លោក ហ៊ុន ម៉ានិត ប្រកាសចាត់ទុកបញ្ហាគ្រឿងញៀន ការឆបោកតាមអនឡាញ និង ឧក្រិដ្ឋកម្ម ជាសត្រូវដែលត្រូវតែកម្ចាត់ចោល

លោក ហ៊ុន​ ម៉ានិត មេបញ្ជាការ​រងកងទ័ព​ជើងគោក និងជា​អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃក្រសួង​ការពារជាតិ​បានថ្លែង​ថា បញ្ហា​គ្រឿងញៀន អំពើ​ឆបោក​តាមអនឡាញ និង ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត គឺជា​សត្រូវ​របស់​កងកម្លាំង ដែលដាច់ខាត​ត្រូវតែ​កម្ចាត់ចោល។

លោក ហ៊ុន​ ម៉ានិត បានថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុងទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ៥៣ ដែលជា​អំណោយ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងលោកជំទាវ​បណ្ឌិត និងពិធី​ប្រគល់​អាវរងារ​ដែលជា​អំណោយ​របស់​សម្ដេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និងសម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់​កងកម្លាំង​ប្រដាប់​អាវុធ​ដែលកំពុង​ឈរជើង​នៅទិស​យោធភូមិភាគ​ទី៥។

លោកបាន​សង្កត់​ធ្ងន់​ថា បញ្ហា​គ្រឿងញៀន ការឆបោក​តាមប្រព័ន្ធ​អនឡាញ និង ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត គឺជា​ខ្មាំងសត្រូវ​របស់​យើង​ទាំងអស់គ្នា ដាច់ខាត​ត្រូវតែ​កម្ទេចចោល។ យើងត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា រួមគ្នា​ទទួល​ខុសត្រូវ សូមកុំ​រួមគ្នា​ចិញ្ចឹម​បញ្ហា។ ជាមួយគ្នានេះ លោកក៏បាន​ថ្លែងអំណរគុណ​ចំពោះ​កងកម្លាំង​ប្រដាប់​អាវុធ​ដែលឈរជើង​នៅតាម​បណ្តោយ​ព្រំដែន  ដែលបាន​ប្រឹងប្រែង ​និងសហការគ្នា​យ៉ាងល្អ ក្នុងការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដូចជាការជួញដូរ​គ្រឿងញៀន ការជួញដូរ​អាវុធ និង ការជួញដូរ​មនុស្ស​ខុសច្បាប់​ជាដើម។

លោក ហ៊ុន ម៉ានិត ក៏បាន​ថ្លែងអំណរគុណ​ជាពិសេស​ដល់ថ្នាក់ដឹកនាំ​អង្គភាព ​និងយោធិន​ទាំងអស់​ ដែលបាន​លះបង់​កម្លាំងកាយចិត្ត ក្នុងការ​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ការពារ​សុខសន្តិភាព ព្រមទាំង​បានចូលរួម​យ៉ាងសកម្ម​ក្នុងការងារ​មនុស្សធម៌ និងជួយសង្គ្រោះ​ប្រជាជន​ក្នុងគ្រា​ជួបគ្រោះ​មហន្តរាយ​ផ្សេងៗ៕

你可能还喜欢

评论被关闭。