ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល ៣ ថ្ងៃនៅរាជធានីភ្នំពេញបានបញ្ចប់ដោយជោគជ័យ
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ រយៈពេល ៣ ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ដោយពិធីកាត់ព្រ័ត្រដែលជាកិច្ចបញ្ចប់នៃព្រះរាជពិធីនេះបានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីកាត់ព្រ័ត្រនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ជានិម្មិតសញ្ញានៃឆន្ទៈដ៏មុតស្រួចរបស់កីឡាករអុំទូកដ៏ក្លៀវក្លានិងពោរពេញដោយថាមពល ដែលជាតំណាងកងទ័ពជើងទឹក។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក រយៈពេល ៣ ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរនិងភ្ញៀវទេសចរមកពីគ្រប់ទិសទី ដោយក្នុងរយៈពេល ៣ ថ្ងៃនេះមានភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជាប្រមាណ ៧ លាននាក់៕
评论被关闭。