ចិនបន្តផ្តល់ជំនួយសម្ភារៈដល់កម្ពុជាដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ

ក្រសួង​​អេកូឡូស៊ី​និង​បរិស្ថាន​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ប្រកាស​​ផ្តល់​សម្ភារៈ​ដោះ​ស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដល់កម្ពុជា។

ការប្រកាស​ផ្តល់​ជំនួយ​បន្ថែមនេះ ធ្វើឡើង​ក្នុង​ឱកាស​​ជំនួប​រវាង​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា​និងលោក ចាវ អ៊ីងមីន (ZHAO Yingmin) ​​អនុរដ្ឋមន្ត្រី​ក្រសួង​អេកូឡូស៊ី​និង​បរិស្ថានចិន ក្នុងអំឡុង​សន្និសីទ​លើក​ទី២៩​នៃបណ្តា​ភាគី​អនុសញ្ញា​ក្រប​ខណ្ឌ​សហប្រជា​ជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ នៅទីក្រុង​បាគូ ប្រទេស​អាស៊ែបៃស្សង់ កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

នា​ឱកាស​នៃ​ជំនួប​នេះ លោក អ៊ាង សុផល្លែត បាន​គូស​បញ្ជាក់​ថា កម្ពុជា​បានរួមចំណែក​យ៉ាងច្រើន​ទៅ​លើ​កិច្ចប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅក្នុង​ប្រទេស​និង​សហគមន៍​អន្តរជាតិ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង ​នឹងការប្រែប្រួល​អាកាសធាតុ។ ​ការ​ដាក់​ចេញនូវ​គោល​បំណង​ច្បាស់​លាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងការប្រែប្រួល​អាកាសធាតុ ជំរុញ​ឱ្យ​ប្រទេស​អភិវឌ្ឍន៍​ឆ្លើយ​តប​ការ​សន្យា​ក្នុង​ការ​កាត់​បន្ថយ​ការកើនឡើង​កំដៅ និងផ្តល់​មូលនិធិ ​ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ សម្រាប់​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ដែលជា​ប្រទេស​រងគ្រោះ​ពីបញ្ហាបម្រែបម្រួល​អាកាសធាតុ​នេះ។

លោក​ ចាវ អ៊ីងមីន បាន​វាយ​តម្លៃខ្ពស់​ចំពោះ​​សមិទ្ធផល​​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា ជាពិសេស​ការ​ប្តេជ្ញា​ចិត្ត​និង​ការចូលរួម​របស់​កម្ពុជា។ ប្រទេស​ចិននឹង​បន្ត​គាំទ្រដល់​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ប្រសើរ​លើវិស័យ​បរិស្ថាន ជាពិសេស​ការប្រយុទ្ធ​ប្រឆាំង​​នឹងការប្រែប្រួល​អាកាសធាតុ ដែល​ទាមទារ​នូវកិច្ចខិតខំ​ប្រឹងប្រែង​រួមពី​គ្រប់ប្រទេស​និងតំបន់​ទាំងអស់។

តាមរយៈ​លោក ចាវ អ៊ីងមីន ភាគី​ចិន​បានប្រកាស​ផ្តល់ជូន​ជា​សម្ភារៈ​សម្រាប់​ការប្រយុទ្ធ​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុដល់ភាគី​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិការ​ខាងត្បូង-ខាងត្បូង​ ​នៅឆ្នាំ២០២៤ ដែលសម្ភារៈ​ទាំងនោះ​រួមមាន អំពូល​សូឡា LED បំភ្លឺ​ផ្លូវសាធារណៈ​ចំនួន ១ ៥០០ គ្រឿង ផ្ទាំងប្រព័ន្ធ​​ថាមពល​ព្រះអាទិត្យ​ចំនួន ២ ០០០ គ្រឿង និង រថយន្ត​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ចល័ត​ចំនួន ២ ​គ្រឿង។

គួររម្លឹកថា តាំងពី​ឆ្នាំ២០១៩ដល់​ឆ្នាំ២០២៤ ក្រសួង​អេកូឡូស៊ី​និង​បរិស្ថាន​ចិន តាមរយៈ​កិច្ចសហប្រតិបត្តិការ​ខាងត្បូង-ខាងត្បូង សម្រាប់​ការប្រយុទ្ធ​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​នៅ​ឆ្នាំ២០២៤ បានផ្តល់​ជូន​ក្រសួង​បរិស្ថាន​នូវជំនួយ​សម្ភារៈ​ដើម្បី​ដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ ការ​អភិវឌ្ឍ​បញ្ចេញ​កាបូនទាប រួមមាន​អំពូល​សូឡា LED ចំនួន ៤ ៣០០ គ្រឿង  ផ្ទាំង​សូឡា​ចំនួន ២ ២០០ គ្រឿង រថយន្ត​ត្រួត​ពិនិត្យ​គុណភាព​ខ្យល់​ចល័ត​ចំនួន ២ គ្រឿង និង ម៉ូតូ​អគ្គិសនី​ចំនួន ២០០ គ្រឿង​រួចមក​ហើយ។

នៅក្នុង​ជំនួប​នោះផងដែរ លោក លោក អ៊ាង សុផល្លែត និងលោក ចាវ អ៊ីងមីន បាន​ឯកភាព​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​និង​​ពហុភាគី​នៅ​គ្រប់​កម្រិត​ទាំងអស់ ដើម្បី​ដោះស្រាយ​បញ្ហាបម្រែបម្រួល​អាកាស​ធាតុ​និង​ការ​អភិវឌ្ឍ​បញ្ចេញ​កាបូន​ទាប ដើម្បី​សម្រេច​បាន​នូវ​​យុទ្ធសាស្ត្រ​ចក្រា​វិស័យ ដែល​ផ្តោត​លើ​មុំយុទ្ធ​សាស្រ្ត ៣ គឺ ស្អាត បៃតង និង ចីរភាព៕

你可能还喜欢

评论被关闭。