រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចម និម្មល ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចិន

នារសៀល​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បានជួប​ពិភាក្សា​ការងារ​ជាមួយ​លោក វ៉ាង ជិនជាំង (WANG ZHENJIANG) អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សាធារណរដ្ឋប្រជាមានិតចិននៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាស​​ជំនួបនេះ ភាគីទាំងពីរ​​បាន​ពិភាក្សា​​និង​​ផ្លាស់ប្តូរ​​យោបល់​​គ្នា​ពីកាលានុវត្តភាព​​ក្នុងការ​​ជំរុញ​​ពាណិជ្ជកម្ម​ និង​​វិនិយោគ​​ទ្វេភាគី ដើម្បី​​លើក​កម្ពស់​​ទំនាក់​ទំនង​​រវាង​​កម្ពុជា-ចិន​​ឱ្យកាន់តែ​​ប្រសើរ​​ឡើង ជាពិសេស​​តាមរយៈ​​កិច្ច​សហប្រតិបត្តិការ​​លើ​វិស័យ​​យុត្តិធម៌ ការបណ្តុះបណ្តាល​​សមត្ថភាព​​មន្រ្តី ការ​តាក់តែង​ច្បាប់ ក៏ដូចជា​​លិខិត​​បទដ្ឋាន​​គតិយុត្តិ​​នានា​​ដែលពាក់ព័ន្ធ​ នឹង​វិស័យ​​ពាណិជ្ជកម្ម​ជាដើម។

លោក វ៉ាង ជិនជាំង បានវាយ​តម្លៃខ្ពស់​​ចំពោះ​​ទំនាក់ទំនង​​រវាង​​ចិន​និង​កម្ពុជា ជា​ពិសេស​គឺទំនាក់​ទំនង​​ពាណិជ្ជកម្ម​​ទ្វេភាគី​​នៃ​ប្រទេស​​ទាំងពីរ។ លោក​ក៏បាន​កោតសរសើរ​​ចំពោះ​​ការអភិវឌ្ឍ​ និង​រីកចម្រើន​​ដ៏ឆាប់រហ័ស​​របស់​ប្រទេស​​កម្ពុជា​ក្នុងរយៈ​ពេល​ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយនេះ។

លោកស្រី ចម និម្មល បាន​ថ្លែងអំណរ​គុណ​​ចំពោះ​​រដ្ឋាភិបាល ​និង​​ប្រជាជន​​ចិន​​ដែល​តែងតែ​​គាំទ្រ​​និង​ជួយដល់​ការ​អភិវឌ្ឍ​​របស់​​ប្រទេស​​កម្ពុជា ហើយ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុងនាម​ជា​ប្រទេស​​ជាដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ក្នុងការជំរុញ​​ទំនាក់​ទំនង​​ពាណិជ្ជកម្ម​​ទ្វេភាគី​​​កម្ពុជា-ចិន ដែលក្នុង​​រយៈពេល ១០ ខែ (មករា-តុលា) នៃឆ្នាំ២០២៤នេះ ពាណិជ្ជកម្ម​​ទ្វេភាគី​​កម្ពុជា-ចិន​​សម្រេច​បាន​​ទំហំ​ទឹក​​ប្រាក់​​ជាង ១២,៣៧ ប៊ីលាន​ដុល្លារអាម៉េរិក កើនឡើង​២៣% បើធៀប​នឹងរយៈពេល​ដូចគ្នានៃឆ្នាំ២០២៣។

លោកស្រី ចម និម្មល បានសង្កត់ធ្ងន់ថា កម្ពុជា​នឹងបន្ត​ពង្រឹង​និងលើកកម្ពស់​គុណភាព​និងផលិតកម្ម​ផលិតផល​កម្ពុជា ដើម្បី​ជំរុញ​បន្ថែម​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ឱ្យបានកាន់តែ​ច្រើនថែមទៀត៕

你可能还喜欢

评论被关闭。