សម្ព័ន្ធក្រុមហ៊ុន CT Corp ឥណ្ឌូណេស៊ីចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា
សម្ព័ន្ធក្រុមហ៊ុន CT Corp ប្រទេសឥណ្ឌូណេស៊ីបានចាប់អារម្មណ៍លើកាលានុវត្តភាពវិនិយោគនៅប្រទេសកម្ពុជា ខណៈដែលសម្ព័ន្ធក្រុមហ៊ុននេះមានប្រតិបត្តិការអាជីវកម្មចម្រុះជាច្រើន ជាពិសេសលើវិស័យហិរញ្ញវត្ថុ សួនកម្សាន្ត អចលនទ្រព្យ សណ្ឋាគារ និង ផ្សារទំនើប។
CT Corp បង្ហាញចំណាប់អារម្មណ៍ចំពោះការវិនិយោគនៅកម្ពុជា នាឱកាសដែលលោក Chairul Tanjung ប្រធានសម្ព័ន្ធក្រុមហ៊ុន CT Corp ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប លោក Chairul Tanjung បានជម្រាបជូនសម្ដេចធិបតីថា CT Corp គឺជាសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំមួយ ដែលមានប្រតិបត្តិការអាជីវកម្មចម្រុះជាច្រើន ជាពិសេសលើវិស័យហិរញ្ញវត្ថុ សួនកម្សាន្ត អចលនទ្រព្យ សណ្ឋាគារ និង ផ្សារទំនើប។
ទន្ទឹមនឹងនេះ លោកបានកោតសរសើរការអភិវឌ្ឍនិងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ទាំងនេះគឺជាកត្តាចម្បងនិងសំខាន់ដែលជំរុញឱ្យ CT Corp ចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយជឿជាក់ថាការបណ្តាក់ទុនវិនិយោគនេះនឹងទទួលបានលទ្ធផលគាប់ប្រសើរ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ CT Corp ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា កម្ពុជាមានវិស័យសក្តានុពលនិងកាលានុវត្តភាពជាច្រើនសម្រាប់ក្រុមហ៊ុនក្នុងទីផ្សារនាំចេញនិងទីផ្សារក្នុងស្រុក។
សម្ដេចធិបតីបានចែករម្លែកអំពីគោលនយោបាយ វិធានការ និង គំនិតផ្តួចផ្តើមសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្តនិងធានាបរិស្ថានធុរកិច្ច ការវិនិយោគ និង ភាពប្រកួតប្រជែងរបស់កម្ពុជា។
សម្ដេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាមានការតភ្ជាប់ទីផ្សារយ៉ាងទូលំទូលាយក្នុងតំបន់និងពិភពលោក ជាពិសេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគីជាច្រើន។
នៅក្នុងជំនួបនេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក Chairul Tanjung ក៏បានផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាពនិងវិស័យសក្តានុពលមួយចំនួន រួមមានវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កសិកម្មនិងកសិ-ឧស្សាហកម្ម អប់រំ បច្ចេកវិទ្យា ទេសចរណ៍ សួនកម្សាន្ត សណ្ឋាគារ និង ផ្សារទំនើបជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក៏ដូចជាដៃគូអាជីវកម្មក្នុងស្រុក ដើម្បីចាប់យកឱកាសវិនិយោគនៅកម្ពុជា៕
评论被关闭。