ក្រុមហ៊ុនជប៉ុនមានសុទិដ្ឋិនិយមលើការវិនិយោគវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និង វិស័យវារីវប្បកម្មនៅកម្ពុជា

ក្រុមហ៊ុន​ជប៉ុន​​ចំនួន ២៦ បានបង្ហាញ​អំពី​សុទិដ្ឋិនិយម​ក្នុងការ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា លើវិស័យ​កសិកម្ម ការកែច្នៃ​ម្ហូបអាហារ និង វិស័យ​វារីវប្បកម្ម។

នាព្រឹក​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធាន​សមាគម​ជប៉ុន-កម្ពុជា និងគណៈប្រតិភូ​ក្រុមហ៊ុន​ជប៉ុន នៅវិមាន​សន្តិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក តាកាហាស៊ី ហ្វូមីអាគី បានរាយការណ៍​ជូន​សម្ដេចធិបតី​អំពីប្រវត្តិ ​និង​​វឌ្ឍនភាព​នៃការងារ​របស់​សមាគម​ក្នុងរយៈពេល​កន្លងមក ដែលបាន​ចូលរួម​ចំណែក​ក្នុងការជំរុញ​ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការ​រវាង​ជប៉ុន ​និង​កម្ពុជា។ សមាគម​នេះបាន​បើកដំណើរ​ការិយាល័យ​របស់​ខ្លួន​ប្រចាំ​កម្ពុជា​កាលពី​ខែមេសា ឆ្នាំ២០២៤ និងបាន​សហការ​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បង្កើត​សាលា​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ចំនួន ៣ រួមមាន៖ សាលា​បណ្ដុះបណ្ដាល​ជំនាញ​ជួសជុល​យានយន្ត សាលា​បណ្ដុះបណ្ដាល​ជំនាញ​តុបតែង​និង​កែសម្ផស្ស និង សាលា​បណ្ដុះបណ្ដាល​ជំនាញ​វិស្វកម្ម​ព័ត៌មាន​វិទ្យា។

ទន្ទឹម​នឹងនេះ លោក តាកាហាស៊ី ហ្វូមីអាគី បានបន្ថែម​ថា ដំណើរ​បេសកកម្ម​ធុរកិច្ច​នៅកម្ពុជា​នាឱកាសនេះ មានក្រុមហ៊ុន​ជប៉ុន​​ចំនួន ២៦ ក្រុមហ៊ុន​បានចូលរួម ​និង​បានបង្ហាញ​ចំណាប់​អារម្មណ៍​ក្នុងការស្វែងរក​ឱកាស​វិនិយោគ​នៅកម្ពុជា​លើវិស័យ​មួយចំនួន​​ ដូចជា​វិស័យកសិកម្ម ការកែច្នៃ​ម្ហូបអាហារ និង វិស័យ​វារីវប្បកម្ម។ នេះគឺ​ដោយសារ​ជប៉ុន​បានមើលឃើញ ​និងបាននិងកំពុងតែ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​សក្កានុពល​វិនិយោគ​របស់​ប្រទេស​កម្ពុជា ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន ជាពិសេស​ប្រភេទ​សហគ្រាស​ធុនតូច ​និង​មធ្យម (SME) ជប៉ុន​មកវិនិយោគ​នៅកម្ពុជា​ថែមទៀត ព្រមទាំង​បានបង្ហាញ​ពីការប្តេជ្ញាចិត្ត ក្នុងការ​បន្ត​ចូលរួម​ពង្រឹង ​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​លើវិស័យ​ឧស្សាហកម្ម​និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃ​ខ្ពស់​ចំពោះ​សមាគម​ជប៉ុន-កម្ពុជា ដែលតែងតែ​បានចូលរួម​ចំណែក​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជប៉ុន-កម្ពុជា ជាពិសេស​ការពង្រឹង​ការភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ។

សម្ដេចធិបតី​បានលើកឡើង​ថា វិស័យ​ឯកជន​របស់​ជប៉ុន​បានចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងមក​នេះ។

សម្តេច​ក៏បាន​អបអរសាទរ​សមាគម​ជប៉ុន-កម្ពុជា ដែលបាន​បង្កើត​ការិយាល័យ​នៅ​កម្ពុជា​និង​សាលាបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទាំង ៣ ខាងលើ។

ពាក់ព័ន្ធ​នឹងក្រុមហ៊ុន​វិនិយោគ​របស់​ប្រទេស​ជប៉ុន សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែង​នូវការ​ស្វាគមន៍​ចំពោះ​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន ដែលចាប់អារម្មណ៍​ក្នុងការ​ស្វែងរក​ឱកាស​វិនិយោគ​នៅកម្ពុជា​នាពេលនេះ។ បន្ថែមលើនេះ សម្ដេចធិបតី​បានបញ្ជាក់​ថា ការណ៍ដែល​សមាគម​ជប៉ុន-កម្ពុជា​ខិតខំ​ជំរុញ​ប្រភេទ​ក្រុមហ៊ុន SME ជប៉ុន​មកវិនិយោគ​នៅកម្ពុជា​នេះ គឺស្រប​ទៅនឹង​គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ជំរុញ​និង​លើកកម្ពស់ SME នៅ​កម្ពុជា ក្នុងការ​បង្កើត​ទៅជា​ខ្សែច្រវាក់​ផលិតកម្ម​មួយសម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​និង​នាំចេញ​ទៅក្រៅ​ប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​គូសបញ្ជាក់​អំពី​ការដាក់ចេញ​នូវគោលនយោបាយ​និង​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកទឹកចិត្ត​និង​ធានា​បរិស្ថាន​ធុរកិច្ច​និង​ការវិនិយោគ និងភាពប្រកួត​ប្រជែង​របស់​កម្ពុជា។ ពាក់ព័ន្ធ​ទៅនឹង​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ឧស្សាហកម្ម​និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​របស់​សមាគម សម្ដេចធិបតី​បានលើក​ទឹកចិត្ត​ឱ្យសមាគម​ពិភាក្សា​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រៀបចំ​ផែនការ​ឱ្យបាន​ច្បាស់លាស់​​ស្របទៅ​នឹងតម្រូវការ​ជាក់ស្តែង៕

 

你可能还喜欢

评论被关闭。