ធនាគារពិភពលោក៖ កម្ពុជាត្រូវទាញយកប្រយោជន៍ពីសក្តានុពលច្រករបៀងដឹកជញ្ជូន ដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់
ធនាគារពិភពលោក (WB) បានអះអាងថា ប្រទេសកម្ពុជាអាចដើរតួនាទីដ៏សំខាន់នៅក្នុងការលើកកម្ពស់ពាណិជ្ជកម្មនិងការតភ្ជាប់ក្នុងតំបន់ តាមរយៈការពង្រីកបណ្តាញផ្លូវដឹកជញ្ជូនជាមួយប្រទេសជិតខាង និងបំពេញតាមចក្ខុវិស័យរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍការដឹកជញ្ជូនអន្តរមធ្យោបាយ។
របាយការណ៍ថ្មីមួយរបស់ WB ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមចំណងជើងថា «ការតភ្ជាប់ក្នុងតំបន់នៅកម្ពុជា៖ ការទាញយកប្រយោជន៍ពីសក្តានុពលច្រករបៀងដឹកជញ្ជូនដ៏ពេញលេញ» (Cambodia’s Regional Connectivity: Unlocking the Full Potential of Transport Corridors) បានលើកឡើងពីបញ្ហាប្រឈមសំខាន់ៗក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា ព្រមទាំងស្នើឱ្យធ្វើការវិនិយោគនិងដាក់ចេញវិធានការគោលនយោបាយតាមគោលដៅ សម្រាប់កែលម្អការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។
របាយការណ៍នេះបានបញ្ជាក់ថា ការពឹងផ្អែកនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាលើការនាំចេញ បាននាំឱ្យមានតម្រូវការកាន់តែច្រើនសម្រាប់ការធ្វើចរាចរណ៍ទំនិញក្នុងទំហំកាន់តែធំនិងកាន់តែមានប្រសិទ្ធផល នៅតាមបណ្តាញផ្លូវដឹកជញ្ជូនក្នុងផ្ទៃប្រទេសនិងឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង។
WB បានស្នើឱ្យមានការវិនិយោគជាអាទិភាពនិងវិធានការគោលនយោបាយមួយចំនួន សម្រាប់កែលម្អការបំពេញមុខងាររបស់ប្រព័ន្ធដឹកជញ្ជូនផ្លូវដី ផ្លូវដែក និង ផ្លូវទឹកក្នុងផ្ទៃប្រទេសឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ការមានវិធីសាស្ត្រមួយគ្រប់ជ្រុងជ្រោយនិងមានសម្របសម្រួលល្អក្នុងការអភិវឌ្ឍបណ្តាញដឹកជញ្ជូន អមដោយការផ្តោតលើភាពធន់ទៅនឹងអាកាសធាតុផងនោះ នឹងជួយជំរុញឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរឡើង, បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់។
លោកស្រី ថានៀ ម៉ីយ័រ (Tania Meyer) ប្រធានគ្រប់គ្រង WB ប្រចាំកម្ពុជា លើកឡើងថា ការសិក្សានេះបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗពីរដ្ឋាភិបាល វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកជម្រើសនានាក្នុងការទាញយកប្រយោជន៍ពីសក្តានុពលដ៏ពេញលេញនៃវិស័យដឹកជញ្ជូននិងការតភ្ជាប់ក្នុងតំបន់របស់កម្ពុជា។
ថ្លែងនៅក្នុងរបាយការណ៍របស់ WB លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកឡើងថា ការតភ្ជាប់ក្នុងតំបន់និងការអភិវឌ្ឍផ្នែកភស្តុភារកម្ម គឺជាអាទិភាពចម្បងរបស់កម្ពុជា។ ហេតុនេះ គន្លឹះគឺស្ថិតនៅលើការពង្រឹងសមត្ថភាពរបស់យើង។ អាទិភាពទាំងនេះអាចជួយពង្រឹងជំហររបស់កម្ពុជាឱ្យដើរតួជាតួអង្គសំខាន់មួយក្នុងការតភ្ជាប់គ្នាក្នុងតំបន់ និងជំរុញពាណិជ្ជកម្មតាមខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។
លោក ប៉េង ពោធិ៍នា បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣” (CITLS) ដើម្បីបង្កើនមុខងារនិងប្រសិទ្ធផលនៃវិស័យដឹកជញ្ជូន និងគាំទ្រដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ជាតិ ស្របតាមការកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
របាយការណ៍របស់ WB បានលើកអនុសាសន៍បន្ថែមសម្រាប់ផែនការ CITLS ដោយផ្តោតលើភាពចាំបាច់នៃការវិនិយោគនិងសកម្មភាពគោលនយោបាយជាបន្ទាន់មួយចំនួន សម្រាប់បើកឱកាសនៅតាមច្រករបៀងដឹកជញ្ជូនសំខាន់ៗក្នុងប្រទេសកម្ពុជា៕
评论被关闭。