កម្ពុជា​នឹង​រៀបចំការ​ប្រណាំង​ឡាន OFFROAD អន្តរជាតិ អម​ដោយបោះតង់​តាម​មាត់​សមុទ្រនៅខេត្តព្រះសីហនុ

សហព័ន្ធ​​កីឡា​​យានយន្ត​​កម្ពុជា​​នឹង​រៀបចំ​​ព្រឹត្តិការណ៍​​ប្រណាំង​​យានយន្ត OFFROAD អន្តរជាតិ​​ជា​លើក​​ដំបូង​​នៅ​មាត់​​សមុទ្រ ដើម្បី​​ជា​ផ្នែក​​មួយជួយ​​ជំរុញ​វិស័យ​​កីឡា​​​យានយន្ត​​និង​​ទេសចរណ៍​។

លោក ទៀ ស្យាម អនុ​ប្រធាន​​សហព័ន្ធ​​​កីឡា​​យានយន្ត​​កម្ពុជា និង​​ជា​​ប្រធាន​​ក្លិប​កីឡា​​មហា​គ្រួសារ OFFROAD កម្ពុជា ​បានឱ្យ​ដឹង​​នៅ​​ក្នុង​​សន្និសីទ​​សារព័ត៌មាន​​នៅ​ព្រឹក​​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​ថា ដោយសារ​កីឡាករ​កម្ពុជា​​​មាន​បទ​ពិសោធ​​ច្រើន​​ទាំង​ការ​​ប្រកួត​​ក្នុង​​ស្រុក​និង​​ក្រៅស្រុក ហើយ​ទី​តាំង​​ប្រកួត​​មាន​អំណោយ​​ផល​ផ្នែក​វិស័យ​​ទេសចរណ៍​​ផង​នោះ​ ​ទើប​​សហព័ន្ធ​កីឡា​​យាន​យន្ត​​កម្ពុជា​​ទទួល​​​រៀបចំ​​ព្រឹត្តិការណ៍​​ប្រណាំង​យានយន្ត​​អន្តរជាតិ​​ដ៏​ធំ​នេះ ហើយ​អ្វី​​ដែល​កាន់​តែ​​ពិសេស​​នោះ គឺ​​ការ​ប្រកួត​​នេះ​រៀបចំ​​ជា​លើក​ដំបូង​​​នៅ​តំបន់​​មាត់​សមុទ្រ​​​ដ៏​ស្រស់​ស្អាត​ក្នុងខេត្ត​ព្រះសីហនុ។

លោកលើកឡើងថា គោល​ដៅ​​ចម្បង​​របស់​​យើង​​គឺ​​ជំរុញឱ្យ​វិស័យ​​កីឡា​ប្រណាំង​យាន​យន្ត​ OFFROAD នេះឱ្យរីក​ចម្រើន ​ដើម្បី​​ធ្វើ​យ៉ាង​ណា​​ឈាន​ទៅ​​រក​​ការ​រៀបចំ​​ជា​រៀង​រាល់​ឆ្នាំ។ គោល​ដៅ​​​​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ​នេះ ​មិន​មែន​តែ​ខេត្ត​ព្រះ​សីហនុ​ទេ ប៉ុន្តែ​ទៅ​តាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា។

លោកបន្ថែមថា ប្រណាំង​យាន​យន្ត​ OFFROAD លើកនេះ មិន​ត្រឹម​តែ​ជា​ការ​ប្រណាំងយាន​យន្ត​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​មាន​កម្មវិធី​បោះ​តង់កម្សាន្ត​នៅ​មាត់​សមុទ្រ​ផងដែរ។ គណៈកម្មការ​​បាន​រៀបចំ​កម្មវិធី​បោះតង់​​រយៈពេល ៤ ថ្ងៃ ​ជា​លក្ខណៈ​គ្រួសារនិង​មិត្ត​ភក្តិ។ ក្នុង​នោះ ការ​រៀប​ចំ​តង់និង​ស្តង់​ចំណី​អាហារ​ដែល​មាន​ប្រព័ន្ធ​ទឹក​ស្អាត​និង​អគ្គិសនី​គ្រប់​គ្រាន់​​ដើម្បី​​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ចូល​រួម​​កម្សាន្ត។ ពេល​ល្ងាច​និង​​ពេល​យប់​ ពួក​គាត់​អាច​ជួប​ជុំ​កម្សាន្តសប្បាយ​រីក​រាយ​​នៅ​មាត់​សមុទ្រ​ ហើយ​​​នៅ​ពេល​ព្រឹក​​​ទៅ​ទស្សនា​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត។ ទី​តាំង​ដែល​បោះ​តង់​គឺ​នៅ​ឆ្នេរ​​ថ្ម ៣ ​ដុំ ​ជា​តំបន់​ដើម​ឈើ​ចាំ​ស្នេហ៍ ដែល​​អាច​បោះ​តង់​ប្រមាណ ​៣០០ ​ទៅ ​៤០០ ​តង់។

លោក​បាន​បញ្ជាក់​ថា ការ​ចូល​រួម​បោះ​តង់​នេះ​គឺ​គ្មាន​ការ​បង់​ប្រាក់​អ្វី​ឡើយ ដោយ​គ្រាន់​តែឱ្យ​អ្នក​ចូល​រួម​ធ្វើការចុះ​ឈ្មោះ​ជាមុន ដើម្បី​ក្រុម​ការងារ​យើង​ខ្ញុំ​រៀបចំ​ជូន។

សម្រាប់ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត OFFROAD អន្តរជាតិនេះ នឹងប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅទី​លាន​ស្តង់ដា​អន្តរជាតិ​ក្នុង​ទី​ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះ​សីហនុ។ មានកីឡាករ​ប្រមាណ ៦០ នាក់ចូលរួម​ប្រកួត ក្នុង​នោះ​មាន​កីឡាករ​កម្ពុជា​ចំនួន ៤០ ​នាក់ និង​កីឡាករ​​​បរទេស​​ជាង ២០ ​នាក់​មក​ពី​ប្រទេសចិន ​ថៃ ឡាវ និងប្រទេសវៀតណាម៕

你可能还喜欢

评论被关闭。