លោក ហង់ជួន ណារ៉ុន ចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ ​ក្នុងពិធីបើកសន្និសីទភាសាចិនពិភពលោក

នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង កីឡា បានចូលរួម​តាមរយៈ​ប្រព័ន្ធ​អនឡាញ​ក្នុងពិធី​បើកសន្និសីទ​ភាសាចិន​ពិភពលោក ដែលប្រព្រឹត្តិទៅ​នៅទីក្រុង​ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

តាមរយៈ​ការថ្លែងសុន្ទរកថា​តាមប្រព័ន្ធ​អនឡាញ លោក ហង់ជួន ណារ៉ុន បានមាន​ប្រសាសន៍ថា រដ្ឋាភិបាល​ចិន​និង​ប្រជាជន​ចិន​បានផ្តល់​ការគាំទ្រ​ជាច្រើន​ដល់ប្រទេស​កម្ពុជា ដែលបាន​ជួយសម្រួល​ដល់ការ​បង្រៀន​ភាសាចិន​នៅកម្ពុជា ពិសេស​បានបញ្ជូន​គ្រូបង្រៀន​ភាសាចិន​មកចូលរួម​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ជំនាញ​ភាសាចិន​ជូនកម្ពុជា​ផងដែរ។

លោកបាន​លើកឡើង​ថា ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​កន្លងមកនេះ កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​ចិន​ក្នុងវិស័យ​អប់រំ ទទួលបាន​ផលផ្លែផ្កា​ជាច្រើន ជាពិសេស​ក្នុងការ​អប់រំ​ភាសាចិន។ ក្នុងឆ្នាំ២០២២ កម្ពុជា-ចិន​បានចុះហត្ថលេខា​លើអនុស្សារណៈ​យោគយល់គ្នា​នៃការអនុវត្ត​សាកល្បង​អប់រំ​ភាសាចិន​ទៅក្នុង​ប្រព័ន្ធ​អប់រំ​ជាតិនៅ​កម្ពុជា នេះជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​យុគសម័យ​ថ្មីមួយ។ ការអនុវត្ត​នេះបានបើកចំហ​ទ្វារ​សម្រាប់​សិស្សានុសិស្ស​កម្ពុជា ឱ្យមាន​ឱកាស​ស្វែងយល់​អំពី​វប្បធម៌​ចិន និងពង្រីក​ចក្ខុវិស័យ​អន្តរជាតិ ថែមទាំង​បានកសាង​ស្ពានមិត្តភាព​រវាង​ប្រជាជន​កម្ពុជា​ និង​ប្រជាជនចិន ឱ្យកាន់តែ​មានភាពស្និទ្ធស្នាល​បន្ថែមទៀត​ផងដែរ។

បន្ថែមពីនេះ លោកក៏បាន​ថ្លែងអំណរគុណ​ជាពិសេស​ចំពោះ​រដ្ឋាភិបាល​ចិន និង​ប្រជាជនចិន​ដែលបាន​ផ្តល់ការ​គាំទ្រ​ធនធាន​ជាច្រើន​ដល់ប្រទេស​កម្ពុជា រួមមាន​ប្រាក់ឧបត្ថម្ភ សៀវភៅសិក្សា និង សម្ភារបរិក្ខារ​សិក្សា​ជាដើម ដែលបាន​ជួយសម្រួល​ដល់ការ​បង្រៀន ​និងរៀន​ភាសាចិន​នៅកម្ពុជា។ លើសពីនេះ ភាគី​ចិន​ថែមទាំង​បានរៀបចំ​វគ្គបណ្តុះបណ្តាល​ និង​កម្មវិធី​ផ្លាស់ប្តូរ​ជាច្រើន ដែលបង្កើត​ឱកាស​ដល់គ្រូបង្រៀន​ភាសាចិន​ក្នុងស្រុក​នៅកម្ពុជា ក្នុងការ​ដកយក​បទពិសោធ​ និងសិក្សា​ពីវិធីសាស្ត្រ​បង្រៀន​ភាសាចិន​ថ្មីៗ ជួយពង្រឹង​សមត្ថភាព​បង្រៀន​ភាសាចិន​ក្នុងស្រុក​នៅកម្ពុជា។

លោក ហង់ជួន ណារ៉ុន បានថ្លែង​បន្ថែមថា ក្រសួងអប់រំ យុវជន និង កីឡា​កម្ពុជា ស្វាគមន៍និងចូលរួម​សហការ​គាំទ្រ​សម្របសម្រួល​នូវរាល់​គំនិត​ផ្តួចផ្តើម​កិច្ចសហប្រតិបត្តិការ​នានា​លើវិស័យ​អប់រំ ក្នុងគោលដៅ​ជំរុញ​នូវការអភិវឌ្ឍ ​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅកម្ពុជា​ឱ្យកាន់តែ​រីកចម្រើន ដើម្បី​ឈានទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៣០ និង២០៥០។

សន្និសីទ​ភាសាចិន​ពិភពលោក​នេះ រៀបចំឡើង​ដោយក្រសួង​អប់រំ​ប្រទេសចិន ក្រោមអធិបតីភាព​របស់​លោក ហាន ជឹង (Han Zheng) អនុ​ប្រធានាធិបតី​ចិន និងមានការ​ចូលរួម​ពីថ្នាក់ដឹកនាំ​ក្រសួង​អប់រំ អង្គការ​អន្តរជាតិ គ្រឹះស្ថាន​ឧត្តមសិក្សា និង គ្រឹះស្ថាន​អប់រំ​ភាសាចិន​មកពី ១៦០ ប្រទេស ចូលរួម​ផ្លាស់ប្តូរ​គំនិត​មតិយោបល់​គ្នាអំពី​ការអប់រំ​ភាសាចិន​ក្នុងប្រទេស​របស់ខ្លួន។

នៅក្នុង​ពិធីបើកសន្និសីទនេះ លោក ហាន ជឹង បានអានសារ​ជូនពរ​របស់​លោក ស៊ី ជីនភីង ប្រធានាធិបតី​ចិន​ចំពោះ​សន្និសីទ​ភាសាចិន​ពិភពលោក និងបាន​គូសបញ្ជាក់​ថា ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​ដល់ការអប់រំ​ភាសាចិន​ស្របតាម​តម្រូវការ​ជាក់ស្តែង​របស់​ប្រទេស​នានា។

ប្រធានបទ​ដែលបាន​លើកឡើង​ក្នុងសន្និសីទភាសាចិន​ពិភពលោក​នេះរួមមាន៖ ១. ការអភិវឌ្ឍ​និងអនុវត្ត​ស្តង់ដា​វិជ្ជាជីវៈ​គ្រូបង្រៀន​ភាសាចិន​ក្នុងស្រុក។ ២. ការបង្កើន​គុណភាព​អប់រំ​ភាសាចិន​ផ្សារភ្ជាប់​នឹងការអប់រំ​បច្ចេកទេស​និង​វិជ្ជាជីវៈ។ ៣. ការបណ្តុះបណ្តាល​គ្រូបង្រៀន​ភាសាចិន​ក្នុងស្រុក​និង​ការធ្វើមូលដ្ឋានីយកម្ម​ការអប់រំ​ភាសាចិន​នៅតាម​បណ្តា​ប្រទេស​នានា៕

你可能还喜欢

评论被关闭。