លោកបណ្ឌិត សុខ ទូច ទទួលបាន «ពានរង្វាន់ពន្លឺនៃវិទ្យាស្ថាន ខុងជឺ» ពីប្រទេសចិន

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត​​សភាចារ្យ សុខ​ ទូច ប្រធាន​​រាជបណ្ឌិត្យ​សភា​​កម្ពុជា ទទួល «ពានរង្វាន់​ពន្លឺ​នៃ​វិទ្យាស្ថាន ខុងជឺ» ពី​ប្រទេស​​ចិន ដោយ​ប្រគល់​​ដោយលោក ហាន ជឹង (Han Zheng) អនុប្រធានា​ធិបតី​​ចិន នៅ​ក្នុង​​កម្មវិធី​​មហា​​សន្និបាត​​ភាសា​ចិន​​ពិភពលោក។

លោក ហាន ជឹង អនុប្រធានាធិបតីចិនប្រគល់ «ពានរង្វាន់ពន្លឺនៃវិទ្យាស្ថាន ខុងជឺ» ជូនលោកបណ្ឌិត សុខ ទូច

វិទ្យាស្ថាន​ខុង ជឺ​​នៃ​​រាជបណ្ឌិត្យ​សភា​​កម្ពុជា​​បានចាត់​ទុក​ថា នេះ​មិនមែន​​ត្រឹមតែ​ជា​​កិត្តិយស​​សម្រាប់​​វិទ្យាស្ថាន​ ខុងជឺ ​ប៉ុណ្ណោះទេ ពោលគឺ​​សម្រាប់​​ប្រទេស​កម្ពុជា​​ទាំងមូល​​ផង​ដែរ ពីព្រោះ​​វិទ្យាស្ថាន ខុងជឺ គឺជា​គ្រឹះស្ថាន​អប់រំ​​ភាសា​ចិន​​តែ​មួយគត់​​នៅក្នុង​​ប្រទេស​កម្ពុជា និង​ក្នុង​​ចំណោម​​គ្រឹះស្ថាន​​អប់រំ​ភាសាចិន​​ចំនួន ៣៤ ផ្សេងទៀត​​លើ​ទូទាំង​​ពិភពលោក​​ដែលទទួល​បាន​​ពាន​រង្វាន់​​មួយនេះ។

ការទទួល​បាន «ពានរង្វាន់​ពន្លឺ​នៃ​វិទ្យាស្ថាន ខុងជឺ» គឺ​សបញ្ជាក់​​ឱ្យ​ឃើញ​ថា វិទ្យាស្ថាន ខុងជឺ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​​ដែល​មាន​ការ​ត្រួសត្រាយ​​ចង្អុល​បង្ហាញ​ផ្លូវ​​ពីលោកបណ្ឌិត​​សភាចារ្យ សុខ ទូច  ព្រមទាំង​​មានការ​ចូលរួម​​ចំណែក​​ពីលោកគ្រូ អ្នកគ្រូ ក្រុមការងារ និង ការគាំទ្រ​​ពីភាគី​​ពាក់ព័ន្ធ វិទ្យាស្ថាន​​បានខិតខំ​រួម​ចំណែក​​យ៉ាងច្រើន​​លើការ​បណ្តុះ​បណ្តាល​​ធនធាន​​ភាសា​ចិន ការផ្លាស់​ប្តូរ​​វប្បធម៌ និង ការរឹតចំណង​មិត្តភាព​កម្ពុជា-ចិន រហូត​​ទទួល​បាន​​កិត្តិយស​​មួយនេះ។

សូមបញ្ជាក់​ថា មហា​​សន្និបាត​​ភាសាចិន​​ពិភពលោក​នេះ ត្រូវបាន​​រៀបចំ​ឡើង​ដោយ​​មជ្ឈមណ្ឌល​​កិច្ច​សហប្រតិបត្តិការ​ និង​​ផ្លាស់ប្តូរ​​ភាសាចិន​-បរទេស​​នៃ​ក្រសួង​​អប់រំ​ចិន មូលនិធិ​​អប់រំ​​ភាសាចិន​​អន្តរជាតិ និង សមាគម​​អន្តរជាតិ​​សម្រាប់​​ការ​បង្រៀន​​ភាសា​ចិន។ លោកបណ្ឌិត សុខ ទូច ក្នុង​នាម​​ប្រធាន​​រាជ​បណ្ឌិត្យ​សភា​​កម្ពុជា និង​ជា​​សហប្រធាន​​ក្រុម​ប្រឹក្សា​​ភិបាល​វិទ្យាស្ថាន ខុងជឺ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បានឡើង​ទទួល «ពានរង្វាន់​ពន្លឺ​នៃ​វិទ្យាស្ថាន ខុងជឺ» នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​​ប្រមាណ​​ជាង ២ ០០០ នាក់មកពី ១៦០ ប្រទេស​នៅលើ​ពិភពលោក៕

你可能还喜欢

评论被关闭。