ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចែករំលែកព័ត៌មាន នៃវឌ្ឍនភាពការវិនិយោគផ្ទាល់ពីបរទេសជូនមន្ត្រីការទូតកម្ពុជា

មន្ត្រី​ជាន់ខ្ពស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានចែករំលែកនូវព័ត៌មាន​ស្តីពី​វឌ្ឍនភាព​ នៃ​ការវិនិយោគផ្ទាល់​ពីបរទេស​មក​កម្ពុជា និងខ្លឹមសារ​គន្លឹះ​ពាក់ព័ន្ធ​នឹង “គោលនយោបាយ​និង​លិខិតុបករណ៍​គតិយុត្ត​សំខាន់ៗ ​សម្រាប់​ការទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពីបរទេស”។

ការចែករំលែក​នេះធ្វើឡើង​តាមរយៈ​សិក្ខាសាលា ​ស្តីពី​បច្ចុប្បន្នភាព​គោលនយោបាយ​សេដ្ឋកិច្ច សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ និងមន្រ្តី​ការទូត​កម្ពុជា​ដែលកំពុង​បំពេញ​បេសកកម្ម​ការទូត​នៅទូទាំង​ពិភពលោក។ សិក្ខាសាលា​នេះធ្វើឡើង​នៅសណ្ឋាគារ​ Hyatt Regency ភ្នំពេញ។

លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា បានធ្វើជាវាគ្មិន​ចែករំលែក​នូវព័ត៌មាន​ស្តីពី​វឌ្ឍនភាព​នៃការវិនិយោគផ្ទាល់​ពីបរទេស​មក​កម្ពុជា និងខ្លឹមសារ​គន្លឹះ​ពាក់ព័ន្ធ​នឹង “គោលនយោបាយ​និង​លិខិតុបករណ៍​គតិយុត្ត​សំខាន់ៗ​សម្រាប់​ការទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពីបរទេស”។

លោកបាន​លើកឡើង​អំពី​សារៈសំខាន់​នៃការបញ្ជ្រាប​ព័ត៌មាន​ជូនដល់​វិនិយោគិន​ អំពី​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​កម្ពុជា ភាពបើកចំហ​នៃរបប​វិនិយោគ ការធានា​និងការការពារ​វិនិយោគ ព្រមទាំង​របប​លើកទឹកចិត្ត​ដ៏ទូលំទូលាយ​ចំពោះ​វិស័យ ​និង​សកម្មភាព​វិនិយោគ​ជាច្រើន ដោយមាន​កំណត់​ច្បាស់​នៅក្នុង​ច្បាប់ស្តី​ពីវិនិយោគ​ និង​អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​ច្បាប់​ស្តីពី​វិនិយោគ ដែលជា​ឯកសារ​គោល​ សម្រាប់​ផ្តល់នូវ​ភាពអាច​ប៉ាន់ប្រមាណ​បាន សម្រាប់​ការសម្រេចចិត្ត​វិនិយោគ​នៅ​កម្ពុជា។

លោក សរ សិនិរ៉ា ក៏បាន​រំលេច​ផងដែរ​អំពី​សក្តានុពល​ទីផ្សារ​ប្រទេស​ក្នុងតំបន់​អាស៊ាន ទីផ្សារ​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់ (RCEP) ទីផ្សារ​ប្រទេស​កូរ៉េ​ខាងត្បូង ទីផ្សារ​ប្រទេសចិន និង ទីផ្សារ​អេមីរ៉ាតអារ៉ាប់រួម ដែលវិនិយោគិន​អាចនាំចេញ​នូវ​ផលិតផល​ដែលផលិត​នៅកម្ពុជា​ទៅកាន់​ទីផ្សារទាំងនេះ ដោយអត្រា​ពន្ធសូន្យ ​ឬអត្រាពន្ធ​ទាប ក្រោមក្របខណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី។

ទន្ទឹមនឹងនេះ លោកក៏បាន​រំលេច​អំពី​ស្ថានភាព​ចុះបញ្ជី​គម្រោង​វិនិយោគ​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ដោយការ​ធ្វើបទបង្ហាញ​ការប្រៀបធៀប​តួលេខ​ជាក់ស្តែង​នៃកំណើន​ការអនុម័ត​គម្រោង​វិនិយោគ ​និងទុនវិនិយោគ​ក្នុងអំឡុង​ ១០ ខែ​នៃឆ្នាំ២០២៣ និង​ឆ្នាំ២០២៤ ដែលមាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់។

ជាក់ស្តែង រយៈពេល ១០ ខែ (មករា-តុលា) នៃឆ្នាំ២០២៣ CDC បានចុះបញ្ជី​គម្រោង​វិនិយោគ​សរុប​ចំនួន ២២៧ គម្រោង ក្នុងទុន​វិនិយោគ​សរុប​ប្រមាណ​ជាង ៤ ប៊ីលាន​ដុល្លារអាម៉េរិក ដែលបង្កើតបាន​ឱកាស​ការងារ​ចំនួន ២៦០ ៤៧០ កន្លែង ខណៈ​រយៈពេល ១០ ខែ (មករា-តុលា) នៃឆ្នាំ២០២៤កំណើន​គម្រោង​វិនិយោគ​មានសន្ទុះ​រហូតដល់ ៣៤៦ គម្រោង និងមានទុន​វិនិយោគ​ប្រមាណ​ជាង ៥ ប៊ីលាន​ដុល្លារអាម៉េរិក ដែលបង្កើតបាន​ឱកាសការងារ​រហូតដល់ ២៦៨ ២៤២ កន្លែង៕

你可能还喜欢

评论被关闭。