ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ចាប់ផ្តើមប្រារព្ធនៅភ្នំពេញ

ថ្ងៃនេះ​គឺជា​ថ្ងៃទីមួយ​នៃព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង សំពះ​ព្រះខែ ​អកអំបុក ដែលប្រារព្ធ​ឡើងរយៈពេល ៣ ថ្ងៃ (១៤-១៦ វិច្ឆិកា ២០២៤) នៅរាជធានីភ្នំពេញ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​នៅក្នុង​ថ្ងៃទីមួយ​នេះ ឃើញមាន​លោកតា​ លោកយាយ អ៊ំពូមីង បងប្អូន មកពី​បណ្ដាខេត្ត​ផ្សេងៗ រួមទាំង​ភ្ញៀវទេសចរ​បរទេស បានប្រមូល​ផ្តុំគ្នា​នៅតាម​មាត់​ទន្លេចតុមុខ រាជធានី​ភ្នំពេញ ដើម្បី​ដើរកម្សាន្ត​ និង​ទស្សនា​ការប្រណាំង​ទូក-ង​ និងស្តង់ពិព័រណ៍​ផ្សេងៗ​ជាច្រើន បង្កើត​បានជា​ទិដ្ឋភាព​ និង​បរិយាកាសយ៉ាងអធិកអធម​ និងសប្បាយ​រីករាយ។

យោងតាម​គណៈកម្មការ​រៀបចំ​កម្មវិធី​បានឱ្យដឹងថា ក្នុងឱកាស​នៃព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង សំពះ​ព្រះខែ អកអំបុក ឆ្នាំ២០២៤ នេះ មានទូក-ងចូលរួម​ប្រកួត​សរុប​ចំនួន ៣៤៦ ទូក ក្នុងនោះ​មានជា​ប្រភេទ​ទូកអុំ ទូកចែវ និង ទូកខ្នាត​អន្តរជាតិ។

នាពេលល្ងាច បន្ទាប់ពី​ការប្រណាំង​ទូក-ង​បានបញ្ចប់ ក៏មានការបណ្តែតប្រទីប​របស់​បណ្តា​ក្រសួង-ស្ថាប័នរដ្ឋ​សរុប​ចំនួន ៣៦ ប្រទីប ជាមួយការ​អុជកាំជ្រួច​យ៉ាងស្រស់ស្អាតផងដែរ។ ដោយឡែក នៅតាម​សួនច្បារ​ម្តុំមាត់ទន្លេ​និងកោះពេជ្រ​ក៏មាន​ការប្រគំ​តន្ត្រី​ដែលមានតារាចម្រៀង​និងសិល្បករ សិល្បការិនី​ល្បីៗ​ជាច្រើន​​ផងដែរ៕

你可能还喜欢

评论被关闭。