សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្តេជ្ញាចិត្តបន្តចូលរួមចំណែកក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជា

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) បានប្តេជ្ញាចិត្ត​បន្តចូលរួម​ចំណែក​ក្នុងនាមជា​ដៃគូ​​ដ៏​ល្អ​មួយ​នៅក្នុង​ដំណើរ​​អភិវឌ្ឍ​​របស់​​ប្រទេស​កម្ពុជា តាមចក្ខុវិស័យ​​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ការលើកឡើងនេះ ធ្វើឡើងនាឱកាស​​ដែល​សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ប្រធាន​​ព្រឹទ្ធសភា​​កម្ពុជា ទទួលជួប​​ពិភាក្សា​ការងារ​​ជាមួយ​លោកស្រី ថូហ្វីកា ហ៊ុក (Towfiqua Hoque) តំណាង IFC នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ។

នាឱកាស​នៃ​ជំនួប​នេះ លោកស្រី ថូហ្វីកា ហ៊ុក ​បានចាប់ផ្តើម​​តួនាទី​ជាតំណាង IFC នេះ ទើបតែបាន​រយៈពេល​​ជាង ២ ខែ និង​កំពុង​​ស្ថិតនៅ​​ក្នុងដំណាក់កាល​​សិក្សា​ស្វែងយល់​​ពី​ប្រទេស​កម្ពុជា ដោយលោកស្រី​បានជួប​​ពិភាក្សា​​ជាមួយ​ លោកឧបនាយក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​​ក្រសួង​​សេដ្ឋកិច្ច​​និងហិរញ្ញវត្ថុ លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារជាតិ​​នៃ​កម្ពុជា និង ស្ថាប័ន​រាជរដ្ឋាភិបាល​​មួយចំនួន​ទៀត ដើម្បី​ស្វែងយល់​​កាន់តែ​ច្បាស់​​ពីដំណើរការ​​ប្រព្រឹត្តទៅ​​នៃសេដ្ឋកិច្ច​សង្គម​​កម្ពុជា។

លោកស្រី ថូហ្វីកា ហ៊ុក បានបញ្ជាក់ថា IFC មានវត្តមាន​​នៅ​កម្ពុជា​ជាង ២០ ឆ្នាំ​មកហើយ ក្នុងនោះ​​ត្រឹមតែ ១ ទសវត្សរ៍​ចុង​ក្រោយ​​នេះ IFC បានបោះទុន​​វិនិយោគ​​នៅ​កម្ពុជាដែលគិតជា​ទឹកប្រាក់​សរុប​ចំនួន ១,៥ ប៊ីលាន​​ដុល្លារ​អាម៉េរិក។ IFC មានការ​ប្តេជ្ញាចិត្ត​​ចូលរួម​​ចំណែក​​ក្នុងនាម​ជា​ដៃគូ​​ដ៏ល្អ​មួយ​​នៅក្នុង​ដំណើរ​​អភិវឌ្ឍ​​របស់​ប្រទេស​​កម្ពុជា ស្របទៅតាម​​ចក្ខុវិស័យ​​របស់​​រាជរដ្ឋាភិបាល​​កម្ពុជា ដែល​ដឹកនាំ​​ដោយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​​កម្ពុជា។

លោកស្រី​​បានអះអាង​ថា ក្នុង​អាណត្តិ​​របស់​លោកស្រី IFC នឹង​ធ្វើការ​​ជាមួយ​នឹង​រាជរដ្ឋាភិបាល​​កម្ពុជា​​និង​ផ្នែកពាក់ព័ន្ធ​​ដទៃទៀត​​យ៉ាង​ជិតស្និទ្ធ គាំទ្រ​ការ​អភិវឌ្ឍ​មនុស្ស ការអភិវឌ្ឍ​ជំនាញ បង្កើន​​ផលិតភាព​​និងភាពប្រកួត​ប្រជែង​​ឱ្យមានការ​រីកចម្រើន​​ដូចមុន​​វិបត្តិ​កូវីដ-១៩ និង​បន្ត​​ប្រកប​ដោយ​​ប្រសិទ្ធភាព​​ក្នុងវិស័យ​​កាត់ដេរ​​ជាមួយ​​ធនាគារជាតិ​​នៃ​​កម្ពុជា ជាមួយ​​វិស័យ​​ក​សិកម្ម កម្មន្តសាល និង វិស័យ​​ផ្សេងៗ​​ជាច្រើន​ទៀត ធ្វើ​យ៉ាងណា​ឱ្យដំណើរ​ការ​​គម្រោង​​របស់​វិស័យ​​ឯកជន​​និង​វិស័យ​​សាធារណៈ​​អនុវត្ត​ទៅ​ដោយ​ជោគជ័យ និង​ចូលរួម​​ជំរុញ​​គោលដៅ​​របស់​​កម្ពុជា​​ក្នុងការ​ប្រែក្លាយ​​ទៅជា​ប្រទេស​​ដែលមាន​ចំណូល​​មធ្យម​កម្រិតខ្ពស់​​នៅ​ឆ្នាំ២០៣០ និង​ជាប្រទេស​​ចំណូល​ខ្ពស់​​នៅឆ្នាំ២០៥០។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្តែង​ការស្វាគមន៍​និងអបអរសាទរ​យ៉ាងកក់ក្តៅ​ចំពោះ​លោកស្រី ថូហ្វីកា ហ៊ុក ដែលត្រូវបាន​ជ្រើសរើស​ជាតំណាង IFC ប្រចាំ​កម្ពុជា និងថ្លែងអំណរគុណ​ពីការ​យកចិត្តទុកដាក់​និងការប្តេជ្ញាចិត្ត​របស់​លោកស្រី​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា។។ សម្តេច​សង្ឃឹម​និងជឿជាក់ថា លោកស្រីនឹងជំរុញ​បន្ថែមទៀត​នូវទំនាក់ទំនង​រវាង IFC និងកម្ពុជា ក៏ដូចជា​ចូលរួម​កាន់តែ​ខ្លាំង​ក្នុងការអភិវឌ្ឍ​នៅកម្ពុជា។

សម្តេចតេជោ​បានលើកឡើង​ថា IFC មានវត្តមាន​នៅកម្ពុជា​តាំងពី​សម្ដេច​ដាក់ចេញនូវ​យុទ្ធសាស្ត្រ​ត្រីកោណ​ក្នុងរាជរដ្ឋាភិបាល​ នីតិកាល​ទី២ បន្ត​មកដល់​យុទ្ធសាស្ត្រ​ចតុកោណ​និងរហូត​មកដល់​យុទ្ធសាស្ត្រ​បញ្ចកោណ​ ដំណាក់កាល​ទី១នាពេល​បច្ចុប្បន្ននេះ។ សម្តេចតេជោ​ក៏បាន​ជម្រាបលោកស្រី ថូហ្វីកា ហ៊ុក ឱ្យតាមដាន​មើលការ​អនុវត្ត​យុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាល​ទី១ របស់​រាជរដ្ឋាភិបាល​អាណត្តិថ្មី ដែលមាន​ភាពជឿនលឿន​និងមានល្បឿន​ជាងអាណត្តិ​មុនៗ៕

你可能还喜欢

评论被关闭。