ព្រឹទ្ធសភាកម្ពុជាបោះឆ្នោតជ្រើសតាំងអនុប្រធានទី១ និងអនុប្រធានទី២ ថ្មី
នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រឹទ្ធសភាកម្ពុជាបានបើកសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី២ នីតិកាលទី៥ និងបោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២នៃព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងមានវត្តមានសមាជិកចំនួន ៥៨ រូបចូលរួម។
ជាលទ្ធផល លោក អ៊ុច បូររិទ្ធ ដែលជា (អតីត) អនុប្រធានទី២ព្រឹទ្ធសភា ត្រូវបានជ្រើសរើសជាអនុប្រធានទី១ ខណៈលោក ធន់ វឌ្ឍនា ត្រូវបានជ្រើសរើសជាអនុប្រធានទី២នៃព្រឹទ្ធសភា។
ការបោះឆ្នោតជ្រើសរើសតំណែងអនុប្រធានទី១ និងអនុប្រធានទី២នៃព្រឹទ្ធសភានេះ ធ្វើឡើងក្រោយលោក ប្រាក់ សុខុន អតីតអនុប្រធានទី១ ព្រឹទ្ធសភា ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លុបឈ្មោះលោក ពីសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោកត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យទៅកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ (តំណែងចាស់) ជំនួសលោក សុខ ចិន្តាសោភា តាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ដោយឡែក ក្រៅពីបោះឆ្នោតជ្រើសរើសអនុប្រធានទាំងពីរនៃព្រឹទ្ធសភា សម័យប្រជុំពេញអង្គក៏បានប្រកាសទទួលស្គាល់លោក ង៉ែត ចដ្តាវី ជាសមាជិកព្រឹទ្ធសភាថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ ជំនួសលោក ប្រាក់ សុខុន ព្រមទាំងបោះឆ្នោតជ្រើសរើសលោក យស ផានីត្តា ជាសមាជិកគណៈកម្មការទី២នៃព្រឹទ្ធសភា នីតិកាលទី៥ផងដែរ៕
评论被关闭。