ចិនផ្ដល់សម្ភារៈនគរបាលតម្លៃជាង ៧០ ម៉ឺនដុល្លារដល់ក្រសួងមហាផ្ទៃកម្ពុជា
ក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់សម្ភារៈនគរបាលដល់ក្រសួងមហាផ្ទៃកម្ពុជា សរុបជាទឹកប្រាក់ស្មើនឹង ៥ លានយ៉ន់ (ប្រមាណជាង ៧០ ម៉ឺនដុល្លារអាម៉េរិក)។
ពិធីប្រគល់និងទទួលជំនួយសម្ភារៈនគរបាលបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
សម្ភារៈនគរបាលដែលជាជំនួយរបស់ក្រសួងសន្តិសុខសាធារណៈចិនផ្តល់ជូនក្រសួងមហាផ្ទៃកម្ពុជា រួមមាន រថយន្តដឹកកងកម្លាំងចំនួន ៦ គ្រឿង ដំបងរលាស់ចំនួន ៥០០ ដើម ខែលចំនួន ៥០០ សម្រាប់ ដំបងឆក់ចំនួន ៥០០ ដើម ឯកសណ្ឋានប្រឆាំងបាតុកម្មចំនួន ៥០០ កំប្លេ វ៉ាលីសុវត្ថិភាពការពារថ្នាក់ដឹកនាំចំនួន ២០ វ៉ាលី និង វ៉ាលីពិនិត្យកន្លែងកើតហេតុចំនួន ៣០០ វ៉ាលី សរុបជាទឹកប្រាក់ស្មើនឹង ៥ លានយ៉ន់៕
评论被关闭。