រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅ “វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន តំបន់ឆ្នេរសមុទ្រ ឆ្នាំ២០២៤”
កាលពីពេលថ្មីៗនេះ លោក លីម ឡោក ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុង “វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន តំបន់ឆ្នេរសមុទ្រ (Qianhai) ឆ្នាំ២០២៤” នៅទីក្រុងស៊ិនជិន (Shenzhen) សាធារណរដ្ឋប្រជាមានិតចិន។
“វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន តំបន់ឆ្នេរសមុទ្រ (Qianhai) ឆ្នាំ២០២៤” នេះ មានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ អ្នករៀបចំគោលនយោបាយ និង ធុរជន ប្រមាណជាង ៥០០ នាក់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនរួមគ្នា លើវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើន និងជំរុញសហគមន៍ធុរកិច្ចដែលប្រកបដោយភាពធន់ និងការសម្លឹងឆ្ពោះទៅមុខ។
លោក លីម ឡោក ពិសិដ្ឋ បានលើកឡើងអំពីចក្ខុវិស័យសំខាន់ៗក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដោយផ្តោតលើសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ជាមួយគ្នាននេះ លោកបានកត់សម្គាល់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនៃការធ្វើសមាហរណកម្មរួមគ្នានៅក្នុងតំបន់ឆ្នេរសមុទ្រ ក្នុងគោលដៅជំរុញពាណិជ្ជកម្ម ការចាប់យកខ្សែច្រវាក់ផ្គត់ផ្គង់ និង ការបង្កើនការតភ្ជាប់ឌីជីថល។
បន្ថែមពីនេះ លោក លីម ឡោក ពិសិដ្ឋ ក៏បានគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលយកចិត្តទុកដាក់ខ្ពស់លើការធ្វើធុរកិច្ចក្នុងប្រទេសកម្ពុជា ផ្សារភ្ជាប់រវាងអ្នកផ្គត់ផ្គង់ក្នុងស្រុកជាមួយអ្នកទិញមកពីទូទាំងពិភពលោក សំដៅបង្កើនការនាំចេញពីកម្ពុជាទៅទីផ្សារបរទេស។
នាអំឡុងពេលចូលរួមក្នុង “វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន តំបន់ឆ្នេរសមុទ្រ (Qianhai) ឆ្នាំ២០២៤” លោក លីម ឡោក ពិសិដ្ឋ ក៏បានជួបពិភាក្សាជាមួយលោក ស៊ឺ ចុងជីន (Shi Zhongjun) អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន ដោយផ្តោតលើយុទ្ធសាស្ត្រសំខាន់ៗក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ពង្រីកការនាំចេញកសិផល និង បង្កើនភាពជាដៃគូជាមួយវិស័យឯកជន។ លោក ស៊ឺ ចុងជីន បានបង្ហាញអំពីគោលបំណងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកទស្សនកិច្ចនៅកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ដែលនេះជាសញ្ញាដ៏ល្អនៃអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-ចិននិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់៕
评论被关闭。