១ ឆ្នាំសម្រាប់អាណត្តិថ្មី ក្រសួងដែនដីចុះបញ្ចីក្បាលដីទូទាំងប្រទេសបាន ៦៦%
អគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្រ្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានឱ្យដឹងថា ក្នុងរយៈពេល ១ ឆ្នាំនៃអាណត្តិថ្មី ក្រសួងបានវាស់វែងចុះបញ្ជីក្បាលដីទូទាំងប្រទេស និងផ្តល់កម្មសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យដល់ប្រជាពលរដ្ឋសម្រេចបាន ៦៦,១៩% ហើយ ចំណែកនៅសល់ ៣៣,៨១% ទៀតនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្តបានបង្ហាញលទ្ធផលការងារក្នុងរយៈពេល ១ ឆ្នាំ នៃអាណត្តិទី៧ ដោយគិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ការងារវាស់វែងចុះបញ្ចីក្បាលដីសម្រេចបាន ៣ ១៤៤ ៤៨៥ ក្បាលដី ស្មើនឹង ៦៦,១៩% ដោយក្នុងនោះក្បាលដីនៅសល់មិនទាន់វាស់វែងមានចំនួន ១ ៦០៥ ៥២២ ក្បាលដី ស្មើនឹង ៣៣,៨១% ដែលនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខ។
ចំពោះការចេញបណ្ណកម្មសិទ្ធិ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងចេញបណ្ណបាន ១ ០៣៤ ៦២៤ បណ្ណ ចុះបញ្ជីដីរដ្ឋតាមនីតិវិធីពិសេសបានចំនួន ៤៤ បណ្ណ ត្រៀមចេញបណ្ណចំនួន ៤ ៤២៣ បណ្ណជូនពលរដ្ឋដែលចាកចេញពីបុរាណដ្ឋាន ក្នុងក្រុងសៀមរាប និងប្រាសាទបាគង និង ២៤ បណ្ណជូនរដ្ឋតំណាងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
អគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្រ្ត បានកំណត់ការងារអាទិភាពក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ គឺការកាត់បន្ថយនិងលុបបំបាត់បញ្ហាចម្រូងចម្រាស់ក្នុងសង្គម ដោយក្នុងនោះផ្តោតលើ “ការចុះបញ្ជីដីធ្លី” ស្របតាមទិសស្លោក “ចុះបញ្ជីដីបង្ហើយ បរិយាកាសគ្មានវិវាទ សេវាគាប់ចិត្ត” ដើម្បីកាត់បន្ថយវិវាទ ផ្តល់សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយកម្មនៅកម្ពុជា៕
评论被关闭。