ព្រះករុណា ព្រះបាទនរោត្តម សីហមុនី យាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីបើកការប្រណាំងទូក
នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបើកការប្រណាំងទូក នៅព្រះពន្លាជ័យខាងមុខព្រះបរមរាជវាំង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រារព្ធឡើងនៅទន្លេចតុម្មុខ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ព្រះរាជពិធីនេះ ក៏មានការយាងនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូតនានាប្រចាំកម្ពុជា ព្រះញាតិវង្សានុវង្ស និង ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូប។
ក្រោយកម្មវិធីប្រណាំងទូក-ងថ្ងៃទីមួយបានបញ្ចប់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ក៏បានសព្វព្រះរាជហឫទ័យស្ដេចយាងប្រទានភ្លើងទៀនជ័យលើប្រទីបព្រះបរមរាជវាំង ដើម្បីឱ្យប្រទីបដែលមកពីស្ថាប័នផ្សេងៗចាប់ផ្ដើមចេញដំណើរ បណ្ដែតឡើងតាមដងទន្លេសាបពីត្បូងទៅជើង ដែលអមដោយពិធីអុជកាំជ្រួច អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រារព្ធឡើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទន្លេចតុម្មុខ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ៕
评论被关闭。