គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូនិងបទពិសោធន៍ដែលបណ្តាប្រទេសនានារៀនសូត្រតាម

លោក Dev Rej Ghimire ប្រធាន​រដ្ឋសភា​នៃសាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេប៉ាល់​ បានលើកឡើងថា ដំណើរ​ស្វែងរក​សុខសន្ដិភាព​របស់​កម្ពុជា គឺជា​គំរូ ​និងបទពិសោធន៍​ដ៏ជោគជ័យ​មួយដែល​គួរតែ​ត្រូវបាន​ផ្សព្វផ្សាយ ​និងចែករំលែក​ទៅកាន់​បណ្ដា​ប្រទេស​នានា​នៅលើ​ពិភពលោក។

ការលើកឡើង​នេះធ្វើឡើង​នាឱកាស​ដែលលោក Dev Rej Ghimire បានដឹកនាំ​គណៈប្រតិភូ​ប្រធាន​សភា​នៃប្រទេស​ជាមិត្ត ចូលជួប​សម្ដែង​ការគួរសម ​និងពិភាក្សា​ការងារ​ជាមួយ​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នារសៀល​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមាន​សន្ដិភាព។

លោក Dev Rej Ghimire បានសម្ដែង​នូវការ​កោតសរសើរ​និងវាយតម្លៃខ្ពស់​ចំពោះ​ការរៀបចំ​ដ៏ល្អ​របស់​កម្ពុជា​ ក្នុងការ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សម័យ​ប្រជុំពេញអង្គ​សភា​អន្តរជាតិ ​ដើម្បី​ភាពអត់ឱន​និង​សន្តិភាព លើកទី១១ (IPTP 11)។ លោកក៏បាន​កត់សម្គាល់​ថា កម្ពុជា​ជាប្រទេស​ដែលធ្លាប់​រងគ្រោះ​ដោយសង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ និងបានឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍​ដ៏ខ្មៅងងឹត ប៉ុន្តែ​តាមរយៈ​ការទទួលបាន​សុខសន្ដិភាព​ពេញលេញ​ កម្ពុជា​បានកសាង​ប្រទេស​ឱ្យមាន​ការអភិវឌ្ឍ​និងរីកចម្រើន​លើគ្រប់​វិស័យ​ដូចសព្វថ្ងៃ​នេះ ដែលវា​មិនមែន​ជារឿង​ងាយស្រួល​នោះទេ។ ដំណើរ​ឈានទៅរក​ការរំដោះ​ប្រទេស​ពីរបប​ប្រល័យ​ពូជសាសន៍ និងដំណើរការ​នៃការស្វែងរក​សុខសន្ដិភាព​របស់​កម្ពុជា​ គឺជាគំរូ​និង​បទពិសោធន៍​ដ៏ជោគជ័យ​មួយ​ដែល​គួរតែ​ត្រូវបាន​ផ្សព្វផ្សាយ ​និងចែករំលែក​ទៅកាន់​បណ្ដា​ប្រទេស​នានា​លើពិភពលោក។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង​អំណរគុណ​ចំពោះ​លោក Dev Rej Ghimire និងគណៈប្រតិភូ IPTP ទាំងអស់​ដែលបាន​ចូលរួម​ក្នុងសម័យ​ប្រជុំ​ពេញអង្គ IPTP លើកទី១១ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ សម្ដេច​ក៏បាន​វាយតម្លៃខ្ពស់​ចំពោះ​តួនាទី​ដ៏មាន​សារៈសំខាន់​របស់ IPTP ដែលជា​វេទិកា​មួយដ៏ល្អ​សម្រាប់​ជួយ​កសាង​បណ្ដាញ​រវាង​ប្រទេស​ក្នុងតំបន់ ​និងសកលលោក ក៏ដូចជា​ការពង្រឹង​ទំនាក់​ទំនង​រវាង​សភា​និងសភា រដ្ឋាភិបាល​និងរដ្ឋាភិបាល ព្រមទាំង​រវាង​គណបក្ស​និងគណបក្ស សំដៅ​រួបរួមគ្នា​និងជួយគ្នា​ទៅវិញ​ទៅមក​ក្នុងពេល​ចាំបាច់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​គូសបញ្ជាក់​ពីដំណើរការ​នៃការស្វែងរក​សុខសន្ដិភាព ​និង​ការបង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា ដោយសម្ដេច​បានសង្កត់ធ្ងន់​ថា នៅពេល​អវត្តមាន​នូវសន្ដិភាព នោះប្រទេសជាតិ ​នឹងត្រូវ​បាន​បំផ្លិច​បំផ្លាញ តែនៅពេលដែល​ប្រទេសជាតិ​ទទួលបាន​សុខសន្ដិភាព​ពេញលេញ​ នោះប្រទេស​នឹងមានការ​រីកចម្រើននិងការអភិវឌ្ឍ​លើគ្រប់​វិស័យ៕

你可能还喜欢

评论被关闭。