លោក ស៊ុន ចាន់ថុល ធ្វើជាអធិបតីក្នុងជំនួបផ្គូផ្គងធុរកិច្ចរវាង សមាគមឧកញ៉ាកម្ពុជានិងសមាគមជប៉ុន-កម្ពុជា ឆ្នាំ២០២៤

ជំនួប​ផ្គូផ្គង​ធុរកិច្ច​រវាង​សមាគម​ឧកញ៉ា​កម្ពុជា​និង​សមាគម​ជប៉ុន-កម្ពុជា​ឆ្នាំ២០២៤ បានប្រារព្ធឡើង​កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានី​ភ្នំពេញ ក្រោមអធិបតីភាព​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

លោក ស៊ុន ចាន់ថុល ជំរុញនិងលើកទឹកចិត្តវិនិយោគិនជប៉ុនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា

 

ជំនួប​ផ្គូផ្គង​ធុរកិច្ច​រវាង​សមាគម​ឧកញ៉ា​កម្ពុជា​និង​សមាគម​ជប៉ុន-កម្ពុជា​ឆ្នាំ២០២៤​នេះ រៀបចំឡើង​ក្នុងគោលបំណង​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​សមាគម​ និង​វិនិយោគិន​រវាង​ប្រទេសកម្ពុជា ​និង​ជប៉ុន ស្របតាម​​ចក្ខុវិស័យ​​របស់​លោក ស៊ុន ចាន់ថុល ក្នុងបេសកកម្ម​​គោះទ្វារ​​វិនិយោគ​​នៅ​ប្រទេស​ជប៉ុន កាលពី​ខែឧសភា ឆ្នាំ២០២៤​កន្លងទៅ។ តាមរយៈ​​ជំនួប​ផ្គូផ្គងនេះ បានបង្ហាញ​ឱ្យឃើញ​​ពីចំណាប់​​អារម្មណ៍​​របស់​វិនិយោគិន​ជប៉ុន​​ទៅ​លើ​ប​រិយាកាស​វិនិយោគ​​នៅ​កម្ពុជា ជាក់ស្ដែង​​កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លង​ទៅ អង្គការ​​ពាណិជ្ជកម្ម​​ក្រៅ​ប្រទេស​​ជប៉ុន (JETRO) ប្រចាំ​កម្ពុជា​​និង​​ថៃ ធ្លាប់បាន​​សហការ​រៀបចំ​​សិក្ខាសាលា​​ដើម្បី​ជំរុញ​​ទាក់ទាញ​​ការវិនិយោគ​​ពី​ក្រុមហ៊ុន​​ជប៉ុន​​តាមរយៈ​យន្តការ​​ប្រទេស​បូក (Thailand +1) ផងដែរ។

លោក ស៊ុន ចាន់ថុល បានលើកឡើង​ថា សមាគម​ជប៉ុន-​កម្ពុជា​​បាន​បើក​​ការិយាល័យ​​របស់​ខ្លួននៅ​​រាជធានី​ភ្នំពេញ​​កាលពី​​ខែមេសា ឆ្នាំ២០២៤ កន្លង​ទៅ ដែលនេះ​ជា​​សក្ខីភាព​​នៃ​ទំនាក់​ទំនង​​កាន់តែ​​ស៊ីជម្រៅ​​រវាង​កម្ពុជា​​និង​​មិត្ត​ជប៉ុន និងស្មារតី​​ជឿជាក់​​មក​លើ​​រាជរដ្ឋាភិបាល​​កម្ពុជា។ លោកបានថ្លែង​​អំណរគុណ​​និង​​កោត​សរសើរ​​ចំពោះ​​សមាគម​​ជប៉ុន-កម្ពុជា ​និង​​សមាគម​​ឧកញ៉ា​​កម្ពុជា ដែលបាន​បំពេញ​បេសកកម្ម​របស់​ខ្លួន​ក្នុងការ​​ចូលរួម​​ចំណែក​​ជាមួយ​រាជរដ្ឋាភិបាល​​កម្ពុជា​ ​ដើម្បី​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ជាពិសេស​​ក្នុងការ​​ជំរុញ​​និង​​កៀរគរ​​វិនិយោគិន​​ឱ្យ​មក​​បណ្តាក់​ទុន​នៅ​​កម្ពុជា ព្រមទាំង​​ផ្ដួចផ្ដើម​​រៀបចំ​​ជំនួប​ផ្គូផ្គង​ធុរកិច្ច​ដ៏មាន​សារៈ​សំខាន់​​នេះ។

លោកបាន​​គូស​រំលេច​ផង​ដែរ​​អំពី​​កិច្ចខិតខំ​​របស់​​រាជរដ្ឋាភិបាល ដែលបាន​​និង​កំពុង​ដើរតួនាទី​​ជាអ្នក​សម្របសម្រួល​​ធុរកិច្ច​​និង​​វិនិយោគ ដោយបាន​​ចាត់ទុក​​វិស័យ​ឯកជន​​ជាដៃគូ​​និង​​ជាកាតាលីករ​សម្រាប់​ជំរុញ​កំណើន​​សេដ្ឋកិច្ច។ ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​​កម្ពុជា​​បានត្រៀមខ្លួន​​ជា​ស្រេច​​ដើម្បី​​ផ្តល់កិច្ច​សហការ​ពេញទំហឹង​​ជូន​ដល់​​វិស័យ​​ឯកជន​​ដែលមាន​​បំណង​​បណ្ដាក់​ទុន​​វិនិយោគ​​នៅ​​កម្ពុជា។ ក្នុងពេល​ឆាប់ៗ​​ខាងមុខនេះ ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​​កម្ពុជា​​នឹង​ដាក់ឱ្យ​​ប្រើប្រាស់​​ជាផ្លូវការ​​នូវ​ប្រព័ន្ធ​គ្រប់គ្រង​​គម្រោង​​វិនិយោគ​​កម្ពុជា (CDC Investment Project Management) ឬ (ប្រព័ន្ធ cdcIPM) ដំណាក់កាល​​ទី១ ដែលជា​​ថ្នាល​​បច្ចេកវិទ្យា​​សម្រាប់​អនុញ្ញាត​ឱ្យ​​វិនិយោគិន​​អាច​ដាក់​ពាក្យ​​ស្នើសុំ​​ចុះបញ្ជី​​គម្រោង​​វិនិយោគ​​មាន​លក្ខណៈ​​សម្បត្តិ​​គ្រប់គ្រាន់ (QIP) តាមប្រព័ន្ធ​អនឡាញ​បានពី​គ្រប់​ទីកន្លែង គ្រប់​ពេលវេលា។

លោក ស៊ុន ចាន់ថុល បានបន្ត​​អំពាវនាវ​​ឱ្យវិនិយោគិន​​ជប៉ុន​​និង​​វិនិយោគិន​កម្ពុជា​​ទាំងអស់ ដែលមាន​វត្តមាន​​ក្នុងកម្មវិធី​​នេះ ចាប់ដៃ​គ្នា​​សិក្សា​​ពិនិត្យ​​លទ្ធភាព​​ជំរុញ​​កិច្ចសហ​ការ​ធុរកិច្ច ក៏ដូចជា​​ស្វែងយល់​​ឱ្យកាន់តែ​ច្បាស់​​នូវ​កាលានុវត្តភាព​​វិនិយោគ​​របស់​​កម្ពុជា ពិសេស​​លើកទឹកចិត្ត​​ដល់សមាគម​​ជប៉ុន-កម្ពុជា​​និង​​សមាគម​​ឧកញ៉ា​កម្ពុជា បន្ត​ចូលរួម​​ផ្សព្វផ្សាយ​​អំពី​​បរិយាកាស​​វិនិយោគ​​នៅ​​កម្ពុជា​​ទៅកាន់​​វិនិយោគិន​​ផ្សេងៗ​​ទៀត ដើម្បី​​ទាក់ទាញ​​វិនិយោគិន​​មកបណ្តាក់ទុន​​វិនិយោគ​​បន្ថែមទៀត​​នៅ​កម្ពុជា បង្កើត​​ការងារ​​បន្ថែម​​ជូន​​បង​ប្អូន​ប្រជាពល​រដ្ឋ​ខ្មែរ ក៏ដូចជា​​ជំរុញ​​កំណើន​​សេដ្ឋកិច្ច​ជាតិ​ឆ្ពោះ​ទៅ​​សម្រេច​បាន​ចក្ខុវិស័យ​ជាប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០។

យោងតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងរយៈពេល ១០ ខែ​ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ៣៤៦ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៥,៥ ប៊ីលាន​ដុល្លារអាម៉េរិក មានការ​កើនឡើង ៣៨% បើធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២៣។ ក្នុងនោះ ប្រទេស​ជប៉ុន​ឈរនៅ​លំដាប់​ទី៧​ជាមួយ​ទុនវិនិយោគ​សរុប​ប្រមាណ​៤០ លាន​ដុល្លារអាម៉េរិក​នៃរំហូរ​ទុនវិនិយោគ​សរុប​នៅ​កម្ពុជា៕

你可能还喜欢

评论被关闭。