សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារប្រទេសវៀតណាម

នារសៀល​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារជាមួយលោក  ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃសាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅវិមានសន្ដិភាព រាជធានី​ភ្នំពេញ។

ក្នុងឱកាស​នៃជំនួប លោក លោក  ហ្វាន វ៉ាន់ហ្សាង បានកោតសរសើរ​ចំពោះ​ការរីកចម្រើន​យ៉ាងឆាប់​រហ័ស​លើគ្រប់វិស័យ​របស់​កម្ពុជា និងជឿជាក់​ថាក្រោមការ​ដឹកនាំ​ប្រកប​ដោយភាព​ឈ្លាសវៃ​របស់​សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា​នឹងបន្ត​អភិវឌ្ឍ​រីកចម្រើន​កាន់តែ​ប្រសើរ​ថែមទៀត ហើយទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការ​រវាង​វៀតណាម​និងកម្ពុជា​នឹងកាន់តែ​រឹងមាំ​បន្ថែមទៀត។

លោក លោក  ហ្វាន វ៉ាន់ហ្សាង ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលបាន​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិការ​យ៉ាងល្អ​ក្នុងការ​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម និងបានធ្វើ​មាតុភូមិ​និវត្តន៍​ទៅប្រទេស​កំណើត​វិញ។ លោកក៏បាន​ជម្រាបជូន​សម្ដេចធិបតី​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃជំនួប​ជាមួយ​លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា និងបាន​បង្ហាញនូវ​ការប្ដេជ្ញាចិត្ត​ក្នុងការ​បន្ត​ពង្រឹង​និងពង្រីក​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ការពារជាតិ​ឱ្យកាន់តែ​រឹងមាំ​បន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែង​នូវការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​និងទំនាក់ទំនង​ដ៏ល្អ​ប្រសើរ​រវាង​ក្រសួង​ការពារជាតិ​នៃប្រទេស​ទាំងពីរ និងបាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​ការពារ​ប្រទេស​វៀតណាម​ដែលបានផ្ដល់​វគ្គបណ្ដុះបណ្ដាល​និងហ្វឹកហ្វឺន​ដល់នាយទាហាន​និង​សិក្ខាកាម​កម្ពុជា​នាពេល​កន្លងមក​ និងការសម្របសម្រួល​ដើម្បី​ធ្វើមាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​កងទ័ព​កម្ពុជា​មកកាន់​មាតុប្រទេស​វិញ​ និងត្រូវបាន​បញ្ចុះ​នៅតំបន់​ប្រវត្តិសាស្ត្រ​យោធា​តេជោ​កោះថ្ម X១៦។

សម្ដេចធិបតី​ក៏បាន​គូសបញ្ជាក់​ពីការ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ការពារ​ប្រទេស​វៀតណាម​ ក្នុងការ​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​នៅកម្ពុជា។ សម្តេច​ក៏បាន​លើកទឹកចិត្ត​ឱ្យក្រសួង​ការពារជាតិ​នៃប្រទស​ទាំងពីរ ​បន្ត​ជំរុញ​ការពង្រឹង​និងពង្រីក​ទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការ​ឱ្យកាន់តែ​ជិតស្និទ្ធ​ថែមទៀត តាមរយៈ​ការផ្ដួចផ្ដើម​ឱ្យមាន​សកម្មភាព​ថ្មីៗ​បន្ថែម​ទៀត៕

你可能还喜欢

评论被关闭。