សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាឈរនៅ​ខាងអ្នក​ធុរកិច្ចជានិច្ច តាមរយៈការជួយគាំទ្រគ្រប់ជំហាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​​កម្ពុជា​​បាន​ប្រកាស​ថា រាជរដ្ឋាភិបាល​​ឈរ​នៅ​ខាង​អ្នកធុរកិច្ច​ជានិច្ច តាមរយៈ​​ការជួយ​គាំទ្រ​​ដល់​គ្រប់​ជំហាន​​និង​គ្រប់​​មធ្យោបាយ​​ដល់រាល់​​អាជីវកម្ម​​និង​ការវិនិយោគ​​នៅក្នុង​ប្រទេស​កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាស​​បែបនេះ​នៅក្នុង​ពិធី​បើកកិច្ចប្រជុំ​កំពូល​ស្តីពី​​សេដ្ឋ​កិច្ច​​និង​បច្ចេកវិទ្យា​​ចិន​​ជាសកល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ​សូហ្វីតែល រាជធានី​ភ្នំពេញ។

សម្ដេចធិបតី​​បានថ្លែង​​បញ្ជាក់​យ៉ាងច្បាស់​​ថា រាជរដ្ឋាភិបាល​​កម្ពុជា​​គឺឈរ​នៅខាង​អ្នក​ធុរកិច្ច​ជានិច្ច ហើយយើង​តែងតែនៅជួយ​គាំទ្រ​​ដល់អ្នក​ធុរកិច្ច​គ្រប់ជំហាន។ នៅក្នុង​​អាណត្តិ​​រាជរដ្ឋាភិបាល នីតិកាល​ទី៧ នេះ បានបន្ថែម​​វិស័យ​​បច្ចេកវិទ្យា​​ដែល​ជា​ធាតុផ្សំ​ថ្មីបន្ថែម​​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ​ ដំណាក់កាល​ទី១ សំដៅ​ធ្វើពិពិធកម្ម​ និងទំនើបកម្ម​ឧស្សាហកម្ម​​របស់​​កម្ពុជា ដែលពឹងផ្អែក​​លើ​ជំនាញ​ និងចំណេះដឹង។

ក្នុងនាមជា​នាយករដ្ឋមន្ត្រី សម្ដេចធិបតី​បាន​បង្ហាញ​​ការប្ដេជ្ញា​ចិត្ត ​និងបាន​សន្យា​ថា រាជរដ្ឋាភិបាល​​កម្ពុជា​​នឹងបន្ត​គាំទ្រ​ដល់​ជោគជ័យ​​របស់​​អ្នក​ធុរកិច្ច ​និងវិនិយោគិន​​ទាំងអស់ តាម​គ្រប់​មធ្យោបាយ​​ដែល​អាច​ធ្វើទៅបាន ហើយទ្វារ​​របស់​​កម្ពុជា​​តែងតែ​​បើកចំហ​​ជានិច្ច។ ដោយសម្តេច​​បានសង្កត់​ធ្ងន់​ថា វត្តមាន​​របស់​ធុរកិច្ច​​និង​​វិនិយោគិន​​នឹង​ក្លាយ​ជា​​ផ្នែក​មួយ​​នៃ​ដំណើរ​ការ​ក្នុង​ការ​​ផ្លាស់ប្តូរ​​របស់​​កម្ពុជា​​នៅក្នុង​ផ្នែក​បច្ចេកវិទ្យា ថាមពល​​បៃតង នវានុវត្តន៍​​ឌីជីថល ឬ​ការ​​បណ្តាក់​ទុន​ផ្សេងទៀត គឺកម្ពុជា​​ត្រៀមខ្លួន​​រួច​ជាស្រេច​ ​ដើម្បី​​ធ្វើ​ជាដៃគូ​​ក្នុង​ភាព​​ជោគជ័យ​​របស់​​អ្នកធុរកិច្ច​​និង​វិនិយោគិន។

សម្ដេចធិបតី​​បាន​បញ្ជាក់​​ទៅកាន់​​អង្គប្រជុំ​​ពីការ​​ប្រកាន់​​ជំហរ​​របស់​​រាជរដ្ឋាភិបាល​​កម្ពុជា ដែល​ចាត់ទុក​​ធុរកិច្ច​​និង​​វិនិយោគិន​ជា​តួអង្គ​​ដ៏សំខាន់​ក្នុង​ការ​ជំរុញ​​កំណើន​សេដ្ឋកិច្ច ខណៈ​តួនាទី​របស់​រដ្ឋាភិបាល​ គឺអ្នកបង្កើត​បរិយាកាស​អំណោយផល ដែលធុរកិច្ច​អាចរីកចម្រើន ភាពជឿនលឿន ហើយកំណើន​សេដ្ឋកិច្ច​ទទួលបាន​ការថែទាំ។

បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​​ក៏​បាន​បង្កើត​​យន្តការ​កម្រិតខ្ពស់​​ចំនួនពីរ ដែល​ជា​យន្តការ​ផ្ទាល់​​របស់​​សម្តេច​​ក្នុង​ការ​គាំទ្រ​ដល់​អាជីវកម្ម ទី១ គឺគណៈកម្មាធិការ​ផ្តល់យោបល់​លើគោលនយោបាយ​​ពាណិជ្ជកម្ម ដែលធ្វើការ​​ជាអ្នក​គិតគូរ​​ផ្នែកយុទ្ធសាស្ត្រ​​របស់​​រាជរដ្ឋាភិបាល តាមដាន​​និន្នាការ​​សកល​​និង​ធានា​​ឱ្យគោលនយោបាយ​​នៅតែ​​មានភាព​ប្រកួត​ប្រជែង។ ទី២ គឺគណៈ​កម្មាធិការ​​ជំរុញ​​ការ​ដោះស្រាយ​​វិវាទ​​វិស័យ​​ឯកជន ដែល​ធ្វើ​ការ​​ដោះស្រាយ​​បញ្ហា​​យ៉ាង​ឆាប់​​រហ័ស​​និង​មាន​​ប្រសិទ្ធភាព។

សម្តេច​​ក៏​បាន​​លើក​ឡើង​​អំពី​​ភាពចាំបាច់​​ក្នុងការ​​ថែរក្សា​​សុខសន្តិភាព​​និង​ស្ថិរភាព​​នយោបាយ​​នៅក្នុង​​ប្រទេស​​កម្ពុជា ព្រោះ​​វា​ជា​មូលដ្ឋាន​គ្រឹះ​​ក្នុង​ការ​​ធានា​​សុវត្ថិ​ភាព​​ដល់​ធុរកិច្ច​​និង​ការ​វិនិយោគ​ទាំងក្នុងស្រុក​​និងក្រៅស្រុក និង​ជំរុញ​​ការ​អភិវឌ្ឍ​​និង​រីកចម្រើន​​ប្រកប​​ដោយ​ចីរភាព​​និង​វិបុលភាព៕

你可能还喜欢

评论被关闭。