សម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ សូមកុំសាងកំហុសមកលើកម្ពុជាបន្តទៀត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានក្រើនរម្លឹកដល់បណ្តាប្រទេសដែលហៅខ្លួនឯងថាជាប្រទេសប្រជាធិបតេយ្យ សូមកុំសាងកំហុសមកលើកម្ពុជាជាលើកទី៣ បន្ទាប់ពីធ្លាប់បានសាងកំហុសមកលើកម្ពុជាពីរលើករួចមកហើយ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន ៧ មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។ បណ្តាគណបក្សនយោបាយនៅអាស៊ីជិត ៦០ គណបក្ស បានជួបជុំគ្នានៅកម្ពុជា ដើម្បីជជែកលើប្រធានបទ «ការស្វែងរកសុខសន្តិភាព និងការផ្សះផ្សា»។
សម្តេចតេជោបានលើកឡើងថា៖ “ខ្ញុំមិនដែលភ្លេចនោះទេក្នុងការរម្លឹកប្រទេសដែលហៅខ្លួនឯងថា ជាប្រទេសប្រជាធិបតេយ្យ កុំឱ្យសាងកំហុសលើកទី៣ មកលើកម្ពុជា”។ នេះជាការថ្លែងរម្លឹករបស់សម្តេចតេជោទៅកាន់បណ្ដាប្រទេសដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ តែបែរជាគាំទ្រក្រុមនយោបាយក្រៅច្បាប់ ដើម្បីបំផ្លាញសុខសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និង ភាពសុខសាន្តរបស់កម្ពុជាទៅវិញ។
សម្ដេចតេជោបានរម្លឹកថា កន្លងមកនេះ ប្រទេសដែលហៅខ្លួនឯងថាជាប្រទេសប្រជាធិបតេយ្យ បានសាងកំហុសចំនួនពីរលើកហើយមកលើកម្ពុជា។ កំហុសលើកទី១ គឺនៅពេលដែលគេគាំទ្រ លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩៧០។ កំហុសលើកទី២ គឺពួកគេទទួលស្គាល់ខ្មែរក្រហម ដោយអនុញ្ញាតឱ្យរបបនេះកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិរយៈពេល ១២ ឆ្នាំ។
សម្ដេចតេជោបានសម្ដែងការសោកស្ដាយចំពោះបណ្ដាប្រទេសទាំងនោះ ដែលអះអាងថាខ្លួនជាប្រទេសគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែបែរជាគាំទ្ររដ្ឋប្រហារ ១៨ មីនា ១៩៧០ និងគាំទ្រអាសនៈពួកខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។ ដូច្នេះហើយទើបសម្ដេចតែងតែដាស់តឿនប្រទេសប្រជាធិបតេយ្យកុំឱ្យសាងកំហុសលើកទី៣មកលើកម្ពុជា ទុកឱ្យប្រជាជនកម្ពុជាទទួលបានសេចក្តីសុខនិងការអភិវឌ្ឍប្រទេសជាតិផង។
ទន្ទឹមនឹងនេះ នៅចំពោះមុខថ្នាក់ដឹកនាំ ក៏ដូចជាតំណាងបណ្តាគណបក្សនយោបាយនៅអាស៊ី សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ បញ្ហា «សិទ្ធិមនុស្ស» ត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនិងស្របច្បាប់។ ក្នុងនោះ បដិវត្តពណ៌មួយត្រូវបានគេប៉ុនប៉ងធ្វើឡើងដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរយៈការប្រើហ្វូងមនុស្សមកផ្ដួលរំលំ។ ប៉ុន្តែ បដិវត្តពណ៌នេះតែងត្រូវបានបរាជ័យ ដោយសារមិនទទួលបានការគាំទ្រពីមហាជន និងដោយមានវិធានការទប់ស្កាត់របស់រាជរដ្ឋាភិបាលទាន់ពេលវេលា៕
评论被关闭。