សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់ព្រែកជីកហ្វូណនតេជោធ្វើឡើងតាមដំណាក់កាល

ឆ្លើយតប​នឹងការ​ផ្សព្វផ្សាយ​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​កំពុង​ជាប់គាំង​មិនដំណើរការ សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានច្រានចោល ​និង​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន និងកំពុង​អនុវត្ត​នីតិវិធី​​តាមដំណាក់​កាលៗ ពិសេស​ការដោះស្រាយ​ផលប៉ះពាល់​ពាក់ព័ន្ធ ​នឹង​គម្រោង​ព្រែកជីកនេះ។

សម្ដេចធិបតី​ បានលើកឡើង​ពីបញ្ហា​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នៅក្នុង​ពិធីបិទ​អនុសំវច្ឆរមហា​សន្និបាតមន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើកទី៣២ នារសៀល​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដោយសម្តេច​បានលើកឡើងថា អ្នកនយោបាយ​ខ្លះដឹងរឿង ប៉ុន្តែ​នៅតែ​ព្យាយាម​និយាយ​ភូតភរ ​និងបំភ័យ​ប្រជាពលរដ្ឋខ្មែរ។ ក្នុងគោលបំណង​ធ្វើឱ្យ​ប្រជាជន​ព្រួយបារម្ភ ធ្វើឱ្យ​មានមន្ទិល​សង្ស័យ​គ្នាឯង អត់ឱ្យមាន​ការ​ឯកភាពជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ មិនមាន​ការជាប់គាំង​អ្វីឡើយ ពោលគឺ​រាជរដ្ឋាភិបាល​បាននិង​កំពុងតែ​អនុវត្ត​នីតិវិធី​តាមដំណាក់កាលៗ ពិសេស​គឺការ​ដោះស្រាយ​ផលប៉ះពាល់​ដែលពាក់ព័ន្ធ​នឹងគម្រោង​នេះ។

គួរម្លឹកថា ព្រែកជីក​ហ្វូណន​តេជោ​បានបើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ព្រែកជីក​នេះមាន​ប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពី​ព្រែកតាកែវ​នៃទន្លេ​មេគង្គ ឆ្លងកាត់​ខេត្តចំនួន ៤ រួមមានខេត្តកណ្ដាល តាកែវ កំពត និង ខេត្តកែប។

ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤

គម្រោង​ព្រែកជីក​ហ្វូណន​តេជោ សាងសង់​ស្ទើទាំងស្រុង​លើតម្រាយខ្សែ​ផ្លូវទឹក​ធម្មជាតិ ​និងផ្លូវទឹក​បុរាណ​ដែលបាន​បន្សល់ទុក​តាំងពី​សម័យ​ហ្វូណន ក្នុងនោះ​ផ្លូវទឹក​ធម្មជាតិ​ដែលមានស្រាប់​មានប្រវែង ១៣៥ គីឡូម៉ែត្រ ផ្លូវទឹក​ជីកថ្មី​ប្រវែង ៧ គីឡូម៉ែត្រ និង ផ្លូវទឹក​ជីកតម្រង់​ប្រវែង ៣៨ គីឡូម៉ែត្រ។ ក្នុងនោះ កំណាត់​ទី១ មាន​ចម្ងាយ ២៦ គីឡូម៉ែត្រ (ពីព្រែក​តាកែវ​ទៅទន្លេ​បាសាក់) នឹងត្រូវ​វិនិយោគ ១០០% ដោយសហគ្រាស​សាធារណៈ ​និងក្រុមហ៊ុន​ក្នុងស្រុក រីឯ​កំណាត់ទី២ ដែលមាន​ចម្ងាយ ១៥៩ គីឡូម៉ែត្រ (ពីទន្លេ​បាសាក់​ខេត្តតាកែវ​រហូតដល់​ខេត្តកែប) នឹងត្រូវ​វិនិយោគ​រួមគ្នា​រវាង​សហគ្រាស​សាធារណៈ ក្រុមហ៊ុន​ក្នុងស្រុក ​និងក្រុមហ៊ុន​សារជីវកម្ម​ស្ពាន និងថ្នល់ (CRBC) នៃសាធារណរដ្ឋ​ប្រជាមានិតចិន។

គម្រោង​នេះនឹងត្រូវ​ប្រើពេល​សាងសង់ ៤៨ ខែ (៤ឆ្នាំ) នឹងគ្រោង​បញ្ចប់​នៅឆ្នាំ២០២៨ ដែលប្រើប្រាស់​ទុនវិនិយោគ​សរុប​ប្រមាណ ១,៧ ប៊ីលាន​ដុល្លារអាម៉េរិក៕

你可能还喜欢

评论被关闭。