សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានអង្គការ IDC-CDI
នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក André Pastrana Arango ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) និងគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ IDC-CDI ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI នៅខេត្តសៀមរាប។
ក្នុងឱកាសជំនួបនោះ លោក André Pastrana Arango បានអបអរសាទរនិងកោតសរសើរសម្ដេចធិបតីដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី និងដឹកនាំប្រទេសសម្រេចបានលទ្ធផលជាច្រើន ជាពិសេសការសម្រេចបាននូវសន្តិភាព ឯកភាពជាតិ និង ការអភិវឌ្ឍសេដ្ឋកិច្ច។
លោកបានឱ្យដឹងថា គណៈប្រតិភូជាច្រើនដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនាពេលនេះ មានគោលបំណងរួមមួយ គឺការកសាងសន្តិភាព។ គណៈប្រតិភូទាំងអស់សង្ឃឹមថា នឹងទទួលបានបទពិសោធន៍បន្ថែមទៀតពីប្រទេសកម្ពុជា ដែលបានសម្រេចនូវសន្តិភាពដ៏មានសារៈសំខាន់នេះ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក André Pastrana Arango ក៏បានថ្លែងអំណរគុណប្រទេសកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI នាពេលនេះ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះអង្គការ IDC-CDI ដែលបានចូលរួមសង្កេតការបោះឆ្នោតនៅកម្ពុជានាពេលកន្លងមក និងផ្ដល់យុត្តិធម៌ដល់ការបោះឆ្នោតបែបប្រជាធិបតេយ្យក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសកម្ពុជា។ សម្ដេចបានគូសបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការ IDC-CDI នាពេលនេះ ប្រព្រឹត្តទៅនៅចំពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើន ហើយកិច្ចប្រជុំនេះបានក្លាយជាវេទិកាសម្រាប់ទាំងអស់គ្នាក្នុងការកសាងនូវការតភ្ជាប់ ក៏ដូចជាទំនាក់ទំនងគ្នាបន្ថែមទៀត និងផ្ដល់កាលានុវត្តភាពក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗមួយចំនួនផងដែរ។
សម្ដេចធិបតីនិងគណៈប្រតិភូអង្គការ IDC-CDI ក៏បានពិភាក្សានិងគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់អង្គការ IDC-CDI ផងដែរ។
បន្ទាប់ពីជួបជាមួយគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ CDI-IDC សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរ៖ (១) ពិធីចុះហត្ថលេខាគាំទ្រ (Co-Sponsor) ធម្មនុញ្ញសន្តិភាពសកលដោយប្រតិភូរដ្ឋសភាហុងគ្រី។ (២) ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសភាអន្តរជាតិដើម្បីសន្តិភាពនិងភាពអត់ឱន (IPTP) និងរដ្ឋសភាហុងគ្រី៕
评论被关闭。