូន​លើទីផ្សារ​នៅអឺរ៉ុប​និង​ប្រទេស​ដទៃទៀត ដូច្នេះ​ការ​វិនិយោគ​នៅ​កម្ពុជា​គឺជា​ការ​វិនិយោគ​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​នៅលើ​​ពិភពលោក។

ទី៥. កម្ពុជា​មានយុវជន​ថាមវន្ត​និង​ប្រជាជន​និយាយ​ភាសា​អង់គ្លេស។ ៦០%នៃ​ចំនួន​ប្រជាជន​កម្ពុជា​មានអាយុ​ក្រោម ៣៥ ឆ្នាំ។ ប្រទេស​កម្ពុជា​បានអនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកទេស វិជ្ជាជីវៈ​ទូលំទូលាយសម្រាប់​មនុស្ស​វ័យក្មេងចំនួន ១,៥ លាននាក់ នេះធានា​ថាកម្ពុជា​មានសមត្ថភាព​ក្នុងការ​ផ្តល់ជូន​អាជីវកម្ម​នូវកម្លាំង​ពលកម្ម​ដែលត្រៀម​រួចជាស្រេច​ដើម្បី​បំពេញ​តម្រូវការ។

ទី៦. កម្ពុជា​មានហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់ ដោយកម្ពុជា​បាននិង​កំពុង​ពង្រីក​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន ដើម្បី​ធ្វើសមាហរណកម្ម​និង​តភ្ជាប់​បណ្តាញ​ដឹកជញ្ជូន​របស់​កម្ពុជា​ទៅនឹង​ច្រករបៀង​សេដ្ឋកិច្ច​សំខាន់ៗ ក៏ដូចជា​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​និង​មជ្ឈមណ្ឌល​នាំចេញ​សំខាន់ៗ​នៅក្នុង​តំបន់។ ចំណែកឯ​សេដ្ឋកិច្ច​បៃតង​និង​ឌីជីថល ​ជា​តំបន់​​ថ្មីនិង​​ជា​អាទិភាព​​ថ្មី​របស់រាជ​រដ្ឋាភិបាល ដោយរាជរដ្ឋាភិបាល​បានប្តេជ្ញាចិត្ត​ចំពោះ​ថាមពល​ប្រកបដោយ​និរន្តរភាព ជាមួយ​នឹងសក្តានុពល​ថាមពល​ពន្លឺ​ព្រះអាទិត្យ​និង​វារីអគ្គិសនី។

ជាចុងក្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែង​នូវក្តីសង្ឃឹម​និងជឿជាក់​ថា ព្រឹត្តិការណ៍​មហា​សន្និបាត​ត្រកូល លីន ​ពិភពលោក​ដ៏មានសារៈសំខាន់​នេះ នឹងវិលត្រឡប់​មកកម្ពុជា​ជាថ្មី​ម្តងទៀត​នាពេល​អនាគត៕

你可能还喜欢

评论被关闭。