នាយករដ្ឋមន្ត្រីកម្ពុជាស្នើសុំរដ្ឋសភាផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​​កម្ពុជា បានលើក​សំណើ​ស្នើ​សុំ​​រដ្ឋសភា ដើម្បី​​ផ្លាស់ប្តូរ​​រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​ និងសហប្រតិបត្តិការ​​អន្តរជាតិ ដោយលោក ប្រាក់ សុខុន ត្រូវបាន​ជ្រើសឱ្យ​មកកាន់​​តំណែង​​ជារដ្ឋមន្ត្រី​​ក្រសួង​ការ​បរទេសវិញ ជំនួស​លោក សុខ ចិន្តាសោភា។

យោងតាម​​សេចក្ដី​​ប្រកាស​ព័ត៌មាន​​របស់​​អគ្គលេខាធិការ​ដ្ឋាន​​នៃ​​រដ្ឋសភា ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋសភា​​កម្ពុជា​​នឹង​បន្ត​​សម័យប្រជុំ​រដ្ឋសភា​​លើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោម​អធិបតីភាព​​​សម្តេច​​មហារដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធាន​​រដ្ឋសភា ដើម្បី​​ធ្វើការ​ពិនិត្យ​ ​និង​អនុម័ត​​លើរបៀប​វារៈ​​មួយចំនួន។

ក្នុងនោះ របៀបវារៈទី១ គឺ​ការបោះឆ្នោត​​ផ្តល់​​សេចក្តី​​ទុកចិត្ត​លើការកែសម្រួល ​និង​តែងតាំង​​បំពេញ​បន្ថែម​​សមាសភាព​​រាជរដ្ឋាភិបាល ​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​ចំនួន ២ រូប៖ (១) លោក ប្រាក់ សុខុម ជាឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​​អន្តរជាតិ។ (២) លោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។

លោក ប្រាក់ សុខុន និងលោក សុខ ចិន្តាសោភា

គួររម្លឹកថា នេះជា​ការវិលមក​កាន់តំណែង​​ចាស់វិញ​របស់​​លោក ប្រាក់ សុខុន ជា​រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​ និង​​សហប្រតិបត្តិការ​​អន្តរជាតិ ដែលលោក​ធ្លាប់បាន​​កាន់តំណែង​នេះ​តាំងពី​ឆ្នាំ២០១៦ រហូតដល់​ឆ្នាំ​២០២៣​ ហើយ​នៅក្នុង​អាណត្តិ​​រាជរដ្ឋាភិបាល ​នីតិកាលទី៧ លោក សុខ ចិន្តាសោភា ត្រូវបាន​​ជ្រើសឱ្យ​កាន់តំណែង​​រដ្ឋមន្ត្រី​​ក្រសួង​ការបរទេសនេះ​​ជំនួស​លោក ប្រាក់ សុខុន ខណៈ​ដែលលោក ប្រាក់ សុខុន បច្ចុប្បន្ន​​កាន់តួនាទី​ជាអនុប្រធាន​ទី១ ​ព្រឹទ្ធ​សភា ដែលមានសម្ដេច​​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា។

ជាការកត់សម្គាល់ នៅក្នុងឆ្នាំ២០២៤នេះ នេះជា​លើកទី២ ​ហើយដែល​​រាជរដ្ឋាភិបាល​ នីតិកាលទី៧ បានស្នើ​​រដ្ឋសភា​​ដើម្បី​​កែសម្រួល​​សមាសភាព​​រាជរដ្ឋាភិបាល ដែលលើកទី១ គឺកាលពី​​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤​កន្លងទៅ រាជរដ្ឋាភិបាល​​បានស្នើ​​ផ្លាស់ប្តូរ​​រដ្ឋមន្ត្រី​​ចំនួន ២ រូប គឺលោក ហួត ហាក់ រដ្ឋមន្ត្រី​​ក្រសួង​​អធិការកិច្ច ត្រូវមក​កាន់​តំណែង​​ជារដ្ឋមន្ត្រី​​ក្រសួង​​ទេសចរណ៍ ជំនួស​លោក សុខ សូកេន ដែលត្រូវ​​ប្តូរទៅ​កាន់​តំណែង​ជារដ្ឋមន្ត្រី​​ក្រសួង​អធិការកិច្ច​វិញ។

ដោយឡែក របៀបវារៈទី២ គឺ​ការពិភាក្សា​​និង​អនុម័ត​លើយោបល់​​ស្នើសុំ​​កែសម្រួល​​ចំណងជើង ​និង​បទប្បញ្ញត្តិ​​នៃ​​សេចក្តី​​ព្រាងច្បាប់​ស្តីពី ការអនុម័ត​​លុបចោល​​កិច្ចព្រមព្រៀង​​ស្តីពី​​ការជំរុញ​ និង​​សម្រួល​​ពាណិជ្ជកម្ម​តំបន់​​ត្រីកោណ​អភិវឌ្ឍន៍​​កម្ពុជា-ឡាវ-វៀតណាម។

របៀបវារៈទី៣ គឺការពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២៣។

របៀបវារៈទី៤ គឺការពិភាក្សា​និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២៥៕

你可能还喜欢

评论被关闭。