រាជរដ្ឋាភិបាលកម្ពុជាសម្រេចទទួលស្គាល់ថ្នាល និងកម្មវិធីរដ្ឋាភិបាលចំនួន ៤ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ទទួលស្គាល់​ថ្នាល​និង​កម្មវិធី​រដ្ឋាភិបាល​​ឌីជីថល (Digital Government Products – DGPs) ដែលអភិវឌ្ឍ​ដោយ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ចំនួន ៤ ជាថ្នាល​របស់​រាជរដ្ឋាភិបាល។ នេះបើយោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍ ​និងទូរគមនាគមន៍ ចេញផ្សាយ​នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍​បានបញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​អភិវឌ្ឍ​ថ្នាល​និង​កម្មវិធី​ DGPs ទាំង ៤ ឡើង ដើម្បី​ជំរុញ​ការចាប់យក​ ឌីជីថល​ក្នុងការ​ផ្តល់សេវា​សាធារណៈ​និង​ការបង្កើន​ប្រសិទ្ធភាព​ការងារ ជំរុញ​ឱ្យមាន​ការចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ជាពិសេស​អាចបង្កើន​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ទូទៅ​មកលើ​សេវា​សាធារណៈ​តាមប្រព័ន្ធ​ឌីជីថល ស្របតាម​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល ២០២១-២០៣៥ គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥ និង យុទ្ធសាស្ត្រ​បញ្ចកោណ​ ដំណាក់កាល​ទី១​របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបាន​កំណត់យក “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យា​ឌីជីថល” ជាអាទិភាព​គន្លឹះ​ទី៥សម្រាប់​ឆ្លើយតប​ទៅនឹង​និន្នាការ​នៃបដិវត្តន៍​ឧស្សាហកម្ម ៤.០ និងការធ្វើ​បរិវត្តកម្ម​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​នៅ​កម្ពុជា។

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បានបញ្ជាក់​បន្ថែមថា ថ្នាល​និង​កម្មវិធី​ DGPs ទាំង ៤ នេះ ត្រូវបាន​ត្រួតពិនិត្យ​អនុលោមភាព​បច្ចេកទេស​និង​វិធាន​សន្តិសុខ​សាយប័រយ៉ាងតឹងរ៉ឹង មុខនឹង​រាជរដ្ឋាភិបាល​សម្រេច​ទទួល​ស្គាល់ជា​ថ្នាល​និង​កម្មវិធីឌីជីថល​របស់​រាជរដ្ឋាភិបាលនិងដាក់ឱ្យ​ប្រើប្រាស់​ ហើយក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ក៏បាន​ចាត់ក្រុមការងារ​បច្ចេកទេស​តាមដាន ត្រួតពិនិត្យ និង វាយតម្លៃ​ជាប្រចាំ ដើម្បី​ធានា​បាននូវ​សន្តិសុខ សុវត្ថិភាព គុណភាព និរន្តរភាព និង ជំនឿ​ទុកចិត្តខ្ពស់ ព្រមទាំង​អាចជៀសវាង​បានពីការ​វាយប្រហារ​សន្តិសុខ​សាយប័រ​ណាមួយ​កើតឡើង​ជាយថាហេតុ។

សូមបញ្ជាក់ថា DGPs ទាំង ៤ ដែលអភិវឌ្ឍ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និងត្រូវបាន​រាជរដ្ឋាភិបាល​ទទួលស្គាល់​នោះ រួមមាន៖

១. ថ្នាលផ្ទុក​ឯកសារ​សាធារណៈ​ផ្លូវការ GO.GOV.KH៖ ជាថ្នាលផ្ទុក​ឯកសារ​សាធារណៈ​ផ្លូវការ​សម្រាប់​ក្រសួង ស្ថាប័ន​ អាចប្រើប្រាស់​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឬឯកសារ​ជាសាធារណៈ ដែលអាច​ទប់ស្កាត់​ព័ត៌មាន​ឬឯកសារ​ក្លែងក្លាយ ឬតំណភ្ជាប់​ឆបោក (Phishing)។

២. ថ្នាលបង្កើត​ទម្រង់​បែបបទ​អនឡាញ FORM.GOV.KH៖ ជាថ្នាល​បង្កើត​ទម្រង់​បែបបទ​អនឡាញ​ ដើម្បី​ប្រមូល​ព័ត៌មាន ការស្ទង់មតិ ត្រួតពិនិត្យ​និង​វាយតម្លៃ ការចុះឈ្មោះ​ចូលរួម​កម្មវិធី​នានា ឬការប្រមូល​មតិ​កែលម្អ​នានា ដែលអាច​ប្រើប្រាស់​ជំនួស Google Form ឬ Microsoft Form ជាដើម។ រាល់ទិន្នន័យ​ទាំងអស់​ត្រូវបាន​រក្សាទុក​ដោយធ្វើ​កូដនីយកម្ម (Encryption) ដោយ​សោសម្ងាត់ (Secret Key) ដែលមាន​សុវត្ថិភាព​ខ្ពស់ ហើយមានតែ​អ្នកដែលបង្កើត Form នីមួយៗ​តែប៉ុណ្ណោះ​ដែលមាន​សោសម្ងាត់​នោះ ទោះបី​អ្នកបង្កើត​ថ្នាលនេះ​ឬអ្នកគ្រប់គ្រង​ថ្នាលនេះ ក៏មិនអាច​មើលទិន្នន័យ​ទាំងនោះ​បានដែរ។

៣. ថ្នាលបញ្ជូន​សារពហុ​ទិសដៅ NOMSA.GOV.KH៖ ជាថ្នាល​បញ្ជូន​សារខ្លី​ជាព័ត៌មាន​ឬជាការ​ជូនដំណឹង​ផ្សេងៗ ដែលអាច​ប្រើប្រាស់​ជំនួស SMS ឬកម្មវិធី Twilio ជាដើម ហើយមាន​ប្រភពដើម​ច្បាស់លាស់។ ការផ្ញើ​សារខ្លី​តាមរយៈ​ថ្នាលនេះ អាចឱ្យ​សាធារណជន​កត់សម្គាល់​ដឹងថា សារខ្លី​នេះផ្ញើចេញ​ពីក្រសួង ស្ថាប័ន ឬវិស័យ​ឯកជន​ណាមួយ​ពិតប្រាកដ ដោយគ្មាន​ការក្លែងបន្លំ និងមាន​ទំនុកចិត្ត​ខ្ពស់។

៤. កម្មវិធី​បញ្ញា​សិប្បនិម្មិត​បំប្លែង​អត្ថបទ​ទៅជា​សំឡេង​សារិកា “SARIKA”៖ ជាកម្មវិធី​បញ្ញា​សិប្បនិម្មិត​ ដែលដំណើរការ​នៅលើបណ្តាញ​សង្គម​តេឡេក្រាម (Telegram Bot) សម្រាប់​បំប្លែង​អត្ថបទ​ទៅជា​សំឡេង​ភាសាខ្មែរ។ កម្មវិធី​នេះអាចប្រើប្រាស់​ដើម្បី​ធ្វើមាតិកា​និងផ្សព្វផ្សាយ​ព័ត៌មាន ព្រមទាំង​អាចអាន​ឯកសារ​នានា​ជាសំឡេង​ផងដែរ៕

你可能还喜欢

评论被关闭。