ព្រះមហាក្សត្រតែងតាំងសមាសភាពនៃឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រមចំនួន ១១ រូប
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំងសមាសភាពឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រមចំនួន ១១ រូប។
សមាសភាពឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រមចំនួន ១១ រូប រួមមាន៖
១. លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាសមាជិក ទី១ នៃឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម។
២. លោក ជីវ កេង ប្រធានតុលាការកំពូល ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម
៣. លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម
៤. លោក លាង សួគ៌ ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម
៥. លោក អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម
៦. លោក ប្លង់ ឆ្លាម ជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម
៧. លោកស្រី ប៊ុន្នីញ ប៊ុណ្ណារី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
៨. លោក វ៉េង ប៊ុនធឿន ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
៩. លោក សេង ប៊ុនឃាង ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
១០. លោក អ៊ីវ បូរិន្ទ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
១១. លោក ស្រ៊ា រតនៈ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមគឺជាស្ថាប័នកំពូលរបស់ជាតិ បង្កើតឡើងក្នុងគោលបំណងជួយព្រះមហាក្សត្រដើម្បីធានាឯករាជ្យនៃអំណាចតុលាការ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានវិសាលភាពអនុវត្តទៅលើចៅក្រមនិងព្រះរាជអាជ្ញានៅទូទាំងប្រទេសកម្ពុជា លើកលែងតែមានច្បាប់ដោយឡែកកំណត់ផ្សេងពីនេះ។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានអង្គព្រះមហាក្សត្រគង់ជាព្រះប្រធាន អមដោយសមាជិកចំនួន ១១ រូប ដែលមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ឥស្សរជនដែលជ្រើសតាំងដោយព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និង ការជ្រើសតាំងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ សមាជិកមួយចំនួនទៀតគឺជ្រើសតាំងតាមរយៈការបោះឆ្នោតក្នុងចំណោមចៅក្រមនិងព្រះរាជអាជ្ញានៃសាលាជម្រះក្តីជាន់ខ្ពស់ រួមទាំងចៅក្រមពេញសិទ្ធិនិងព្រះរាជអាជ្ញាពេញសិទ្ធិនៃសាលាដំបូង។
សមាជិកជ្រើសតាំងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវបានជ្រើសក្នុងចំណោមឥស្សរជនជាចៅក្រម ឬព្រះរាជអាជ្ញាពេញសិទ្ធិឬជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជនដែលមានបទពិសោធការងារយ៉ាងតិច ១៥ ឆ្នាំឡើងក្នុងវិស័យច្បាប់ឬតុលាការ។ សមាជិកជ្រើសតាំងទាំងនេះមានអាណត្តិ៥ ឆ្នាំ ហើយអាចឈរឈ្មោះជាថ្មីសម្រាប់អាណត្តិបន្តបន្ទាប់ទៀតបាន។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានសមត្ថកិច្ចសម្រេចនិងលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្ដូរ ការផ្ដាច់ពីមុខងារ ការដាក់ឱ្យនៅក្រៅក្របខណ្ឌ ការដាក់ឱ្យនៅទំនេរ និងការលុបឈ្មោះចៅក្រមនិងព្រះរាជអាជ្ញាទាំងអស់។ ជាមួយគ្នានេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមមានសិទ្ធិពិនិត្យនិងសម្រេចចំពោះការដាក់វិន័យនិងការកំណត់ក្រមសីលធម៌ដល់ចៅក្រមនិងព្រះរាជអាជ្ញា។
បន្ថែមពីនេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបានពិគ្រោះមតិជាចាំបាច់ ដើម្បីផ្តល់យោបល់លើសេចក្តីស្នើច្បាប់ឬសេចក្តីព្រាងច្បាប់ដែលទាក់ទងដល់ការរៀបចំនិងការប្រព្រឹត្តទៅនៃវិស័យតុលាការ៕
评论被关闭。